រថយន្ត
អន្តរជាតិ
អាម៉េរិកទម្លាក់កញ្ចប់ថវិកាសម្រាប់ទីតាំងសាកចរន្តរថយន្តអគ្គិសនីនៅ៣៥រដ្ឋដំបូង 26, Sep 2022 , 8:19 am
× ប្រធានាធិបតីអាម៉េរិក បានប្រកាសពីកញ្ចប់ថវិកា៩០០លានដុល្លារសម្រាប់ការសាងសង់បណ្តាញទីតាំងបញ្ចូលចរន្តរថយន្តអគ្គិសនី (EVs) នៅរដ្ឋចំនួន៣៥ ដែលជាជំហានដំបូង។ យោងតាមការផ្សាយរបស់ VOA នេះនេះគឺជាផ្នែកមួយនៃការជំរុញទៅមុខប្រកបដោយមហិច្ឆតារបស់រដ្ឋបាលរបស់លោកលោក ចូ បៃឌិន ដើម្បីឲ្យមានរថយន្តដែលដាក់លក់នៅសហរដ្ឋអាម៉េរិកចំនួន៥០ភាគរយ ជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ខាងមុខ។
ច្បាប់ហេដ្ឋារចនាសម្ព័ន្ធ (Bipartisan Infrastructure Law) មានកញ្ចប់ថវិកា ៧,៥ពាន់លានដុល្លារសម្រាប់ការសាងសង់បណ្តាញទីតាំងសាកចរន្តរថយន្តអគ្គិសនី នៅទូទាំងប្រទេស។ ច្បាប់នេះក៏មានការផ្ដល់ថវិកាចំនួន៧ ពាន់លានដុល្លារផងដែរសម្រាប់ការធានាឱ្យមាននូវខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗសម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី និងថវិកាចំនួន ១០ ពាន់លានដុល្លារទៀតសម្រាប់ចរាចរណ៍ធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាននិងសម្រាប់រថយន្តដឹកសិស្ស។
«ខ្ញុំរីករាយសូមប្រកាសថា យើងអនុម័តកញ្ចប់ថវិកាសម្រាប់រដ្ឋ៣៥ដំបូង រួមទាំង Michigan លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ចូលចរន្តនៅទូទាំងរដ្ឋទាំងនោះ»។ លោក បៃឌិន បានបញ្ជាក់យ៉ាងដូច្នេះ នាអំឡុងនៃព្រឹត្តិការណ៍ Detroit Auto Show ដោយឈរពីមុខរថយន្តអគ្គិសនី ដែលត្រូវបានដាក់តាំង ក្នុងរដ្ឋ Michigan។
លោកបៃឌិន ដែលធ្លាប់ប្រកាសខ្លួនលោកថាជា «អ្នកចូលចិត្តរថយន្ត» (car guy) ត្រូវបានគេបង្ហាញជូនលោកនូវគំរូរថយន្តអគ្គិសនីថ្មីចុងក្រោយបង្អស់ដែលផលិតដោយក្រុមហ៊ុន General Motors ក្រុមហ៊ុន Ford និងក្រុមហ៊ុន Stellantis ហើយលោកបានសាកបើករថយន្ត LYRIQ SUV របស់ក្រុមហ៊ុន Cadillac នៅជុំវិញកន្លែងតាំងពិព័រណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com