ជាតិ
ក្រៅពីតំបន់បេតិកភណ្ឌ អាជ្ញាធរ នឹងរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្សារនានា ក្នុងក្រុងបាត់ដំបង
15, Sep 2022 , 5:14 pm        
រូបភាព
អគារមួយចំនួន ក្នុងតំបន់បេតិកភណ្ឌស្ថិតក្នុងក្រុងបាត់ដំបង។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋាបាលខេត្តបាត់ដំបង។
អគារមួយចំនួន ក្នុងតំបន់បេតិកភណ្ឌស្ថិតក្នុងក្រុងបាត់ដំបង។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋាបាលខេត្តបាត់ដំបង។
ការរុះរើសំយាប ស្លាកយីហោ របស់អាជ្ញាធរ ដំណើរការដោយរលូននិងរួចរាល់ស្ទើរមួយរយភាគរយហើយ នៅតាមតំបន់គោលដៅ ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ក្នុងក្រុងបាត់ដំបង។ ឯការដំឡើងយីហោ និងសំយាប តាមគោលការណ៍របស់រដ្ឋបាលខេត្តផ្លូវថ្មើរជើង ក៏កំពុងដំណើរការជាបន្តបន្ទាប់ផងដែរ។ អាជ្ញាធរក្រុងបាត់ដំបងបញ្ជាក់ថា បន្ទាប់ពីតំបន់បេតិកភណ្ឌ
អាជ្ញាធរនឹងរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដាផ្សារក្នុងក្រុងបន្ថែមទៀត។

 
តាមរយៈសកម្មភាពរៀបចំក្រុងនេះ អាជ្ញាធរខេត្តបាត់ដំបងរំពឹងបញ្ចប់ត្រឹមបំណាច់ឆ្នាំ២០២២នេះ។ 
 
កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញចំណាត់ការណ៍ រៀបចំសោភ័ណភាពសណ្ដាប់ធ្នាប់ សំយាបផ្ទះ ស្លាកយីហោ ផ្លូវដើរ និងចំណត ក្នុងតំបន់បេតិកភណ្ឌក្រុងបាត់ដំបង ចាប់ពីចំណុចផ្លូវលេខ១ ដល់ ផ្លូវ លេខ៣។ ការរៀបចំនេះដោយមើលឃើញក្នុងតំបន់នេះ ការចតយានយន្តគ្មានរបៀប ស្លាកយីហោគ្មានស្តង់ដារ និងការតាំងលក់ទំនិញលើផ្លូវថ្មើរជើងជាដើម។ 


 សកម្មភាពរុះរើស្លាកយីហោ នាពេលកន្លងមក ក្នុងក្រុងបាត់ដំបង។ រូបភាព រដ្ឋបាលខេត្តបាត់ដំបង។
 
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទថាបច្ចុប្បន្នការរុះរើ សំយាប និងស្លាកយីហោ គ្មានស្តង់ដារ និងរៀបរយទាំងនោះបានរួចរាល់ស្ទើរទាំងស្រុងហើយ និង ទទួលបានការចូលរួមសហការពីពលរដ្ឋក្នុងតំបន់គោលដៅនោះ។ លោកបន្ថែមដូច្នេះ៖ «ការរៀបចំសណ្ដាប់ធ្នាប់ក្រុងគឺដំណើរការល្អទៅមុខហើយ ទាំងការកាត់សំយាបចាស់ និង ដំឡើងសំយាបថ្មីហើយគ្មានបងប្អូនណាមិនធ្វើតាម (គោលការណ៍)ទេ»។ 
 
បើតាម លោក ផេង សិទ្ធី សកម្មភាពរៀបចំខាងលើនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់ក្រុងបាត់ដំបង ជាពិសេសថែរក្សាតម្លៃ នៃអគារបេតិកភណ្ឌក្នុងក្រុង ទាក់ទាញទេសចរណ៍ ដើម្បីបង្កើនចំណូល និង លើកម្ពស់ជីវភាពពលរដ្ឋ។ 
 
ជាមួយគ្នានេះ អភិបាលក្រុង លោក ផេង សិទ្ធី រំពឹងថាការរៀបចំក្រុងបាត់ដំបងនេះនឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២២​ ស្របពេលបច្ចុប្បន្ន ការក្រាលការ៉ូឡាសម្រាប់ផ្លូវថ្មើរជើងមិនទាន់អនុវត្តនៅឡើយទេ ដោយស្ថិតក្នុងការចរចាតម្លៃ។ 


គោលការណ៍រៀបចំសំយាបផ្ទះ តាមរដ្ឋបាលខេត្តបាត់ដំបង។ រូបភាពពីគម្រោងរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ពភាព របស់រដ្ឋបាលខេត្តបាត់ដំបង ផ្ដល់ដោយ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។ 
 
ក្រៅពីការរៀបចំពីចំណុចផ្លូវលេខ១ ដល់លេខ៣ ក្នុងក្រុងបាត់ដំបងនេះ លោកផេង សិទ្ធី អះអាងថា អាជ្ញាធរនឹងបន្តសកម្មភាព រៀបចំសណ្ដាប់ធ្នាប់ក្រុងនៅតាមផ្សារក្នុងក្រុងផងដែរ។ លោកបញ្ជាក់បន្ថែមដូច្នេះ៖ «ក្រៅពីយើងរៀបចំនៅតាមផ្ទះពីផ្លូវលេខ១ដល់លេខ៣ នៅទីប្រជុំនេះហើយ យើងនឹងដំណើរការ(រៀបចំ)តាមបណ្ដាផ្សារ មានដូចជាផ្សារបឹងឈូកផ្សារ៨មករា ផ្សារលើ និងតាមទីប្រជុំជនធំៗផ្សេងទៀត ដើម្បីរក្សាសណ្ដាប់ធ្នាប់»។ 
 
គួរបញ្ជាក់បន្តិចថាពី គោលការណ៍នៃការរៀបចំសំយាបសម្រាប់ផ្ទះនៅតាមផ្លូវលេខ៣ ផ្នែកខាងកើត និងផ្ទះនៅជុំវិញផ្សារណាត់ សំយាបត្រូវមានទំហំកំណត់១ភាគ៣(២ម៉ែ្រត) នៃចិញ្ចើមផ្លូវ ។ ចំពោះផ្ទះនៅតាមបណ្ដាយផ្លូវលេខ៣ ផ្នែកខាងលិច សំយាបទំហំកំណត់១ភាគ៣(១,៥ម៉ែត្រ)នៃចិញ្ចើមផ្លូវ ។


គោលការណ៍រៀបចំស្លាកយីហោ តាមរដ្ឋបាលខេត្តបាត់ដំបង។ រូបភាពពីគម្រោងរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ពភាព របស់រដ្ឋបាលខេត្តបាត់ដំបង ផ្ដល់ដោយ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។ 

រីឯផ្ទះ នៅតាមបណ្ដោយផ្លូវលេខកន្លះ លេខ២ និងលេខ១កន្លះសំយាបទំហំកំណត់ ១ភាគ៣(១,២ម៉េត្រ) នៃចិញ្ចើមផ្លូវ។ ចំពោះគោលការណ៍នៃការរៀបចំស្លាកយីហោវិញត្រូវបានបែងចែកស្លាកយីហោជា២ប្រភេទ។ ប្រភេទទី១ ជាផ្ទាំងស្លាក់សញ្ញាដាក់ជាប់នឹងជញ្ជាំងផ្ទះ មានប្រវែងទទឹង ៦ដេស៊ីម៉ែត្រ និងបណ្ដោយស្របទៅតាមប្រវែងទទឹងផ្ទះ និងដាក់ទ្រេតមុំ ១៥ដឺក្រេ ក្តោមសំយាបផ្ទះ។ប្រភេទទី២ ជាអក្សរផុស ដាក់លើសំយាបផ្ទះដោយមិនមានផ្ទាំងពីក្រោយ។ 
 
ដោយឡែកគោលការណ៍ នៃការរៀបចំផ្លូវថ្មើរជើង សម្រាប់ផ្លូវលេខ១ លេខ៣ និងផ្លូវជុំវិញផ្សារណាត់ផ្លូវថ្មើរជើង កំណត់រៀបការ៉ូឡាពណ៌ប្រផេះ ជាមួយនឹងការ៉ូពណ៌ក្រហមខ័ណ្ឌចិញ្ចើមផ្លូវត្រឹម ១ភាគ៣ ពីមុខផ្ទះ សម្រាប់អាចដាក់ចតម៉ូតូ ឬកង់ និង ផ្នែកសល់២ភាគ៣ ជាលំហសម្រាប់ថ្មើរជើង និងមានគំនូសសញ្ញាសម្រាប់ជនពិកា។ 
 
តាមរយៈសកម្មភាពខាងលើនេះ អភិបាលក្រុងរូបនេះ រំពឹងថាក្រុងបាត់ដំបងទាំងមូល នឹងក្លាយជាទីក្រុងសោភ័ណស្អាត ស៊ីវីល័យ ទាក់ទាញទេសចរជាតិនិងអន្តរជាតិ និងបង្កភាពងាយស្រួលក្នុងការរស់នៅ និងធ្វើដំណើរ របស់ពលរដ្ឋ៕
 
 
 

Tag:
 ThmeyThmey25
  រៀបចំតំបន់បេតិកភណ្ឌ
  ក្រុងបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com