ដោយ៖ ទួន លីម(យុវជនឃុំកណ្តោល)
ស្រុកបូទុមសាគរ, កោះកុង៖ នៅក្នុងឃុំកណ្ដោល ដែលស្ថិតនៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង មានប្រជាពលរដ្ឋចំនួន ១ ០៤៦គ្រួសារ ដែលភាគច្រើនប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ ក្នុងចំណោមគ្រួសារសរុបនៅក្នុងឃុំ មានពលរដ្ឋចំនួន ៣៤១គ្រួសារ មានបណ្ណក្រីក្រ ក្នុងនោះបណ្ណក្រីក្រប្រភេទ១ មានចំនួន ១៣១បណ្ណ និងប្រភេទ២ មានចំនួន ២១០ គ្រួសារ។ បើតាមអ្នកស្រី ង៉ែ ដា ជាជំទប់ទី១ នៅក្នុងឃុំកណ្ដោល ភាគច្រើនអ្នកដែលទទួលបានបណ្ណក្រីក្រជា ចាស់ជរា ជនមានពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ និងអ្នកមានជំងឺប្រចាំកាយជាដើម។
អ្នកស្រី ង៉ែ ដា ពន្យល់បន្ថែមថា ៖«បណ្ណក្រីក្រគឺមាន ២ ប្រភេទ ដែលទី១ គឺក្រមួយដែលសំដៅទៅលើគ្រួសារដែលគាត់មានជីវភាពខ្វះខាតខ្លាំង ដែលភាគច្រើនគឺផ្ដោតទៅលើចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា ដែលអាចមានអទិភាពផ្ដល់បណ្ណក្រីក្រជូនពួកគាត់បាន ហើយ។ ចំពោះក្រ២ វិញគឺពួកគាត់មានគ្រួសារ មានផ្ទះសម្បែងសមរម្យ ប៉ុន្តែជូនកាលពួកគាត់មានជីវភាពខ្វះខាត រកចំណូលអត់បាន ឬក៏អាចមានសមាជិកក្នុងគ្រួសារណាម្នាក់ មានជំងឺ ដែលអាចផ្ដល់បណ្ណក្រ២ ជូនពួកគាត់បាន»។

អ្នកស្រី ង៉ែ ដា ជំទប់ទៅ១ ឃុំកណ្តោល នៃស្រុកបូទុមសាគរ ខេត្តកោះកុង។
អ្នកស្រី ង៉ែ ដា បន្តទៀតថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពលរដ្ឋដែលមានបណ្ណក្រីក្រថយចុះ ប្រមាណ ៥០បណ្ណ មូលហេតុដោយសារក្រុមការងារមិនបានប្រាប់ទៅពលរដ្ឋដែលគាត់មានបណ្ណក្រីក្រ ទើបពួកគាត់អាចគិតថាប្រហែលជា រដ្ឋាភិបាលផ្ដាច់ប្រាក់ឧបត្ថម្ភសម្រាប់ពួកគាត់ គាត់អត់ដឹងថាក្នុងមួយជុំ មានរយៈពេលបីឆ្នាំ ដែលពួកគាត់អាចដាក់ពាក្យស្នើសុំសម្ភាសន៍ម្ដងទៀតដែលវាអាចនឹងជាប់ ។
ជុំវិញការផ្តល់បណ្ណក្រីក្រ អ្នកស្រីជំទប់ឃុំអះអាងថា បានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយអ្នកដែលទទួលបានបណ្ណនេះ គឺជាពលរដ្ឋដែលក្រីក្រ លំបាក ពិតប្រាកដ។ «និយាយរួមទៅ ការផ្ដល់នឹងគឺប្រព្រិត្តទៅជាក់ស្ដែង គឺយើងមិនប្រកាន់ ទៅលើបក្សពួក ឬបុគ្គលនិយមអីទេ។ ជាក់ស្ដែងគឺសម្ភាសន៍អីផ្ទាល់ ពេលគាត់មកដាក់ពាក្យស្នើសុំ គឺយើងចុះសម្ភាសន៍ផ្ទាល់ ជាប់ឬមិនជាប់ គឺវាអាស្រ័យទៅលើជាក់ស្ដែង ដែលយើងចុះទៅផ្ទាល់»។ នេះជាការពន្យល់របស់អ្នកស្រី ង៉ែ ដា ជំទប់ទី១ ឃុំកណ្តោល។
អ្នកស្រីបានពន្យល់ទៀតថា បណ្ណក្រីក្រនេះ ពលរដ្ឋដែលមានបណ្ណក្រីក្រ អាចទៅពិនិត្យសុខភាព ឬព្យាបាលជំងឺនៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដោយឥតគិតថ្លៃ ហើយពួកគាត់ក៏ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។ ដើម្បីកាត់បន្ថយអត្រាភាពក្រីក្រនៅក្នុងឃុំ អ្នកស្រី ង៉ែ ដា បានអះអាងថា អាជ្ញាធរ បានខិតខំផ្តល់ការបណ្ដុះបណ្ដាលជំនាញផ្សេងៗដូចជា ការចិញ្ចិមសត្វ ដាំដំណាំជាដើម។ លើសពីនេះ អាជ្ញាធរ ក៏នឹងស្វែងរកក្រុមហ៊ុន ឬបណ្តាអង្គការនានា ដើម្បី ផ្តល់ឱកាសការងារដល់ពួកគាត់ផងដែរ។
លោកយាយ វិត ឡឹង វ័យ៨០នាំ ជាពលរដ្ឋដែលរស់នៅក្នុងភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ លោកយាយ ទទួលបានបណ្ណក្រីក្រប្រភេទទី២ ប្រមាណ២ឆ្នាំ ហើយ។ បើតាមស្ត្រីចំណាស់រូបនេះ ទន្ទឹមនឹងទទួលបានថវិកាចំនួន ១៧ម៉ឺនជារឿងរាល់ខែ លោកយាយក៏ទទួលបានគ្រឿងឧបភោគ បរិភោគដូចជា អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវមួយចំនួនដែរ ពីសប្បុរសជន និងអាជ្ញាធរឃុំ។ ពលរដ្ឋក្រីក្ររូបនេះ ក៏ទទួលបានការពិនិត្យ ព្យាបាលសុខភាព យ៉ាងយកចិត្តទុកដាក់ពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដោយឥតគិតថ្លៃផងដែរ។

លោកយាយ វិត ឡឹង មានវ័យ៨០ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ដែលកំពុងកាន់កាប់បណ្ណក្រីក្រប្រភេទទី២។
លោកយាយ តូច សាវ ជាពលរដ្ឋក្រីក្រមួយរូបទៀត ដែលកំពុងរស់នៅក្នុងភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ មានវ័យ ៨១ឆ្នាំ លោកយាយ តូចសាវ ទទួលបាលបណ្ណក្រីក្រប្រភេទទី១ ហើយស្ត្រីចំណាស់រូបនេះ ទទួលបានថវិកាចំនួន២០ម៉ឺនរៀលក្នុងមួយខែ។

លោកយាយ វិត ឡឹង ជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ដែលកំពុងកាន់កាប់បណ្ណក្រីក្រប្រភេទទី១។
ក្រៅពីនោះ ក៏មានជំនួយផ្សេងៗទៀតជាគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។ ដូចគ្នានឹងលោកយាយ វឹត ឡឹងដែរ ការទៅពិនិត្យសុខភាព ឬព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ គឺដូនចាស់ ទូច សាវ ទទួលបានការយកចិត្តទុកដាក់ និងផ្ដល់សេវាបានល្អ ពីគ្រូពេទ្យ៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)