ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តព្រះសីហនុប្រកាសផ្ដល់២លានរៀល បើជួយជនជាតិចិនបានម្នាក់ ពីករណីលិចទូក
23, Sep 2022 , 12:26 pm        
រូបភាព
សមត្ថកិច្ចជួយសង្គ្រោះជនជាតិចិន ដែលលិចទូក កាលពីថ្ងៃទី២២កញ្ញា។ រូបពី រដ្ឋបាលខេត្ត
សមត្ថកិច្ចជួយសង្គ្រោះជនជាតិចិន ដែលលិចទូក កាលពីថ្ងៃទី២២កញ្ញា។ រូបពី រដ្ឋបាលខេត្ត
អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសផ្ដល់ប្រាក់២លានរៀល ដល់ក្រុមជួយសង្គ្រោះ ឬអ្នកនេសាទណា ដែលជួយសង្គ្រោះជនរងគ្រោះជនជាតិចិនបានម្នាក់ ពីករណីលិចទូកនៅចន្លោះពយសារឿង និងកោះតាង។
 
អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសថា មានករណីលិចទូកមួយគ្រឿង ដែលក្នុងទូកមានជនជាតិចិន៤១នាក់។ ករណីនេះ មានជនជាតិចិន១៨នាក់ត្រូវបានជួយសង្គ្រោះ ហើយ២៣នាក់ទៀត កំពុងបាត់ខ្លួន។ 


សមត្ថកិច្ចបន្តស្វែងជនជាតិចិន ដែលលិចទូក។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
 
បន្ទាប់ពីជួយក្រុមជនជាតិចិនទាំងនោះបាន១៨នាក់ អាជ្ញាធរបានសាកសួរបុរសម្នាក់ក្នុងចំណោមពួកគេ ឈ្មោះ CHENGUI SHENG ដែលមកពីខេត្តហ្វូចៀន ប្រទេសចិន បានឲ្យដឹងថា ក្រុមពួកគេទាំងអស់មានគ្នា៤១នាក់ ក្នុងនោះមានស្រី៣នាក់។ ជុំវិញ ករណីនេះ លោក ឃៀង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម បន្ថែមថា អាជ្ញាធរកំពុងបន្តសាកសួរ ក្រុមជនជាតិចិនទាំងនេះ ដើម្បីដឹងពីដំណើរដើមចមឲ្យកាន់តែលម្អិត។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ បានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ ស្ថិតនៅកោះរ៉ុង ហើយបន្តស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។ 
 
ក្នុងប្រតិបត្តិការនៃការស្វែងរកនេះ រដ្ឋបាលខេត្តបានប្រកាសយ៉ាងដូច្នេះ៖ «រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀន»។
 
បច្ចុប្បន្ននៃប្រតិបត្តិការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ ក្រុមជួយសង្គ្រោះរបស់អាជ្ញាធរ កំពុងបន្តស្វែងរកនៅលើផ្ទៃសមុទ្រ នៅទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ៕ 


 ជនជាតិចិន ដែលសមត្ថកិច្ចជួយសង្គ្រោះបាន ពីករណីលិចទូក។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ 

© រក្សាសិទ្ធិដោយ thmeythmey.com