ជាតិ
អាជីវករផ្សារអូឬស្សីត្អូញត្អែរថា ខោអាវប្រពៃណី លក់បានតិចតួច នៅឆ្នាំនេះ
25, Sep 2022 , 10:19 am        
រូបភាព
អាជីវមួយចំនួនត្អូញត្អែរថា ឆ្នាំនេះខោអាវប្រពៃណីលក់បានបន្តិចបន្តួច
អាជីវមួយចំនួនត្អូញត្អែរថា ឆ្នាំនេះខោអាវប្រពៃណីលក់បានបន្តិចបន្តួច
ដោយ:
ភ្នំពេញ៖  សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ភាគច្រើនត្រូវបានពលរដ្ឋនិយមស្លៀកពាក់ ក្នុងកម្មវិធីមួយចំនួនដូចជា ចូលឆ្នាំ បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ឬពិធីបុណ្យបែបសាសនាមួយចំនួនទៀត។ ប៉ុន្ដែឆ្នាំនេះ អាជីវករខ្លះ លក់សម្លៀកបំពាក់នេះ បានតិចតួចប៉ុណ្ណោះ។

 
ការស្លៀកសម្លៀកបំពាក់ប្រពៃណី បានក្លាយជាផ្នែកមួយ ជួយបង្ហាញនូវវប្បធម៌ខ្មែរ និងភាពទាក់ទាញបែបស្រគត់ស្រគំ ថ្លៃថ្នូរ ចរិយាសុភាពរាបសារជាស្ត្រីខ្មែរផង។
អាជីវករលក់និងកាត់សម្លៀកបំពាក់ប្រពៃណីនៅជាន់ទីមួយ ក្នុងផ្សារអូឬស្សី អ្នកស្រី អុយ ដានី បានប្រាប់សារព័ត៌មានThmeythmey25ថា នៅក្នុងឆ្នាំនេះ អ្នកលក់សម្លៀកបំពាក់បែបប្រពៃណី អាចលក់បានក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ បើតាមអ្នកស្រី ដានី កន្លែងខ្លះលក់ដាច់បានគ្រាន់បើ ប៉ុន្ដែកន្លែងខ្លះទៀតលក់បានចំនួនតិចបំផុត ។

  អ្នកស្រីអាជីវករលក់និងកាត់សម្លៀកបំពាក់ប្រពៃណីនៅជាន់ទីមួយក្នុងផ្សារអូឬស្សី អ្នកស្រីអុយ ដានី

« ឆ្នាំនេះអាចលក់បានខ្លះមិនអត់ដូចឆ្នាំមុនទេ។ ប៉ុន្ដែការលក់នោះក៏បានមិនច្រើនដែរ បើគិតទៅចាប់ពីមុនបិណ្ឌមួយ រហូតដល់បិណ្ឌទី៨។ ខ្ញុំអាចលក់សម្លៀកបំពាក់បែបប្រពៃណីជាង៥០ឈុតប៉ុណ្ណោះ។ បើឆ្នាំមុនកូវីដ អាចលក់បានរាប់រយឈុតឯណោះ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ដានី។ 


អ្នកស្រីយឹម ស៊ីលៀប ជាអាជីវករលក់ខោអាវប្រពៃណីម្នាក់នៅផ្សារអូឬស្សី

អាជីវករវ័យ៤០ឆ្នាំរូបនេះ បាននិយាយថា មិនមែនតែតូបអ្នកស្រីទេ ដែលលក់បានតិច សូម្បីតែអ្នកលក់នៅតូបជាប់គ្នានេះ ក៏មិនខុសគ្នាដែរ។ មាត់កំពុងសន្ទនា ឯដៃនិងភ្នែករវល់ដេរសម្លៀកបំពាក់ប្រពៃណីយ៉ាងសកម្ម ស្រ្តីរូបនេះបានបញ្ជាក់ដូច្នេះ៖ « គេមិនសូវមានលុយទេឥឡូវ។ អ្នកខ្លះស្លៀកពាក់ខោអាវចាស់ៗដែលទិញពីឆ្នាំមុនៗ។ ការទិញរបស់របរថ្មីៗ វាក៏អាស្រ័យលើជីវភាពដែរ ទាំងគេទាំងយើង»។ 


 
ជាមួយគ្នានោះ អ្នកស្រីយឹម ស៊ីលៀប ជាអាជីវករលក់ខោអាវប្រពៃណីម្នាក់ទៀត នៅផ្សារអូឬស្សី លើកឡើងថា បច្ចុប្បន្នអាជីវករលក់សម្លៀកបំពាក់បែបប្រពៃណីនេះ ដូចជាមិនកាក់កប និងពិបាកលក់ណាស់។ ទន្ទឹមនោះ ស្រ្តីរូបនេះបានពោលថា មានហេតុផលពីរយ៉ាង ដែលធ្វើឱ្យសម្លៀកបំពាក់ប្រពៃណីលក់មិនសូវដាច់។ ទី១ ដោយសារអ្នកមកទិញមានតិចតួច ហើយឱ្យតម្លៃថោក និងទី២ ដោយសារមានគេលក់តាមអនឡាញច្រើន។ 


 
អ្នកស្រី ស៊ីលៀបបញ្ជាក់ដូច្នេះ៖ «​ ភ្ញៀវភាគច្រើនដើរទៅហួសមកហួស។ បើមានអ្នកចូលមកចរចាក៏ភាគច្រើនឱ្យថោកៗ មិនដល់តម្លៃថ្លៃដើមក៏មាន មិនមែនមិនចង់លក់ទេតែលក់វាមិនបាន។ ជួនឱ្យតម្លៃមួយឈុត មិនបានថ្លៃសំពត់មួយផង។ មួយវិញទៀត រឿងនេះអាចមកពីមានអ្នកលក់លើទីផ្សារអនឡាញច្រើន ហើយតម្លៃក៏ថោកជាងទីផ្សារ»។


តាមការសង្កេតរបស់អ្នកស្រី ស៊ីលៀប អតិថិជនស្ទើ ៨០ភាគរយ​ ចូលផ្សារមករើសសម្លៀកបំពាក់ ហើយចរចាតម្លៃ ដូចក្នុងទីផ្សារអនឡាញ ។ នេះជាហេតុផលមួយ ដែលអ្នកលក់នៅលើទីផ្សារធម្មតា ភាគច្រើនលក់មិនបាន។  
 
ស្រ្តីវ័យ៤២ឆ្នាំរូបនេះ បានលើកឡើងថា អ្នកស្រីបានលក់សម្លៀកបំពាក់ប្រពៃណីនេះជាង១០ឆ្នាំហើយ ទោះលក់មិនសូវដាច់ ក៏អ្នកស្រីនៅបន្ត ព្រោះមិនដឹងថា អាចធ្វើអ្វីបានលើសពីរបរនេះ។ ណាមួយអ្នកស្រីគិតថា ស្ថានភាពនេះ អាចពិបាកត្រឹមពីរឬបីឆ្នាំប៉ុណ្ណោះ ហើយវានឹងអាចប្រសើរឡើងវិញ នៅពេលណាមួយ។ 


 
« ពេលលក់មិនដាច់ខ្ញុំមិនចង់ឈប់ដែរ ប៉ុន្ដែគិតៗទៅ មិនដឹងថា ពេលឈប់លក់ហើយហ្នឹងទៅធ្វើអ្វីវិញទេ។ បើជាង១០ឆ្នាំហើយរកតែរបរនេះ។ មានតែតាមដំណើរហើយ ពេលនេះ»។ នេះជាសម្តីរបស់ស្រ្តីវ័យ៤២ឆ្នាំ ពោលដោយទឹកមុខក្រៀមក្រំ។​ 


 
ជាមួយគ្នានេះ អាជីវករនៅផ្សារអូឬស្សីមួយរូបទៀត សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ឆ្នាំនេះដូចជាមិនសូវមានអ្នកមកទិញប៉ុន្មានឡើយ ដែលអាចបណ្ដាលមកពីជីវភាពរបស់ពលរដ្ឋ។ ផ្សារសម្បូរអ្នកលក់ប៉ុន្ដែខ្សត់អ្នកទិញ។ អ្នកស្រីរម្លឹកថា ពីរបីឆ្នាំមុន មុនពេលមានជំងឺកូវីដ១៩ ពេលដល់រដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌ អាជីវកម្មលក់សម្លៀកបំពាក់ប្រពៃណី ពិតជាកាក់កបណាស់ ខុសដាច់ពីឆ្នាំនេះ។ 


 
អ្នកស្រីបានបញ្ជាក់ថា៖ « ឆ្នាំមុនយើងលក់អត់បានទេដោយសារកូវីដ ប៉ុន្ដែឆ្នាំនេះលក់បានខ្លះតែមិនច្រើនទេ។ បើគិតទៅ ត្រលប់ទៅកាលពីរឬបីថ្ងៃមុន នៅរដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌ (មុនកូវីដ-១៩) អ្នកលក់គ្រប់តូបសប្បាយលក់ណាស់ គ្មានពេលទំនេរអង្គុយលេងទូរសព្ទដូចឆ្នាំនេះឡើយ៕
 

Tag:
 សម្លៀកបំពាក់
  ប្រពៃណី​ខ្មែរ
  ផ្សារអូឬស្សី
© រក្សាសិទ្ធិដោយ thmeythmey.com