ជាតិ
ពីនេះ ពីនោះ
ឧត្តរមានជ័យ និងបន្ទាយមានជ័យ រងការជន់លិច ខណៈអាជ្ញាធរខេត្តសៀមរាប ឱ្យពលរដ្ឋប្រុងប្រយ័ត្ន
21, Sep 2022 , 3:59 pm        
រូបភាព
នៅថ្ងៃទី២០ និង២១ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពទឹក បានជន់លិចផ្លូវក្រាលកៅស៊ូ ០២កន្លែង ប្រវែង ៣៣០ម៉ែត្រ ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ រូបភាពក្រសួងធនធានទឹក និង ឧតុនិយម។
នៅថ្ងៃទី២០ និង២១ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពទឹក បានជន់លិចផ្លូវក្រាលកៅស៊ូ ០២កន្លែង ប្រវែង ៣៣០ម៉ែត្រ ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ រូបភាពក្រសួងធនធានទឹក និង ឧតុនិយម។
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បណ្ដាលឱ្យខេត្តមូលដ្ឋានមួយចំនួនក្នុងខេត្តឧត្ដរមានជ័យ និង ខេត្តបន្ទាយជ័យ រងការជន់លិច។ ជំនន់ទឹកភ្លៀងលិចលំនៅដ្ឋានពលរដ្ឋ ក្នុងខេត្តទាំងពីរនេះ មិនទាន់ធ្ងន់ធ្ងរនៅឡើយនោះទេ។
 
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រុងមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានពលរដ្ឋចំនួន៤០គ្រួសារ ស្នើអាជ្ញាធរជម្លៀសទៅទីទួលសុវត្ថិភាព។ 
 
ដោយឡែក ចំពោះទឹកនៅទំនប់អាងទឹកតាម៉ុក ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ គិតត្រឹមវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ មានកម្ពស់ ៣,៨៩ម៉ែត្រ ដោយកម្រិតកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ។ ស្ថានភាពនេះ មិនទាន់ដល់កម្រិតកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៤,៥០ម៉ែត្រ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។


សកម្មភាពចុះជួយពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។ រូបភាពពី គេហទំព័រគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ។
 
លោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា កងអន្តរាគមន៍សង្គ្រោះគ្រោះ មហន្តរាយ បានត្រៀមខ្លួនជាស្រេច ដើម្បីទទទួលបទបញ្ជា និងការសំណូមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
 
ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងលើខេត្តជាប់ព្រំដែនថៃនេះ លោក គន់ គីម ប្រាប់ ThmeyThmey25 ដូច្នេះ៖ «ចំពោះស្ថានភាពទឹកនៅ បន្ទាយមានជ័យ និងឧត្តរមានជ័យ មានបញ្ហាលិចលង់ខ្លះ និងខ្លះស្រុងពីផ្នែកខាងលើ ប៉ុន្តែមិនទាន់ មាន ហានិភ័យ ធ្ងន់ធ្ងរ ក្រៅពីទឹកលិចខាងក្រោមផ្ទះនោះទេ»។
 
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ពលរដ្ឋ នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ដែលទឹកកំពុងហូរកាត់ត្រូវប្រុងប្រយ័ត្ន និងបន្តតាមដានរាល់ព័ត៌មានរបស់ក្រសួងធនធានទឹក និង ឧតុនិយម។ ថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ តំបន់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្រ្តជាប់ព្រំដែនថៃនឹងប្រឈមជំនន់ទឹកភ្លៀង។


ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងមានកម្ពស់ ៣,៨៩ម៉ែត្រ។ រូបភាពក្រសួងធនធានទឹក និងឧតុនិយម។ 
 
 
លោក គន់ គីម បានបានណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានសភាពការណ៍ និងត្រូវរាយការណ៍ ជាបន្ទាន់ទៅកងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយក្នុងករណីការអន្តរាគមន៍លើសពីសមត្ថភាពរបស់ខ្លួន ដើម្បីធានាការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ 
 
នៅខេត្តសៀមរាបវិញ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បានជូនដំណឹងឱ្យពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រីស្នំ និង ស្រុកក្រឡាញ់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលអាចមានកើតមាន និង ជៀសពីគ្រោះថ្នាក់។ 
 
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា កម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ តំបន់ទំនាបកណ្ដាល និងមាត់សមុទ្រ នឹងមានភ្លៀងពីមធ្យមទៅច្រើន។
 
ចំពោះតំបន់ទំនាបកណ្ដាលអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ឯតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ កម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្ដាខេត្តក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក។ ខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
 
 
 

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com