ជាតិ
សង្គមជាតិ
សមរាត្រីឆ្នាំនេះ ចំពេលបោះបាយបិណ្ឌ ដែលមានចែងក្នុងសិលាចារឹកតាំងពីចុងសតវត្សទី៩
21, Sep 2022 , 3:29 pm        
រូបភាព
ព្រឹត្តិការណ៍សមរាត្រី ដែលកើតឡើងនៅប្រាសាទអង្គរវត្តនាពេលកន្លងមក។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
ព្រឹត្តិការណ៍សមរាត្រី ដែលកើតឡើងនៅប្រាសាទអង្គរវត្តនាពេលកន្លងមក។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី ដែលវេលាយប់និងថ្ងៃស្មើគ្នា កើតឡើង២ដងក្នុងមួយឆ្នាំ គឺក្នុងខែមីនា និងខែកញ្ញា។ សម្រាប់ខែកញ្ញានេះ ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត គឺចំថ្ងៃទី២២ ដែលគាប់ជួនចៃដន្យបំផុត និងជាព្រឹត្តិការណ៍សំខាន់ ដែលមានចែងក្នុងសិលាចារឹកចុងសតវត្សទី៩ ដែលព្រះមហាក្សត្រឱ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រី ក្រៅពីខែភទ្របទ។
 
បុរាណវិទូ និងអ្នកសិក្សាស្រាវជ្រាវ លោក អ៊ឹម សុខរិទ្ធី លើកឡើងថា សមរាត្រីនៅខែកញ្ញាឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏ពិសេស និងចៃដន្យបំផុត ដែលកម្រកើតមាន ដ្បិតថា វាចំថ្ងៃដែលជាបញ្ញត្តិរបស់ព្រះមហាក្សត្របុរាណ ឱ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រី។ តាមសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សទី៩ ព្រះមហាក្សត្រសម័យនោះបញ្ជាក់ថា ការបោះបាយបិណ្ឌគឺអាចធ្វើ៤ដងក្នុងមួយឆ្នាំ ក្រៅពីខែភទ្របទ គឺអាចបោះនៅវេលាសមរាត្រី (២ដងក្នុងមួយឆ្នាំ) និងវេលាថ្ងៃនិងយប់វែងជាងគ្នា (២ដងក្នុងមួយឆ្នាំ) ក៏បាន។
 
លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា៖« ព្រឹត្តិការណ៍វាជាន់គ្នា ចៃដន្យគ្នា ដូច្នេះសាធារណជនអាចមកបោះបាយបិណ្ឌនៅអង្គរវត្ត ភ្លឺឡើងអាចមើលព្រឹត្តិការណ៍សមរាត្រីតែម្ដង»។ យ៉ាងណា ដោយសារបញ្ហាអាកាសធាតុ លោក អ៊ឹម សុខរិទ្ធី រំពឹងថា នឹងអាចមើលថ្ងៃរះចំកណ្ដាលប្រាង្គកណ្ដាលប្រាសាទអង្គរវត្តបានទេ៕
 

Tag:
 សមរាត្រី
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com