ជាតិ
អភិបាលខេត្តបាត់ដំបង រំពឹងលើ​QR Code ផែនទីទេសចរណ៍ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន
07, Sep 2022 , 6:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
ដោយ:
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់ឱ្យប្រើប្រាស់QR Code ផែនទីទេសចរណ៍ខេត្តបាត់ដំបង ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការស្វែងរកព័ត៌មានទេសចរណ៍ពីរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង។ តាមរយៈផែនទីទេសចរណ៍នេះ លោក សុខ លូ រំពឹងថាខេត្តបាត់ដំបង និងមានកំណើនភ្ញៀវទេសចរ។


ទេសចរជាតិ និងអន្តរជាតិដែលចង់ទៅកម្សាន្តនៅខេត្តបាត់ដំបង មិនបាច់បារម្ភពីកង្វះព័ត៌មានពីរមណីយដ្ឋានទេសចរណ៍ ឬកន្លែងកម្សាន្តទៀតឡើយ ដោយទេសចរអាចប្រើប្រាស់ផែនទីទេសចរណ៍ខេត្តបាត់ដំបង តាមរយៈការស្កេន QR Code។ QR Code នោះនឹងបង្ហាញព័ត៌មាននានា ជុំវិញកន្លែងកម្សាន្តនៅក្នុងខេត្តបាត់ដំបង ដូចជាសណ្ឋាគារ អាហារដ្ឋាន និងប្រវត្តិពីរមណីយដ្ឋានទេសចរណ៍មួយចំនួន។


លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីដាក់ឱ្យប្រើប្រាស់QR Code ផែនទីទេសចរណ៍ខេត្តបាត់ដំបង។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង​

ក្នុងពិធីផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ផែនទីទេសចរណ៍ខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងថា QR Code ផែនទីទេសចរណ៍ ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងសក្តានុពលទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។ អភិបាលខេត្តបាត់ដំបង រំពឹងថាផែនទីទេសចរណ៍មួយនេះនឹងអាចជាផ្នែកមួយទាក់ទាញទេសចរទៅខេត្តបាត់ដំបងកាន់តែច្រើន ដែលអាចជំរុញសេដ្ឋកិច្ចក្នុងខេត្តមួយនេះ។
 
សូមជម្រាបថា QR Code ផែនទីទេសចរណ៍ខេត្តបាត់ដំបង បានបែកចែកច្បាស់លាស់ពីព័ត៌មានពាក់ព័ន្ធនឹងកន្លែងស្នាក់នៅ អាហារដ្ឋាន និងកន្លែងកម្សាន្ត មានន័យថាភ្ញៀវទេសចរមានងាយស្រួលក្នុងការជ្រើសរើសសេវាកម្មដែលពួកគេចង់បាន។ ជាក់ស្ដែង ក្នុងមាតិកាតំបន់ទេសចរណ៍ មានបែកចែកជា ៥ផ្នែកផ្សេងគ្នា គឺរមណីយដ្ឋានទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ តំបន់គោលដៅទេសចរណ៍ ទេសចរណ៍សាសនា និងកសិ-ទេសចរណ៍៕
 

Tag:
 បាត់ដំបង
  ផែនទីទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com