ជាតិ
សង្គមជាតិ
អាស៊ាន
ប្រធានអាស៊ាន ត្រូវកំណត់ដូចម្ដេច?
10, Nov 2022 , 10:29 pm        
រូបភាព
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសមាជិក១០ប្រទេស។ ក្នុងនោះមានព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ដែលត្រូវប្ដូរវេនធ្វើជាប្រធានអាស៊ានជារៀងរាល់ឆ្នាំ។ ដើម្បីធ្វើជាប្រធានអាស៊ាន តើគេកំណត់បែបណាខ្លះ?

 
តាមមាត្រា៣៤ នៃធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលកំណត់ប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការ តំណែងជាប្រធានអាស៊ាន កំណត់ផ្លាស់ប្ដូរទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេស (ឈ្មោះប្រទេស) របស់រដ្ឋសមាជិក។
 
ជាក់ស្តែងក្នុងឆ្នាំ២០២២ កម្ពុជា (Cambodia) ធ្វើជាប្រធានអាស៊ាន ខណៈកាលពីឆ្នាំ២០២១ (Brunei) បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលនានារួចមកហើយ។ តំណែងជាប្រធានអាស៊ាននេះ មានរយៈពេលមួយឆ្នាំពេញ ដូច្នេះនៅឆ្នាំ២០២៣ តំណែងជាប្រធានអាស៊ាន នឹងប្តូរទៅឥណ្ឌូណេស៊ី (Indonesia) និងបន្តផ្លាស់ប្ដូរជារៀងរាល់ឆ្នាំទៅរដ្ឋសមាជិកដទៃទៀតមាន ឡាវ (Lao), ម៉ាឡេស៊ី (Malaysia), មីយ៉ាន់ម៉ា (Myanmar), ហ្វីលីពីន (Philippine), សិង្ហបុរី (Singapore), ថៃ (Thailand) និង វៀតណាម (Vietnam)។
 
យ៉ាងណាមិញ ក្នុងករណីខ្លះ តំណែងប្រធានអាស៊ាន ក៏អាចផ្លាស់ប្ដូរ ដោយរំលងការកំណត់នេះដែរ បើមានបញ្ហាដែលមិនទាន់អាចដឹកនាំកិច្ចប្រជុំបានដូចជាការត្រៀមខ្លួនមិនទាន់ជាដើម។
 
ក្នុងមាត្រា៣១ និងមាត្រា៣២ នៃរដ្ឋធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ រដ្ឋសមាជិកដែលជាប្រធានអាស៊ានត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដើម្បីលើកស្ទួយផលប្រយោជន៍ និងសុខុមាលភាពអាស៊ាន តាមរយៈការផ្ដួចផ្ដើមគោលនយោបាយ សម្របសម្រួល កុងសង់ស៊ីស និងសហប្រតិបត្តិការ។
 
ប្រធានអាស៊ាន ត្រូវធានាភាពជាស្នូលរបស់អាស៊ាន និងធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាបន្ទាន់ ឬសភាពការណ៍ដែលមានវិបត្តិប៉ះពាល់ដល់អាស៊ាន ដើម្បីផ្ដល់ការសម្រួល និងដោះស្រាយបញ្ហាទាំងនោះ។ ក្នុងមាត្រា៣២ដដែល ប្រធានអាស៊ានមានតួនាទីតំណាងឱ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូក្រៅតំបន់ផងដែរ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ស៊ូហារតូ បានដឹកនាំកិច្ចប្រជុំអាស៊ានមុនគេនៅឆ្នាំ១៩៧៦។ ហើយនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ដែលត្រូវដឹកនាំកិច្ចប្រជុំនៅឆ្នាំ២០២២នេះ ក៏ធ្លាប់ដឹកនាំកិច្ចប្រជុំពីររួចហើយនៅឆ្នាំ២០០២ និងឆ្នាំ២០១២៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com