ជាតិ
ជនជាតិខ្មែរ និងចិន ១៩នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់នៅខេត្តព្រះសីហនុ
25, Sep 2022 , 12:19 pm        
រូបភាព
រូបតំណាងពីរដ្ឋបាលខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវស្វែងរកជនបរទេសពាក់ព័ន្ធករណីបង្ខាំងមនុស្សកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
រូបតំណាងពីរដ្ឋបាលខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវស្វែងរកជនបរទេសពាក់ព័ន្ធករណីបង្ខាំងមនុស្សកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។
ភ្នំពេញ៖ ជនជាតិខ្មែរ និងចិនចំនួន១៩នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សខុសច្បាប់នៅខេត្តព្រះសីហនុ។ ការឃាត់ខ្លួនមនុស្សទាំង១៩នាក់នេះ ត្រូវបានធ្វើឡើងក្រោយមានជនរងគ្រោះម្នាក់ប្ដឹងតាមទំព័រហ្វេសបុករបស់សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
 

 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៤កញ្ញា ជនសង្ស័យចំនួន១៩នាក់ ក្នុងនោះមានជនជាតិចិន១១នាក់ និងខ្មែរ៨នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សខុសច្បាប់នៅក្នុងសណ្ឋាគារថាមពលថ្មី ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ 
 
ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការពិនិត្យទីតាំងក្រុមហ៊ុន ហ្គាឡាក់ស៊ីវើល មួយទៀតស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ដោយរកឃើញជនបរទេសសរុប៤១៤នាក់ ស្រី៤២នាក់ ក្នុងនោះជនជាតិចិនចំនួន៣៥១នាក់ ស្រីចំនួន៣០នាក់ ឡាវ ចំនួន២នាក់ ស្រីទាំង២នាក់ វៀតណាមចំនួន៤៦នាក់ ស្រី១០នាក់ ម៉ាឡេស៊ី ចំនួន១០នាក់ និងឥណ្ឌា៥នាក់។
ក្នុងចំណោមជនបរទេសទាំង៤១៤នាក់ មាន១៦៨នាក់ ត្រូវបានរកឃើញស្នាក់នៅនិងធ្វើការដោយ គ្មានឯកសារត្រឹមត្រូវ ខណៈជនបរទេសចំនួន២០៨នាក់ទៀត ត្រូវផាកពិន័យ ចំនួន១០៤លានរៀល។ ជនបរទេសដែលបានផាកពិន័យរួច គឺតម្រូវឱ្យស្នើបណ្ណការងារថ្មី ដែលប្រមូលបានអាករសរុប ៦០,៣១០ដុល្លារ។ 
 
ដោយឡែក ចំពោះនិយោជក ឬសហគ្រិន គ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មជនបរទេសខុសពីមាត្រា២៦៤ នឹងត្រូវពិន័យតាមមាត្រា ៣៦៩ នៃច្បាប់ស្តីពីការងារ គិតជាទឹកប្រាក់ពិន័យសរុប២,៥២០,០០០ រៀល។ 
 
ក្នុងករណីប្រើប្រាស់ជនបរទេសគ្មានបណ្ណការងារ លើសពី០៥នាក់ គឺខុសនឹងមាត្រា៣៧២ និងត្រូវពិន័យតាមមាត្រា ៣៧២ នៃច្បាប់ស្តីពីការងារ មានទឹកប្រាក់ពិន័យសរុប ១២,៦០០,០០០រៀល។ ទូទាត់ប្រាក់ឈ្នួល ដែលនៅសល់ ជូនកម្មករ-និយោជិតសរុបចំនួន១០៤នាក់ មានទឹកប្រាក់សរុបចំនួន ២៧,៧៩៦ដុល្លារ គិតត្រឹមថ្ងៃទី២០ ខែកញ្ញា នឹងបន្តទទួលខុសត្រូវករណីមានបណ្ដឹងបន្ថែមទៀត។
 
ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចដាក់វិធានការមួយចំនួន ដោយតម្រូវឱ្យជនបរទេសដែលបានបំពេញនីតិវិធីគ្រប់លក្ខខណ្ឌ និងបានធ្វើកិច្ចសន្យារួចរាល់ ឱ្យចាកចេញពីក្នុងទីតាំងឱ្យអស់ត្រឹមថ្ងៃបញ្ចប់ប្រតិបត្តិការណ៍។ 
 
បិទទីតាំង និងសេវាកម្ម អាជីវកម្មទាំងអស់ក្នុងទីតាំងដី និងអគារក្រុមហ៊ុន ហ្គាឡាក់ស៊ីវើល លើកលែងតែអាហារដ្ឋាន។ អនុញ្ញាតឱ្យដំណើរការសេវាកម្មម្ហូបអាហារ រហូតដល់ជនបរទេសទាំងអស់ចាកចេញអស់ពីទីតាំង និងបញ្ចប់ប្រតិបត្តិការណ៍។ បិទអគារ A C និងE ដើម្បីបន្តការស៊ើបអង្កេតបទល្មើសផ្សេងៗ ដែលចាំបាច់រហូតដល់កិច្ច ស៊ើប អង្កេតត្រូវបានបញ្ចប់ទាំងស្រុង។
 
សេចក្ដីជូនដំណឹងដដែល បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តត្រួតពិនិត្យរដ្ឋបាលតាមបណ្តាទីតាំងអាជីវកម្មដែល សង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្ម ក្នុងករណីរកឃើញ បទល្មើស រហូតដល់ភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូលលែងមានបញ្ហាទាំងនេះ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com