ជាតិ
អាជ្ញាធរថា ជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់ មិនទាន់ធ្ងន់ធ្ងរទេ
24, Sep 2022 , 4:49 pm        
រូបភាព
លោក​ សុខ​ ណារ៉េត​ ចុះ​មេីល​ស្ថានភាព​ទឹកលិចនៅ​ភូមិ​សាស្ត្រ​ស្រុកក្រឡាញ់
លោក​ សុខ​ ណារ៉េត​ ចុះ​មេីល​ស្ថានភាព​ទឹកលិចនៅ​ភូមិ​សាស្ត្រ​ស្រុកក្រឡាញ់
ជំនន់ទឹកភ្លៀង គួបផ្សំនឹងទឹកហូរពីភ្នំដងរែក ខេត្តឧត្តរមានជ័យ បានប៉ះពាល់ដល់ឃុំចំនួន១០ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំពោះជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់នេះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្ដីទី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅរសៀលថ្ងៃទី២៤ កញ្ញានេះ ថា មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
 
ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ នៃខេត្តសៀមរាប មិនទាន់ធ្ងន់ធ្ងរនៅឡើយទេ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្ដីទី អះអាងថា អាជ្ញាធរបានត្រៀមទីទួលសុវត្ថិភាព និងទូកកាណូតសម្រាប់ជម្លៀសពលរដ្ឋ ក្នុងករណីជន់លិចខ្លាំង។ 
 
«ទឹកផ្នែកខាងលើទំនប់ស្ទឹងស្រែង នៅនឹងកម្ពស់ ១៤ម៉ែត្រ។ រហូតមកដល់ពេលរសៀលនេះ ទឹកមិនទាន់ហក់ឡើងទៀតទេ។ សម្រាប់ទឹកនៅស្ទឹងក្រឡាញ់វិញ មានកម្ពស់៨,៩៧ម៉ែត្រ លើសកម្រិតប្រុងប្រយ័ត្ន។ ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ»។ នេះជាការលើកឡើងរបស់លោក សុខ ណារ៉េត ដោយបន្តថា អាជ្ញាធរបានបិទចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់លើកំណាត់ផ្លូវលេខ៦៨។
បើតាមអភិបាលស្រុកស្ដីទីរូបនេះ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ឃុំចំនួន ១០ ខណៈឃុំតាអោន ចាប់ផ្ដើមលិចមុនគេ និងលិចច្រើនជាងគេ។ ជាមួយគ្នានេះ ជំនន់ទឹកភ្លៀងក៏ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះចំនួន ១៧៣៩គ្រួសារ ដោយលិចផ្ទះកម្រិតស្រាលចំនួន ១៦៧៩ខ្នង, លិចទីធ្លាសាលារៀនចំនួន ១៧, លិចបរិវេណវត្តចំនួន ៤ និងលិចមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ផងដែរ។ លើសពីនេះ ក៏ប៉ះពាល់ស្រូវចំនួន ៦៥៥៥ហិកតា និងផ្លូវលំក្នុងភូមិ ប្រវែង  ១៦០៨៨ម៉ែត្រ។

លោក​ សុខ​ ណារ៉េត​ អភិបាល​ស្រុក​ក្រឡាញ់​ស្ដីទី។ រូប​ភាព​ពី​រដ្ឋ​បាល​ស្រុក​ក្រឡាញ់​
 
លោក សុខ ណារ៉េត បញ្ជាក់បន្ថែមបែបនេះ៖«ក្នុងនាមអាជ្ញាធរយើងបានជូនដំណឹង និងត្រៀមទីទួលសុវត្ថិភាព ដោយអាជ្ញាធរភូមិ-ឃុំ បានផ្សព្វផ្សាយជូនពលរដ្ឋឱ្យត្រៀមលក្ខណៈ ជាពិសេសយកចិត្តទុកដាក់ចំពោះអាយុជីវិតមនុស្ស និងសត្វ។ បច្ចុប្បន្ននេះ មិនទាន់មានគ្រួសារណាមួយត្រូវបានជម្លៀសនោះទេ។ ខ្ញុំសង្ឃឹមថាទឹកនឹងស្រក បើសិនមិនមានភ្លៀងធ្លាក់»។ 
 លោក សុខ ណារ៉េត ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ទាំងសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ សត្វពាហនៈ និងទ្រព្យសម្បត្តិ ជាពិសេសទំនាក់ទំនងទៅអាជ្ញាធរក្នុងករណីបន្ទាន់ណាមួយ៕ 
 

រូប​ភាព​ពី​រដ្ឋ​បាល​ស្រុក​ក្រឡាញ់​

 

Tag:
 ស្រុកក្រឡាញ់
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com