ជាតិ
ករណីលិចទូកនៅព្រះសីហនុ៖ មនុស្ស៨នាក់បន្តបាត់ខ្លួន ខណៈ៣នាក់ស្លាប់ ក្នុងចំណោម៤១នាក់
24, Sep 2022 , 4:28 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះជួបជនរងគ្រោះក្នុងករណីលិចទូក។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះជួបជនរងគ្រោះក្នុងករណីលិចទូក។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
គិតត្រឹមរសៀលថ្ងៃទី២៤កញ្ញា អាជ្ញាធរខេត្តព្រះសីហនុបានរកឃើញ ជនរងគ្រោះករណីលិចទូកនៅចំណុចក្បែរកោះតាង ចំនួន២៤នាក់ ក្នុងនោះស្លាប់៣នាក់។ ជាមួយគ្នានេះអាជ្ញាធរវៀតណាម ជួយសង្គ្រោះបាន៩នាក់ ដែលជាមនុស្សហូរទៅដែនទឹកវៀតណាម។ ចំណែកមនុស្ស ៨នាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។

 
អាជ្ញាធរខេត្តព្រះសីហនុ ក្រុមហ៊ុនទូក ព្រមទាំងប្រជានេសាទ បន្តប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងករណីលិចទូកនាថ្ងៃទី២២កញ្ញា ដែលមានជនជាតិចិនចំនួន ៤១នាក់ នៅលើទូកនោះ។ យ៉ាងណាមិញ ជនរងគ្រោះត្រូវបានរកឃើញជាបន្តបន្ទាប់ចំនួន ៣៣នាក់នៅក្នុងដែនទឹកខេត្តព្រះសីហនុ និងដែនទឹកប្រទេសវៀត។
 
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានThmeyThmey តាមទូរស័ព្ទនារសៀលនេះថា អាជ្ញាធរខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុនឯកជន និងដែនទឹកប្រទេសជិតខាង បន្តស្វែងរកមនុស្ស៨នាក់ទៀតដែលនៅបាត់ខ្លួន ។
 
អ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះបញ្ជាក់ដូច្នេះ៖ «យើងនឹងរកឱ្យឃើញទាំងអស់ ទោះស្លាប់ឬរស់ក៏ដោយ។ ឥឡូវនេះអាកាសធាតុមិនមានបញ្ហាអីទេ តែភ្លៀងដោយកន្លែង។ យើងនៅបន្តប្រតិបត្តិការ ស្វែងរក ហើយសហការជាមួយប្រទេសជិតខាង»។

លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ
 
សូមជម្រាបថា កាលពីថ្ងៃទី២២កញ្ញា មានករណីលិចទូក នៅចំណុចចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ នៅលើទូកនោះ មានជនជាតិចិនសរុបចំនួន ៤១នាក់ ក្នុងនោះស្រី៣នាក់។ ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្ដល់ប្រាក់លើកទឹកចិត្ត ដល់អ្នកជួយសង្គ្រោះជនរងគ្រោះក្នុងម្នាក់ ទទួលបានទឹកប្រាក់ ២លានរៀល៕
 
 
 

Tag:
 លិចទូក
  ជនជាតិចិន
© រក្សាសិទ្ធិដោយ thmeythmey.com