ជាតិ
ជនបរទេស២៦២នាក់ ត្រូវបានផាកពិន័យ និង១៤២នាក់ បានបណ្ដេញចេញពីកម្ពុជា
19, Sep 2022 , 8:59 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានផាកពិន័យជនបរទេស ២៦២នាក់ ដែលធ្វើការដោយគ្មានបណ្ណការងារ ។ អាជ្ញាធរក៏បានបណ្ដេញជនបរទេស១៤២នាក់ ចេញពីកម្ពុជាផងដែរ។
 
រដ្ឋបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចចម្រុះ បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ ១៤២នាក់ ក្នុងនោះមានជនជាតិចិន ១៣០នាក់ និងវៀតណាម ១១នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តតាមច្បាប់ ដើម្បីបណ្ដេញចេញពីកម្ពុជា។ 
 
ទន្ទឹមនេះ រដ្ឋបាលខេត្ត ក៏បានផាកពិន័យលើជនបរទេស ២៦២នាក់ ដែលបម្រើការងារដោយគ្មានបណ្ណការងារ ដោយគិតជាទឹកប្រាក់បាន១៣១លានរៀល និង ៧៨៨៤០ដុល្លារ។ ក្រោយពីផាកពិន័យហើយ អាជ្ញាធរខេត្ត បានតម្រូវឱ្យពួកគេ ស្នើសុំបណ្ណការងារពីមន្ទីរការងារឱ្យបានត្រឹមត្រូវ។
 
ប្រតិបត្តិការនេះ ធ្វើឡើងនៅទីតាំងមួយឈ្មោះ ស៊ីង សានទីង(ហៅ ឆាង ឆឹង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានអាគារចំនួន ៣ មានបន្ទប់សរុប ៣៣២បន្ទប់ ដោយទីតាងនោះ ក៏មានផ្សារទំនើប និងកន្លែងកម្សាន្តផងដែរ។ ប្រតិបត្តិការនេះ ចាប់ពីថ្ងៃទី១៣ ដល់១៧ កញ្ញា។
 
រយៈពេល ៥ថ្ងៃ នៃការចុះត្រួតពិនិត្យនោះ សមត្ថកិច្ចជំនាញ ក៏បានរកឃើញ និងកំណត់បទល្មើសចំនួន ៦បទល្មើសផ្សេងគ្នា គឺបទល្មើសល្បែងស៊ីសងខុសច្បាប់, បង្ខាំង និងធ្វើទារុណកម្មមនុស្ស, កាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់, សញ្ចារកម្ម និងជួញដូរមនុស្ស ព្រមទាំងបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសញ្ចរកម្ម និងជួញដូរមនុស្សផងដែរ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ ជនបរទេស ២៧នាក់ ត្រូវបានបញ្ជូនទៅសួរនាំនៅស្នងការដ្ឋានខេត្ត និងដកហូតបានវត្ថុតាងមួយចំនួនធំ។
 
ក្រៅពីនេះមន្ទីរការងារ ក៏បានផាកពិន័យចំពោះសហគ្រាសចំនួន ៣ ដែល គ្មានសេចក្ដីប្រកាសស្ដីពីបុគ្គលិក, គ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស និងប្រើប្រាស់ជនបរទេសគ្មានបណ្ណការងារ ដែលសរុបជាទឹកប្រាក់បានជាង ៦លានរៀល។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
 
ជុំវិញករណីនេះ អាជ្ញាធរខេត្តព្រះសីហនុ បានដាក់វិធានការមួយចំនួនទៀត ដូចជា ការធ្វើកិច្ចសន្យាអប់រំចំពោះជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលផាកពិន័យរួច ឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត។ បិទអាជីវកម្មទាំងអស់ដែលនៅបរិវេណឈ្មោះ ស៊ីង សានទីង។ បិទអាគារ A, B និង C ដើម្បីបន្តស៊ើបអង្កេត រហូតដល់កិច្ចស៊ើបអង្កេតត្រូវបញ្ចប់។ បន្តការស៊ើបអង្កេតសម្អាតប្រាក់ ស្របសំអាងនៃបទល្មើសជួញដូរមនុស្ស និងបទល្មើសសញ្ចរកម្មជនសង្ស័យ ២នាក់។ បន្តស៊ើបលើកករណីរក្សាទុកអាវុធខុសច្បាប់ និងបទល្មើសពាក់ព័ន្ធ។ បន្តការស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដែលជាមេក្លោងក្នុងសំណំរឿង។
 
អាជ្ញាធរខេត្តព្រះសីហនុ នឹងបន្តការត្រួតពិនិត្យនៅតាមបណ្ដាទីតាំងអាជីវកម្ម ដែលសង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនបរទេសដែលបានត្រួតពិនិត្យ និងមានកិច្ចសន្យាអប់រំរួច ហើយនៅតែបន្តធ្វើការងារខុសច្បាប់៕
 

Tag:
 ជនអន្តោប្រវេស៍
  ផាកពិន័យ
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com