ជាតិ
សេដ្ឋកិច្ច
អាស៊ាន
WIPO នឹងជួយអាស៊ានឱ្យក្លាយជាតំបន់មានកិច្ចការពារកម្មសិទ្ធិបញ្ញា
16, Sep 2022 , 9:59 pm        
រូបភាព
លោក Daren Tang អគ្គនាយកនៃអង្គការWIPO(រូបកណ្តាល) ចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅសៀមរាប នារសៀលថ្ងៃទី១៥កញ្ញាទី
លោក Daren Tang អគ្គនាយកនៃអង្គការWIPO(រូបកណ្តាល) ចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅសៀមរាប នារសៀលថ្ងៃទី១៥កញ្ញាទី
សៀមរាប៖   អាស៊ាន នឹងក្លាយជាតំបន់មួយ ដែលមានកិច្ចការពារកម្មសិទ្ធិបញ្ញាប្រកបដោយភាពភាពម៉ត់ចត់ និងជឿទុកចិត្តបានសម្រាប់ពិភពលោក។ ការឈានឆ្ពោះទៅរកតំបន់ដែលមានកិច្ចការពារកម្មសិទ្ធិបញ្ញាល្អដ៏ប្រសើរនេះ គឺមានគាំទ្រពីអង្គការ​កម្មសិទ្ធិបញ្ញាពិភពលោក(WIPO)។
 
អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WORLD INTELLECTUAL PROPERTY ORGANIZATION / WIPO) នឹងផ្តល់ជំនួយបច្ចេកទេស និងក្របខណ្ឌសហប្រតិបត្តិការមួយចំនួនដល់អាស៊ាន ដើម្បីជួយតំបន់នេះឱ្យមានកិច្ចការពារកម្មសិទ្ធិបញ្ញារួមមួយ ប្រកបដោយភាពជឿទុកចិត្តនៅក្នុងពិភពលោក។  ក្នុងនោះ WIPO នឹងជួយលើកកម្ពស់ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញានៅក្នុងតំបន់ ក៏ដូចជានៅតាមបណ្តាប្រទេសនីមួយៗ។


លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច ជាមួយអង្គការ WIPO នារសៀលថ្ងៃទី១៥កញ្ញា។
 
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្រជុំជាមួយលោក Daren Tang អគ្គនាយកនៃអង្គការWIPO បានស្នើសុំអង្គការ WIPO ឱ្យគិតគូរក្នុងការផ្តល់ជំនួយបច្ចេកទេស និងការជួយគាំទ្រដល់បណ្តាអាស៊ាន សម្រាប់អនុវត្តផែនការសកម្មភាពឆ្នាំ២០១២-២០២៥ ក្នុងការការពារកម្មសិទ្ធិបញ្ញា។  
 
ជុំវិញនៃសំណើរនេះ WIPO ប្រកាសផ្តល់ជំនួយបច្ចេកទេស និងក្របខណ្ឌសហប្រតិបត្តិការមួយចំនួនដល់អាស៊ាន ពិសេសផ្តោតទៅលើកិច្ចការពារកម្មសិទ្ធិបញ្ញារបស់សហគ្រាសធុនតូច និងមធ្យម(SMEs) និងអ្នកច្នៃប្រឌិតនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន​។ នេះបើតាមលើកឡើងរបស់លោក ​ប៉ែន សុវិជាតិ​ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ 
លោក បញ្ជាក់ថា WIPO នឹងជួយលើកកម្ពស់ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញានៅក្នុងតំបន់ ក៏ដូចជានៅតាមបណ្តាប្រទេសនីមួយៗ។ 
 
ដើម្បីឱ្យកិច្ចការនេះអនុវត្តបានដោយរលូន គឺទាមទារឱ្យប្រទេសទាំងអស់នៅអាស៊ាន មានប្រព័ន្ធការពារកម្មសិទ្ធបញ្ញា ដែលអនុលោមទៅតាមច្បាប់ ដែលមានភាពស៊ីចង្វាក់គ្នា។ លោក ប៉ែន សុវិជាតិ បានថ្លែងក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាល្ងាចថ្ងៃទី១៥កញ្ញាយ៉ាងដូច្នេះ៖ «ក្នុងនោះ WIPO បានទទួលស្គាល់នូវតួនាទីស្នូលរបស់កម្មសិទ្ធបញ្ញាក្នុងការជំរុញបច្ចេកវិទ្យាទំនើប នវានុវត្តន៍ និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា ពីបណ្តាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន ទៅប្រទេសដែលមានមិនសូវមានបច្ចេកវិទ្យាជឿនលឿន»។   
 

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងថ្លែងក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំ ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាល្ងាចថ្ងៃទី១៥កញ្ញា។

ប៉ុន្តែ ការផ្ទេរបច្ចេកវិទ្យាក្នុងការជំរុញកិច្ចការពារកម្មសិទ្ធិបញ្ញានេះ គឺត្រូវមានគំរូជាក់លាក់មួយ ដើម្បីជំរុញនូវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មី ពីសំណាក់ម្ចាស់កម្មសិទ្ធិ។ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤រូបនេះ បានបន្ថែមថា WIPO ក៏មានការគិតគូរ និងលើកចិត្តដល់ការប្រើប្រាស់កម្មសិទ្ធបញ្ញាជាលក្ខណៈពាណិជ្ជកម្មឱ្យបានពេញលេញ (IP commercialization) ផងដែរ។ 
 
បើតាមលោក​ សុវិជាតិ កម្មសិទ្ធិបញ្ញាជាលក្ខណៈពាណិជ្ជកម្មឱ្យបានពេញលេញនេះ នឹងជំរុញឱ្យSMEs និងអ្នកច្នៃប្រឌិតទាំងអស់ ប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ខ្លួនជាទ្រព្យ ក្នុងការជំរុញផែនការអាជីវកម្ម ដើម្បីការរីកចម្រើនរួមរបស់ក្រុមហ៊ុន ឬសហគ្រាសនៅប្រទេសនីមួយៗនៅអាស៊ាន។ 
 
«ការជំរុញឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា​ក្នុងន័យពាណិជ្ជកម្មនេះ  នឹងអាចជួយឱ្យមានការទាក់ទាញការវិនិយោគដោយផ្ទាល់ថែមទៀត មកនៅក្នុងបណ្តាប្រទេសអាស៊ានទាំងមូលពីបណ្តាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនដទៃទៀត»។ នេះជាការអះអាងរបស់លោក សុវិជាតិ ដោយបន្ថែមថា៖ «កិច្ចការងារនេះ គឺមានប្រយោជន៍ជាពីបំផុតសម្រាប់កម្ពុជាយើង ដោយសារយើងជាប្រទេសមួយដែលមានប្រព័ន្ធកម្មសិទ្ធិ​បញ្ញាមាំមួន។ យើងមានច្បាប់គ្រប់គ្រាន់ ទាំងច្បាប់ម៉ាក ពាណិជ្ជសញ្ញា និងការប្រកួតប្រជែងសោយស្មោះត្រង់...ជាដើម»។​
 
បើតាមលោក ប៉ែន សុវិជាតិ ការប្រើប្រាស់កម្មសិទ្ធិបញ្ញាជាលក្ខណៈពាណិជ្ជកម្មនេះ ក៏អាចជួយដល់ការអនុវត្តផែនការរបស់អាស៊ាន​ ឆ្លើយតបដល់ការងើបឡើងវិញពីវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន ផងដែរ៕ 
 

Tag:
 អាស៊ាន២០២២
  កម្មសិទ្ធិបញ្ញា
  WIPO
© រក្សាសិទ្ធិដោយ thmeythmey.com