ជាតិ
ផ្អាកចរាចរណ៍រថយន្តធុនធ្ងន់លើផ្លូវ១០នៅខេត្តសៀមរាបដោយសារជំនន់ទឹកភ្លៀង
22, Sep 2022 , 8:10 pm        
រូបភាព
អាគាររដ្ឋបាលស្រុកអង្គរជុំដែលជន់លិចដោយសារជំនន់ទឹកភ្លៀង។ រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
អាគាររដ្ឋបាលស្រុកអង្គរជុំដែលជន់លិចដោយសារជំនន់ទឹកភ្លៀង។ រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប សម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនធ្ងន់លើកំណាត់ផ្លូវសំខាន់ៗមួយចំនួន ក្រោយផ្លូវទាំងនោះជន់លិចដោយសារជំនន់ទឹកភ្លៀង។


កំណាត់ផ្លូវដែលបិទចរាចរណ៍បណ្ដោះអាសន្ន មិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់កាត់ មានចំនួន១០ រួមមាន ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-ឧត្តរមានជ័យ) ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក) ផ្លូវជាតិលេខ៦៤ (ដំដែក-ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង)  ផ្លូវខេត្តលេខ ២៦៦C (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦F(ពួក-អង្គរជុំ) ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន) ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម) ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ) និងផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបញ្ជាក់ថា ការបិទចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់លើកំណាត់ផ្លូវខាងលើនេះ ដើម្បីបង្ការគ្រោះថ្នាក់ និងការទប់ស្កាត់ការខូចខាតផ្លូវថ្នល់ ឬស្ពានជាដើម។ ការផ្អាកនេះចាប់ពីថ្ងៃទី២២ កញ្ញា រហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី។

គួរបញ្ជាក់ថា ស្រុកចំនួន៨ក្នុងខេត្តសៀមរាបកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យផ្ទះពលរដ្ឋជិត៣ពាន់គ្រួសាររងផលប៉ះពាល់ សាលារៀនចំនួន៦៦ មន្ទីរពេទ្យ អាគាររដ្ឋបាល។ល។ ស្រុកដែលប៉ះខ្លាំង មានវ៉ារិន អង្គរជុំ និងស្រុកក្រឡាញ់ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com