ជាតិ
រថយន្ត
រថយន្តបុរាណម៉ាក់ Jeep ផលិតនៅចិន ៣គ្រឿង មានវត្តមាននៅរមណីយដ្ឋាន​កែច្នៃ​ស្កាយលែន
12, Sep 2022 , 7:29 pm        
រូបភាព
កណ្តាល៖ លោក​ ស្រី ចាន់ថន ប្រមូល​ម៉ូតូ៥គ្រឿង និង​រថយន្ដ១៥គ្រឿង ដើម្បីតាំង​ឱ្យ​សា​ធារ​ណជនទស្សនា នៅរមណីយដ្ឋានធម្មជាតិកែច្នៃ​ស្កាយលែន ដែលស្ថិត​នៅឃុំវិហារសួគ៌ ស្រុកខ្សាច់​កណ្ដា​​ល ខេត្ត​កណ្ដាល។ ក្នុង​នោះ​មានម៉ូតូម៉ាក BMW HARLEY-DAVIDSON និង ROYAL ENFIELD ៥​គ្រឿង ឡាន​ទំនើប​ម៉ាក BRP, CHEVROLET, ​TOYOTA, MAZDA MERCEDES និង REZVANI ៧គ្រឿង ហើយរថយន្ដ​បុរាណ៨គ្រឿង ម៉ាក PACKARD ១គ្រឿង FORD ២គ្រឿង TOYOTA ១​គ្រឿង M  ១គ្រឿង និង BJC ៣​គ្រឿង​​។
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
BJC ជា​អក្សរ​ពេញ គឺ Beijing JEEP Corporation ដែល​បកប្រែ​ជា​ភាសា​ខ្មែរថា ក្រុមហ៊ុន JEEP នៃ​ក្រុង​ប៉េកាំង។ រថយន្ដម៉ាក​ចិន BJC ៣គ្រឿងខាងលើ មានប្រភេទ 北京212 ពណ៌ប្រផេះ ១គ្រឿង ផលិត​នៅចន្លោះ​ឆ្នាំ​១៩៨៤ និង​ឆ្នាំ​១៩៨៦។ ប្រភេទ 北京2020 ពណ៌ក្រហម ១គ្រឿង និង​ពណ៌​ខៀវ ១គ្រឿង ដោយរថយន្តទាំង២គ្រឿងនេះ ​​ប្រហែលផលិត​ឆ្នាំ​១៩៩០។ 北京 គ្រាន់តែ​មាន​ន័យ​ថា JEEP នៃ​ក្រុង​ប៉េកាំង ហើយគេ​ប្រើ​ឈ្មោះ​នេះ​តាំងពី​២០ឆ្នាំ មុនទទួលសិទ្ធិ​អនុញ្ញាត​ជាផ្លូវការ​ពី​ក្រុមហ៊ុនអាម៉េរិកាំង JEEP ។ 
 

តាម​ពិត 北京212 និង 北京2020 ជា​ប្រភេទ​តែ​មួយ តែ​ជំនាន់​ខុស​គ្នា។ វាត្រូវបាន​ផលិត​ឡាន​ប្រភេទ 北京212 ពី​ឆ្នាំ​១៩៦៥ រហូត​ដល់​ឆ្នាំ​១៩៨៦ ហើយពីឆ្នាំ​១៩៨៦ រហូត​ដល់​ឆ្នាំ២០០៥ ​បាន​ផលិត​ឡាន​ប្រភេទ 北京2020វិញ។ តាម​ពិត គេ​បន្ត​ផលិត​រថយន្ដ​ប្រភេទ​នេះ ​ត​ទៀត រហូត​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​​មាន​ឈ្មោះ​ផ្សេង។ តាំង​ពី​ដំបូង ឆ្នាំ​១៩៦៤ វិស្វករ​របស់ក្រុមហ៊ុន BAW បាន​ច្នៃប្រឌិតរថយន្ដ​បង្វិល​កង់ទាំង៤ ដែលមានទម្ងន់ស្រាល​ល្មម ដោយ​ចម្លងតាមប្រភេទ​រថយន្ដ​​សូវៀត УАЗ-469 តែម្ដង។ វា​បាន​ក្លាយ​ទៅ​ជា​ប្រភេទ 北京212 ហើយប្រភេទ 北京2020 បន្ទាប់​ពី​បាន​​សហការជាផ្លូវការ ជាមួយ​ក្រុមហ៊ុន​អាម៉េរិកាំង JEEP និង​យក​ឈ្មោះ BJC វិញ។ នេះ​ជា​មូលហេតុដែល​ធ្វើ​ឱ្យឡាន​ប្រភេទ 北京2020 វា​ស្រដៀង​ប្រភេទ 北京212 គ្រាន់តែខាងមុខមាន​ប៉ាណា​ ដូច​ប៉ាណាឡានមាក JEEP ប្រភេទ Cherokee ។
 
 
រថយន្ដ​ប្រភេទ 北京212 និង 北京2020 ត្រូវ​បាន​នាំ​ចេញ​ខ្លះ​ទៅ​ ៨ប្រទេស ដូចជា អាល់បានី គុយបា ឆាដ លីបី កូរ៉េ​ខាង​ជើង ប៉ាគីស្ថាន ស៊ីរី និង​វៀតណាម។ 北京212 និង 北京2020 មួយ​ចំនួន​ធំ បាន​បម្រើ ឬ​កំពុង​តែ​បម្រើការក្នុងវិស័យ​​យោធា។
 


ក្រុម​ហ៊ុន ដែល​បាន​ផលិត 北京212 និង 北京2020 បាន​ដូរ​ឈ្មោះ​ច្រើន​ដង។ តាំង​ពី​ឆ្នាំ​១៩៦១ រហូត​ដល់​ឆ្នាំ​១៩៨៤ មាន​ឈ្មោះ​ថា BAW ។ ពី​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​២០០៥ មាន​ឈ្មោះ​ថា BJC ។ ឆ្នាំ​២០០៥ ដោយសារ​ត្រូវ​សហការ​ជា​មួយ​ក្រុមហ៊ុនរថយន្ដ​អាល្លឺម៉ង់ MERCEDES-BENZ វិញ វា​ដូរ​ឈ្មោះ​ទៅ​ជា​ Beijing BENZ ។ ពេល​បច្ចុប្បន្ន ក្រុម​ហ៊ុន​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​សម្ព័ន្ធ ​Beijing Automobile Works ៕
 

Tag:
 យានយន្ត
  រថយន្ត
 ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com