ជាតិ
សម្តេច ហ៊ុន សែន៖ រុនតាឯក នឹងកែប្រែពី​តំបន់ជនបទទៅជាទីក្រុងមួយ
13, Sep 2022 , 9:37 am        
រូបភាព
ភូមិ​រុន​តាឯក ស្ថិតក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ក្លាយ​ជាទីតាំង​ដែល​រដ្ឋាភិបាល​ផ្តល់​ដីជូន​ពលរដ្ឋ​ជាថ្នូរ​នឹង​ការ​រុះ​រើ​សំណង់​ចេញ​ពីតំបន់​រមណី​ដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់អាជ្ញាធរ​ជាតិ​អប្សរា។
 
នា​ជំនួប​សំណេះសំណាលផ្ទាល់ជាមួយពលរដ្ឋស្ម័គ្រ​ចិត្តនៅ​ទីតាំង​រុន​តាឯកផ្ទាល់​នាព្រឹកថ្ងៃទី​១៣ ខែកញ្ញា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល​ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន នឹងកែប្រែរុនតាឯក ពីជនបទ ឲ្យទៅជាទីក្រុង​មួយ។
 
សម្តេច​បាន​លើកឡើងពី​ការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់នេះ ដូចជាអគ្គិសនី ទឹកស្អាត​ ផ្លូវ ផ្សារ និង​សាលារៀន ដោយសម្តេច​បាន​លើកឡើងពីគម្រោង​បង្កើតថ្នាក់​កម្រិត​អនុវិទ្យាល័យ និងវិទ្យាល័យ​ នាពេល​ខាងមុខ។
 
សម្រាប់ផ្លូវលំ ចូលទៅតំបន់រុនតាឯក នឹងត្រូវរៀបចំចាក់កៅស៊ូ ហើយផ្លូវតភ្ជាប់ក្នុងភូមិផ្សេងទៀត ក៏នឹងឈូសឆាយធ្វើដែរ ដោយខ្លះនឹងចាក់បេតុង។ ផ្លូវដែលនឹងត្រូវអភិវឌ្ឍ មានប្រវែងប្រមាណ១៤០គីឡូម៉ែត្រ។ 
 
ចំពោះទឹក រដ្ឋនឹងរៀបចំប្រព័ន្ធទឹកស្អាតចេញពីទីរួមខេត្តទៅតំបន់រុនតាឯក ដែលគ្រោងនឹងចំណាយប្រមាណ៣លានដុល្លារ ដោយចំណាយពេល៨ខែ។ ចំណែក ប្រព័ន្ធអគ្គិសនី ក៏ត្រូវបានសម្ដេច ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធររៀបចំដំណាលគ្នា ជូនពលរដ្ឋផងដែរ។ រីឯ សាលារៀន តំបន់រុនតាឯក នឹងមានសាលារៀនថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និង អគារស្នាក់នៅសម្រាប់គ្រូបង្រៀន។ ចំពោះ ពលរដ្ឋដែលស្ម័គ្រចេញពីតំបន់រមណីដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នឹងទទួលបានប័ណ្ណក្រីក្រ សម្រាប់ថែទាំសុខភាព រួមទាំងទទួលបានប្រាប់ឧបត្ថម្ភអំឡុងពេលរងវិបត្តិកូវីដ-១៩។ 
 
កាលពីខែសីហា កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងមួយដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
 
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ 
 
តាមហ្វេសប៊ុក​សម្តេច ហ៊ុន សែន គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី៕

អត្ថបទទាក់ទង
 

Tag:
 រុនតាឯក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com