រថយន្ត
អន្តរជាតិ
Mitsubishi អះអាងថា មិន​បាន​បញ្ជូន​រថយន្ត Pajeros ទៅកូរ៉េខាងជើងឡើយ
19, Sep 2022 , 8:39 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនជប៉ុន Mitsubishi Motors បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​ស៊ើប​អង្កេត​លើ​ការ​ដាក់ទណ្ឌកម្ម​ថា ខ្លួន​គ្មាន​តួនាទី​អ្វី​ក្នុង​ផ្តល់រថយន្ត SUVs ដល់​កូរ៉េខាងជើងនោះឡើយ។ នេះបើតាម​ការផ្សាយ​របស់ NK News ដោយ​ផ្អែកលើ​របាយការណ៍​របស់ក្រុមការងារអង្គការសហប្រជាជាតិ (U.N.)។
 
ក្រុម​អ្នក​វិភាគ បាន​ពិនិត្យឃើញថា រថយន្ត Mitsubishi Pajeros ត្រូវបាន​ប្រើ​ប្រាស់​ក្នុង​ព្យុហយាត្រាយោធាកូរ៉េខាងជើងចន្លោះពីខែតុលា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។ ករណីនេះ បាន​បង្កើតចេញជាការចោទសួរទាក់ទង​នឹងប្រភព​ និងស្ថាប័ន​ដែល​ផ្តល់​រថយន្តទៅកាន់​ប្រទេស​ឯកោមួយនេះ។
«គោលនយោបាយ​របស់​យើង គឺ​មិន​ដំឡើង​រថយន្ត​សម្រាប់​តម្រូវ​ការយោធា ហើយ​ក៏មិនដែលមាន​រថយន្តណាមួយ​ធ្លាប់​ត្រូវ​បាន​កែច្នៃ​សម្រាប់​តម្រូវការយោធានោះដែរ»។ នេះជាការអះអាង​របស់ក្រុមហ៊ុន Mitsubishi។
 
ក្រុមហ៊ុន​បាន​សង្កត់ធ្ងន់ថា ភ្នាក់ងារ​ចែក​ចាយក៏​សុទ្ធតែមាន​កិច្ចព្រមព្រៀង​ផងដែរ ក្នុង​ការ​ហាមឃាត់ការ​លក់​ ការ​កែច្នៃ ឬប្រើប្រាស់សម្រាប់​តម្រូវ​ការ​យោធា ឬដើម្បី​រំខានដល់​សណ្តាប់ធ្នាប់អន្តរជាតិ។
 
យោងតាម​ NK News រថយន្ត​ដែលស្ថិតក្នុងព្យុហយាត្រាកូរ៉េខាងជើង កាលពីខែ​មករា ឆ្នាំ២០២១ គឺជាប្រភេទ​រថយន្ត Mitsubishi Pajero SUV ផលិត​តាំងពីឆ្នាំ២០១៥។ ជាមួយគ្នានេះ គេក៏សង្កេតឃើញលោក Jo Yong Won មន្ត្រីកំពូលម្នាក់​របស់កូរ៉េខាងជើង ប្រើប្រាស់​រថយន្ត Pajero ផងដែរ នាអំឡុង​ខែ​មិនា និង​ខែមេសា ឆ្នាំ២០២២ កន្លងមក។
 
លោក គីម ជុងអ៊ុន និង​មន្ត្រី​ដឹកនាំ​កំពូល​កូរ៉េខាង​ជើង​របស់ខ្លួន ធ្លាប់ត្រូវបានឃើញប្រើ​ប្រាស់រថយន្ត​ទំនើប​នៃក្រុមហ៊ុន Mercedes, Toyota-Lexus និង Rolls Royce ជាដើម។ សម្រាប់ម៉ូដែល Pajero ដែល​លោក Jo ប្រើប្រាស់ អាចមាន​តម្លៃ​ប្រមណា ៦១០០០​ដុល្លារអាម៉េរិក។
 
ក្រុមជំនាញការ U.N. ធ្លាប់បាន​រាយការណ៍កន្លងមកថា បើទោះបីជាមាន​ការបិទព្រំដែន​នាអំឡុង​នៃការ​រាលដាលកូវីដ-១៩ ក៏ដោយ ក៏​កូរ៉េខាងជើង នៅតែព្យាយាម​នាំ​ចូល​រថយន្តទំនើបៗពី​បរទេស នា​ដើម​ឆ្នាំ២០២១ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com