ជាតិ
អាជ្ញាធរខេត្តកំពត ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីជំនន់ទឹកភ្លៀងនៅព្រែកកំពង់បាយ
28, Sep 2022 , 3:29 pm        
រូបភាព
រូបភាព ព្រែកកំពង់បាយ នៅពេលស្ថានភាពទឹក នៅធម្មតា
រូបភាព ព្រែកកំពង់បាយ នៅពេលស្ថានភាពទឹក នៅធម្មតា
ដោយ:
ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៨ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង។
 
ភ្លៀងនៅតែបន្តធ្លាក់ជាបន្ដបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ។ ទឹកក្នុងអាងទំនប់ នាថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ មានកម្ពស់១៤៨,៦៩ម៉ែត្រ។ ក្រុមការងារបច្ចេកទេសនៃក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹកចេញ ដែលអាចធ្វើឱ្យទឹកក្នុងព្រែកកំពង់បាយ មានកម្ពស់ខុសពីធម្មតា។  នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត។ 


រូបភាពពីលើ នៃឧទ្យានដងព្រែក ខេត្តកំពត
 
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមភូមិសាស្រ្តខាងលើ ដែលនៅអមសងខាងដងព្រែកកំពង់បាយ និងបងប្អូនប្រជានេសាទ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងស្ថានភាពបែបនេះ។ 
 
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ព្យុះទី១៦ ឈ្មោះ ណូរុ (NORU) កើតឡើងនៅភាគខាងកើតប្រទេសហ្វីលីពីន និងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងប្រទេសកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ ការប្រែប្រួលខាងលើ អាចធ្វើឱ្យចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែម ដែលប៉ះពាល់ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងពោធិ៍សាត់។ 
ចំពោះកម្រិតទឹកភ្លៀង និង ទឹកហូរមកពីប្រទេសថៃនេះ នឹងធ្វើឱ្យបណ្ដាខេត្តទាំង៨ខាងលើ អាចបង្កឱ្យ បណ្ដាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង និង ជំនន់ដោយបរិមាណទឹកហួសកម្រិត។ 
 
ទន្ទឹមហ្នឹងនេះ នៅថ្ងៃទី២៨ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានីយជលសាស្ត្រ ទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបានកំពុងឡើងជាបន្តបន្ទាប់។ លើសពីនេះ ចំពោះស្ថានភាពកម្ពស់ទឹក នឹងបន្តឡើងនៅតាមស្ថានីជលសាស្រ្តទាំង៨នៅក្នុងប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី២៨ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២២នេះ៕ 
 
 
 

Tag:
 ខេត្តកំពត
  ព្រែកកំពង់បាយ
© រក្សាសិទ្ធិដោយ thmeythmey.com