ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក សុន ឆ័យ មិនបាននិយាយក្នុងសវនាការជាង៣ម៉ោង
29, Sep 2022 , 1:40 pm        
រូបភាព
លោកមេធាវី ជូង ជូងី (ពាក់ម៉ាស់) និងលោក សុន ឆ័យ កាន់កាបូបខ្មៅ ដើរចូលតុលាការភ្នំពេញ ដើម្បីចូលរួមសវនាការ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
លោកមេធាវី ជូង ជូងី (ពាក់ម៉ាស់) និងលោក សុន ឆ័យ កាន់កាបូបខ្មៅ ដើរចូលតុលាការភ្នំពេញ ដើម្បីចូលរួមសវនាការ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រោយចេញពីសវនាការ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានរៀបរាប់ពីទិដ្ឋភាពក្នុងសវនាការដល់ក្រុមអ្នកកាសែត ដែលរង់ចាំលោកនៅមុខតុលាការ។ លោក បានលើកពីចំណុច១ថា ក្នុងសវនាការ ដែលចំណាយពេលអស់ជាង៣ម៉ោងនេះ លោក ជូង ជូងី មេធាវីរបស់លោក ពុំត្រូវបានផ្តល់ឲ្យឱកាសឲ្យឡើងនិយាយឡើយ។


លោក សុន ឆ័យ ថ្លែងថា លោកមេធាវី ជូង ជូងី មិនសប្បាយចិត្តឡើយ ព្រោះចៅក្រម មិនផ្តល់ឱកាសឲ្យឡើងនិយាយ ខណៈមេធាវីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានផ្តល់ឱកាសឲ្យឡើងនិយាយម្តងហើយម្តងទៀត។ លោក បន្តថា មេធាវីរបស់លោក រង់ចាំចៅក្រម ហៅឲ្យឡើងបំភ្លឺ តែចៅក្រម ពុំបានហៅឡើយ។

អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បរិយាយដូច្នេះថា៖«[មេធាវីរបស់ខ្ញុំ] គាត់ បានឡើងតវ៉ាថា ហេតុអី បានក្នុងរយៈពេលយ៉ាងយូរនេះ ឃើញតែផ្តល់ឱកាសឲ្យមេធាវីខាងគ.ជ.ប ជាអ្នកឆ្លើយបំភ្លឺ ហេតុអី ខ្លួនគាត់ មិនបានឆ្លើយ? ចៅក្រម បានបញ្ជាក់ថា មកពីគាត់ អត់លើកដៃ។ គាត់ថា ចុះមេធាវីខាងគ.ជ.ប អត់លើកដៃផង ម្តេចក៏ហៅ? ដោយសារគាត់ រក្សាកិត្តិយសលើការងារ បានគាត់ មិនចង់លើកដៃរំខាន ចាំឲ្យចៅក្រមហៅ ព្រោះបើហៅខាងនោះហើយ គួរតែហៅខាងខ្ញុំដែរ»។

លោក ជូង ជូងី អះអាងថា ចៅក្រម ដឹកនាំនីតិវិធី ដោយមិនផ្ដល់សិទ្ធិឲ្យលោកដេញ។ លោក យល់ថា សវនាការនេះ ពុំមានភាពពេញលេញសម្រាប់រូបលោកឡើយ ព្រោះលោក មិនបានសួរដេញដោល និងមិនបានយកចំណុចខ្លាំងទៅការពារកូនក្ដី។ លោក វាយតម្លៃថា នីតិវិធីរបស់ចៅក្រម បានបង្កផលប៉ះពាល់ដល់សិទ្ធិការពាររបស់លោក។

លោកមេធាវីរូបនេះ ថ្លែងដូច្នេះថា៖«ខ្ញុំ គោរពនីតិវិធីរបស់គាត់ ប៉ុន្តែគាត់អត់ផ្ដល់ឱកាសឲ្យខ្ញុំទាល់តែសោះ ខ្ញុំ ក៏ទាមទារសិទ្ធិ ក្នុងការសួរដេញដោលតែម្ដង ដល់អ៊ីចឹង ខ្ញុំមានឱកាសតិចបំផុតក្នុងការសួរដេញដោល ហើយក៏បន្តទៅសន្និដ្ឋានតែម្ដង»។

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុន ឆ័យ ជាមួយមេធាវីរបស់លោក បានចូលទៅតុលាការភ្នំពេញ ដើម្បីតទល់ជាមួយគ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ដែលប្តឹងលោកពីបទបរិហារកេរ្តិ៍។ ការចំណាយពេល១ព្រឹក ក្នុងការបើកសវនាការ មិនគ្រប់គ្រាន់ដើម្បីបញ្ចប់បណ្តឹងទាំង២នេះទេ ដោយអង្គសវនាការ បានត្រឹមបញ្ចប់បណ្តឹងរបស់គ.ជ.បប៉ុណ្ណោះ ឯបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា មិនទាន់ត្រូវបានលើកមកជំនុំជម្រះឡើយ។ សាលក្រម ដែលសម្រេចសេចក្តីលើបណ្តឹងរបស់គ.ជ.ប នឹងត្រូវប្រកាស នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ហើយនៅថ្ងៃនោះ ក៏ជាថ្ងៃ ដែលតុលាការ បន្តបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាដែរ។

អ្វីដែលគ.ជ.ប ចង់បានបំផុត គឺការសំទោសពីលោក សុន ឆ័យ។ ចំពោះសំណងជាទឹកប្រាក់ គ.ជ.ប មិនកំណត់ថា ទាមទារចំនួនប៉ុន្មានពីលោកឡើយ ដោយទុកឲ្យតុលាការ ជាអ្នកសម្រេចទៅតាមច្បាប់កំណត់។ ដោយឡែក គណបក្សប្រជាជនកម្ពុជា ទាមទារប្រាក់១លានដុល្លារពីលោក ជាការសងជំងឺចិត្ត។

លោក សុន ឆ័យ រិះគន់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ត្រូវបានគ្រប់គ្រងស្ទើរទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានការគំរាមកំហែង និងមានការលួចបន្លំសន្លឹកឆ្នោត។ ការរិះគន់ពីចំណុចអវិជ្ជមានលើការបោះឆ្នោតនេះ ជាដើមហេតុដែលជំរុញឲ្យគ.ជ.ប និងគណបក្សកាន់អំណាច ប្តឹងលោក។

នៅពីមុខក្រុមអ្នកកាសែត អនុប្រធានគណបក្សភ្លើងទៀន នៅតែថ្លែងការពារខ្លួនដូចកន្លងមកថា៖«ជាក់ស្តែង យើង អត់មានកំហុសអីទាល់តែសោះ អត់មានចំណុចណា ដែលខ្ញុំបរិហារកេរ្តិ៍គ.ជ.បសោះ»៕

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com