រថយន្ត
អន្តរជាតិ
ការសិក្សា៖ រថយន្តអគ្គិសនី​មួយគ្រឿងអាចធ្វើ​ឲ្យ​ការ​លក់គ្រឿងផ្គុំ​យានយន្តធ្លាក់​ចុះ​៣០​ភាគរយ
05, Dec 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
ខណៈពិភពលោក​បោះជំហាន​ឆ្ពោះទៅ​រក​ការប្រើ​ប្រាស់​រថយន្តអគ្គិសនី ក្រុម​អ្នក​ផលិត​យានយន្ត​ក៏ត្រូវប្រឈម​នឹង​បញ្ហាមួយទៀត​ផងដែរ។ ការ​សិក្សាមួយ​​របស់​ក្រុម​ហ៊ុន​ Roland Berger រថយន្ត​អគ្គិសនី​១០០ភាគរយ​មួយគ្រឿង ធ្វើ​ឲ្យ​បាត់បង់ទីផ្សារ​នៃគ្រឿង​ផ្គុំ ឬគ្រឿង​បន្លាស់​យានយន្ត​​៣០ភាគរយ។
 
ក្រុមហ៊ុន​គ្រប់គ្រង​ការប្រឹក្សាយោបល់​អន្តរជាតិ​ដែលមានមូលដ្ឋាននៅ​ក្រុងមុយនិច ប្រទេសអាល្លឺម៉ង់មួយនេះ បាន​គូស​បញ្ជាក់ថា តួលេខ​ក្នុងទីផ្សារសាកល​ទាក់ទ​ង​នឹង​គ្រឿង​ផ្គុំ​យានយន្ត អាច​ថយចុះពី​១៣ ទៅ​១៧ភាគរយ ពីពេលនេះ រហូត​ដល់​ឆ្នាំ​២០៤០។ នេះជាការ​ធ្លាក់ចុះ​ដ៏​គួរឲ្យ​កត់សម្គាល់ បើប្រៀបធៀប​ទៅ​នឹងកម្រិត​មុន​ការ​រាលដាល​កូវីដ-១៩ ចាប់ពី​ឆ្នាំ២០១៩។
 
តាមពិត​ទៅ វាមិនមែនជារឿងដ៏គួរឲ្យ​ភ្ញាក់​ផ្អើលនោះឡើយ ព្រោះ​សមាសធាតុមេកានិច ម៉ូទ័រអគ្គិសនី មាន​លក្ខណៈសាមញ្ញ​ជាង​ឧបករណ៍​ចំហេះ។ បញ្ហាទាំងនេះ ភាគ​ច្រើនពាក់ព័ន្ធនឹងក្រុមហ៊ុន​ផលិត​ប្រអប់លេខ ប្រព័ន្ធ​ផ្សេងៗ ដោយរួមទាំង​ម៉ាស៊ីន​ចំហេះ ខណៈ​ចង្កៀងមុខ ឬ​កញ្ចក់​ ទំនងជាមិន​រងផល​ប៉ះពាល់ខ្លាំងនោះឡើយ។
 
រថយន្តអគ្គិសនី​បង្ហាញ​វត្តមាន​១០​ភាគរយ​រួចទៅ​ហើយ​នៅលើទីផ្សារអឺរ៉ុប​នា​ត្រីមាស​ចុង​ក្រោយនេះ ហើយសហគមន៍ទាំងមូ​លគ្រោង​ហាម​ឃាត់​ការលក់​រថយន្ត​ប្រើ​ប្រាស់ឥន្ធនៈនៅ​ត្រឹម​ឆ្នាំ​២០៣៥។ បើតាម​ការសិក្សា​ ចាប់ពី​ឆ្នាំ២០៣០តទៅ រថយន្ត​៨២ភាគរយ​គឺ​ជាប្រភេទ​រថយន្តអគ្គិសនី។
 
ទោះបីជាយ៉ាងណាក៏ដោយ គ្រឿង​ប្រើប្រាស់មួយចំនួន អាចត្រូវបាន​កែ​ប្រែទៅជាឧបករណ៍​ប្រើ​ប្រាស់ពាក់ព័ន្ធ​ផ្សេងៗ ឬក៏អាច​លក់​ចេញ​ក្នុងតម្លៃ​ថោក ហើយ​មួយចំនួន​ទៀត​នឹងត្រូវ​យក​ទៅ​កែច្នៃ​សម្រាប់​​តម្រូវការនានា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com