ជាតិ
រថយន្ត
លោក ​សុភាស់ បានចំណាយជាង៥ពាន់ដុល្លារ ទិញនិងជួសជុលឡានបុរាណដែលខ្លួនស្រឡាញ់
19, Sep 2022 , 8:19 pm        
រូបភាព
ភ្នំពេញ៖ លោក យាន សុភាស់ ផ្តល់​តម្លៃ​ទៅលើ​រថយន្ដ ដែល​មនុស្សម្នាចាត់ទុក​ជា​វត្ថុ​អត់​ប្រយោជន៍ ។ លើស​ពីការ​អភិរក្ស អ្វី​ដែលគាត់​ចូលចិត្ត​បំផុតគឺ​ស្វែង​រក​យានយន្ដបុរាណ ជា​ពិសេសឡានបុរាណ ​ពី​ទសវត្សរ៍​១៩៨០។ ​​​​​​​គាត់​ស្នាក់​នៅ​រាជធានី​ភ្នំ​ពេញ ក៏ប៉ុន្តែ​គាត់​មាន​ឱកាស​ទៅ​តាម​ខេត្ត​ញឹកញាប់។ គាត់មើលជុំវិញ​ដង​ផ្លូវ នៅ​គ្រប់កន្លែង។ លោក សុភាស់ ឧស្សាហ៍​សួរអ្នក​ស្រុក​ ហើយយូរៗ​ម្ដងគាត់​ឮនិយាយ ឬ​ឃើញ​យាន​កញ្ចាស់​ណាមួយ។ គាត់​ក៏​មាន​បណ្ដាញ​អ្នក​ស្នេហា​យានយន្ដបុរាណ ដែល​ធ្លាប់​ប្រាប់​គាត់​អំពី​កន្លែង ដែល​មានឡានចាស់ៗទុកចោល។ គាត់​កត់ទុក​ព័ត៌មាន​ទាំង​អស់​នោះ រហូត​ដល់​អាច​​ទាក់ទង​ម្ចាស់​យានយន្ដ​បុរាណនោះ និង​សុំ​ទិញ។ ទិញ​ហើយ គាត់​ធ្វើ​ទំនើបកម្ម និង​ប្រើ​យានយន្ដ​បុរាណនោះ រហូតដល់​មាន​ឱកាស​លក់ឱ្យ​គេ​វិញ ដោយចំណេញ​ខ្លះ។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ឧទាហរណ៍​រថយន្ដ​ម៉ាក MAZDA ប្រភេទ B ម៉ូឌែល 2000 ពណ៌ខ្មៅ ផលិត​ឆ្នាំ​១៩៨៣ ដែល​លោក សុភាស់​ បាន​ប្រទះ​ឃើញ​ខែ​មុន។ វា​ខូច​ច្រើន ដែល​ធ្វើ​ឱ្យ​គាត់ទិញ​វា​តម្លៃប្រមាណ ១០លាន​រៀល​ប៉ុណ្ណោះ។ ក៏ប៉ុន្តែគាត់​ឱ្យ​យានដ្ឋានមួយកន្លែង នៅ​ខណ្ឌ​ដង្កោ ជួសជុល​ ដោយបាន​ដូរ​កង់​ទាំង​៤ ដូរ​ស៊ីញ៉ូខាង​មុខ​សងខាង ដូរ​កញ្ចក់​ឆ្លុះសងខាង ធ្វើ​បែន​ឡើង​វិញ និង​បាញ់​ថ្នាំពណ៌​ខ្មៅ​ដដែល​ឡើង​វិញ។ ​​តម្លៃជួសជុល​សរុប​លើស​ពី ១២​លាន​រៀល ! តម្លៃ​នេះ​ថ្លៃ​ជាង​តម្លៃ​ទិញ​ឡាន​តែម្ដង។ យ៉ាងណាក្ដី ​វាក៏​មាន​ប្រយោជន៍ដែរ ពីព្រោះ​គឺ​ជា​រថយន្ដ​មួយ ដែលមាន​អាយុកាលជិត៤០​ឆ្នាំ និងដែលកម្រ​មែនទែន ​ក្នុង​ប្រទេស។ នេះជា​មូលហេតុ​ដែលធ្វើ​​ឱ្យ​ធ្វើ​ទំនើបកម្ម​ ហើយ ឡាន MAZDA B2000 នេះ ​មាន​តម្លៃ​ថ្លៃ​ជាងថវិកា​ទាំង​អស់ ដែល​លោក ​សុភាស់​ បាន​ចំណាយលើ​វា។
 


រថយន្ដ​ MAZDA ប្រភេទ B គឺ​ជា​ឡាន​បែបទ្រង់ទ្រាយ​មាន​បែន ​នៅ​ខាង​ក្រោយ ដែលត្រូវបាន៥​ជំនាន់ គឺពីឆ្នាំ​១៩៦១ រហូតដល់​ឆ្នាំ​២០០៦។​ ជំនាន់ទី៣ ត្រូវ​បាន​ផលិត​ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៨៥ ក្នុង​រោងចក្រ​៣គឺនៅ​ប្រទេស​ជប៉ុន ​​អ៊ីរ៉ង់ និង​នៅ​ប្រទេស​កូឡុំប៊ី។ MAZDA B2000 ត្រូវ​បាន​ផលិត​ពី ឆ្នាំ១៩៨០ ដល់​ឆ្នាំ​១៩៨៧។
 
ក្រុមហ៊ុន MAZDA ត្រូវ​បាន​បង្កើត​ឡើង​ ឆ្នាំ១៩២០ នៅ​ប្រទេស​ជប៉ុន ក៏ប៉ុន្តែ​វា​បានយក​ឈ្មោះ​ថា MAZDA ឆ្នាំ​១៩៣៤។ រហូតដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​ក្រុម​ហ៊ុន​ឯករាជ្យ៕




 
 

Tag:
 យានយន្ត
  រថយន្ត
  ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com