ជាតិ
អភិបាលខេត្តបាត់ដំបង រំពឹងលើQR Code ផែនទីទេសចរណ៍ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន 07, Sep 2022 , 6:59 pm

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
×![]()
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់ឱ្យប្រើប្រាស់QR Code ផែនទីទេសចរណ៍ខេត្តបាត់ដំបង ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការស្វែងរកព័ត៌មានទេសចរណ៍ពីរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង។ តាមរយៈផែនទីទេសចរណ៍នេះ លោក សុខ លូ រំពឹងថាខេត្តបាត់ដំបង និងមានកំណើនភ្ញៀវទេសចរ។
ទេសចរជាតិ និងអន្តរជាតិដែលចង់ទៅកម្សាន្តនៅខេត្តបាត់ដំបង មិនបាច់បារម្ភពីកង្វះព័ត៌មានពីរមណីយដ្ឋានទេសចរណ៍ ឬកន្លែងកម្សាន្តទៀតឡើយ ដោយទេសចរអាចប្រើប្រាស់ផែនទីទេសចរណ៍ខេត្តបាត់ដំបង តាមរយៈការស្កេន QR Code។ QR Code នោះនឹងបង្ហាញព័ត៌មាននានា ជុំវិញកន្លែងកម្សាន្តនៅក្នុងខេត្តបាត់ដំបង ដូចជាសណ្ឋាគារ អាហារដ្ឋាន និងប្រវត្តិពីរមណីយដ្ឋានទេសចរណ៍មួយចំនួន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងពិធីដាក់ឱ្យប្រើប្រាស់QR Code ផែនទីទេសចរណ៍ខេត្តបាត់ដំបង។ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
ក្នុងពិធីផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ផែនទីទេសចរណ៍ខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង លើកឡើងថា QR Code ផែនទីទេសចរណ៍ ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងសក្តានុពលទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។ អភិបាលខេត្តបាត់ដំបង រំពឹងថាផែនទីទេសចរណ៍មួយនេះនឹងអាចជាផ្នែកមួយទាក់ទាញទេសចរទៅខេត្តបាត់ដំបងកាន់តែច្រើន ដែលអាចជំរុញសេដ្ឋកិច្ចក្នុងខេត្តមួយនេះ។
សូមជម្រាបថា QR Code ផែនទីទេសចរណ៍ខេត្តបាត់ដំបង បានបែកចែកច្បាស់លាស់ពីព័ត៌មានពាក់ព័ន្ធនឹងកន្លែងស្នាក់នៅ អាហារដ្ឋាន និងកន្លែងកម្សាន្ត មានន័យថាភ្ញៀវទេសចរមានងាយស្រួលក្នុងការជ្រើសរើសសេវាកម្មដែលពួកគេចង់បាន។ ជាក់ស្ដែង ក្នុងមាតិកាតំបន់ទេសចរណ៍ មានបែកចែកជា ៥ផ្នែកផ្សេងគ្នា គឺរមណីយដ្ឋានទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ តំបន់គោលដៅទេសចរណ៍ ទេសចរណ៍សាសនា និងកសិ-ទេសចរណ៍៕
Tag:
បាត់ដំបង
ផែនទីទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com