ជាតិ
សង្គមជាតិ
លោក ឃ្លាំង ហួត បកស្រាយចំពោះចម្ងល់ថា ហេតុអ្វីចាប់អ្នកអនាម័យនិងបុគ្គលិក ឯម្ចាស់ហាងដែលទិញម៉ូតូជាផលចោរកម្ម បែរមិនឃើញចាប់?
29, Sep 2022 , 5:30 pm        
រូបភាព
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ទទួលភារកិច្ចបង្ក្រាបទីតាំងលួចទទួលការបញ្ចាំនិងទិញរបស់ជាផលចោរកម្ម (រូបពីគណនីហ្វេសប៊ុករបស់លោក)។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ទទួលភារកិច្ចបង្ក្រាបទីតាំងលួចទទួលការបញ្ចាំនិងទិញរបស់ជាផលចោរកម្ម (រូបពីគណនីហ្វេសប៊ុករបស់លោក)។
ចម្លើយយ៉ាងខ្លីរបស់លោក ឃ្លាំង ហួត គឺដោយសារអ្នកទាំងនោះ ត្រូវរកឃើញថា «សមគំនិត» ជាមួយថៅកែក្នុងការទទួលបញ្ចាំនិងទិញរបស់ជាផលចោរកម្ម ទើបត្រូវចាប់ខ្លួន។


នៅលើបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក គេ បានឃើញសំនួរដូចៗគ្នា ដែលចោទសួរឡើងថា ហេតុអ្វីសមត្ថកិច្ច ចាប់បានតែអ្នកសម្អាត និងបុគ្គលិក ឯថៅកែម្ចាស់ហាង ដែលរកស៊ីទិញម៉ូតូជាផលចោរកម្ម បែរជាមិនឃើញចាប់? សំណួរនេះ លេចឡើងភ្លាមៗ ក្រោយពីសារព័ត៌មាននានា ចុះផ្សាយថា មនុស្ស៩នាក់ ដោយអ្នកខ្លះជាអ្នកសម្អាត និងអ្នកខ្លួះទៀតជាបុគ្គលិកនៅហាងមួយចំនួន ដែលទទួលបញ្ចាំ-ទិញម៉ូតូ ក្នុងផ្សារឃ្លាំរំសេវ ត្រូវបានតុលាការភ្នំពេញ សម្រេចឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ពីបទទទួលផលចោរកម្ម។

បើតាមសារព័ត៌មាន ក្នុងចំណោមមនុស្សទាំង៩នាក់នោះ គ្មានថៅកែឡើយ។ អ្នកទាំង៩នាក់នោះ គឺ ៤នាក់ជាបុគ្គលិក ១នាក់ជាអ្នកទិញ-លក់ម៉ូតូ ១នាក់ជាអ្នកយាមឃ្លាំង ១នាក់ជាអ្នកលក់ដូរ និង ១នាក់ជាអ្នកសម្អាត-ជាអ្នកមើលផ្ទះ។ ២នាក់ចុងក្រោយ ដែលជាអ្នកលក់ដូរ និងជាអ្នកសម្អាត គឺជាស្រ្តី។

ប៉ុន្តែ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបញ្ជាដឹកនាំបង្ក្រាបទីតាំងទទួលបញ្ចាំ-ទិញរបស់ដែលជាផលចោរកម្ម បានបំភ្លឺលើគណនីហ្វេសប៊ុករបស់លោកថា ក្នុងចំណោមអ្នកទាំង៩នាក់នោះ មានថៅកែ២នាក់។ លោក អះអាងថា អ្នកទាំង៩នាក់ខាងលើ ត្រូវបានចាប់ខ្លួនក្នុងករណី២ផ្សេងគ្នា ដោយករណីទី១ ចាប់ថៅកែ១នាក់ និងកម្មករ៤នាក់ ដែលជួយទុកដាក់មើលថែរបស់ចោរកម្ម ករណីទី២ ចាប់ថៅកែ១នាក់ និងកម្មករ៣នាក់ ដែលជួយទុកដាក់មើលថែរបស់ចោរកម្ម។

លោក ឃ្លាំង ហួត សរសេរលើបណ្តាញសង្គមដូច្នេះថា៖«ថៅកែនិងកម្មករ គឺសមគំនិតគ្នាប្រព្រឹត្តបទល្មើស។ សូមមេត្តាទុកជូនតុលាការធ្វើការតាមច្បាប់»។

លោក ឃ្លាំង ហួត បកស្រាយបន្ថែមជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ពេលចោរ យកម៉ូតូទៅបញ្ចាំឬលក់ កម្មករនេះហើយ ដែលជាអ្នកទទួល។ អ្នកដែលបានដឹងថា ជនណាផ្សេងទៀតជាមេខ្លោង ដែលទទួលទិញរបស់ពីចោរ ត្រូវលោក ជំរុញឲ្យប្រាប់ទៅលោកឬសមត្ថកិច្ច ដើម្បីតាមចាប់មេខ្លោងទាំងនោះ ខណៈបច្ចុប្បន្ន សមត្ថកិច្ច កំពុងតាមរកស្រាប់។

លោកអភិបាលរងរូបនេះ ប្រើសម្តីម៉ឺងម៉ាត់ដូច្នេះថា៖«យី អត់ស្គាល់ ឃ្លាំង ហួត ទេអី! ទៅចង់ចាប់អីអាតូចៗ ចង់រកតែអាត្រីធំហ្នឹងហើយ បានឆាប់ចប់ តែមនុស្សរកស៊ីពីណាពីណីមក វា ដឹងកន្លុកកន្លៀតហើយ គ្រាន់តែឃើញ វា រត់បាត់ហើយ មិនល្ងង់ជាងយើងទេ […]»។

នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស។ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ មិនត្រឹមតែបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឡើយ ដោយឈានទៅដល់ការបង្ក្រាបហាងឬទីតាំង ដែលលួចទទួលបញ្ចាំ-ទិញរបស់ជាផលចោរកម្មផងដែរ។

ក្រោមការដឹកនាំរបស់លោក ឃ្លាំង ហួត សមត្ថកិច្ច បានរកឃើញទីតាំងមួយចំនួនហើយក្នុងរាជធានីភ្នំពេញ ដែលលួចទទួលបញ្ចាំ-ទិញម៉ូតូជាផលចោរកម្ម។ សមត្ថកិច្ច បានប្រាប់ឲ្យប្រជាពលរដ្ឋដែលបាត់ម៉ូតូ ទៅរកម៉ូតូរបស់ខ្លួននៅទីតាំងទាំងនោះ ហើយអាចយកម៉ូតូវិញ បើសមត្ថកិច្ច ពិនិត្យមើលឯកសារឃើញថា ពិតជាម៉ូតូរបស់ពួកគាត់មែន៕

Tag:
 ឃ្លាំង ហួត
© រក្សាសិទ្ធិដោយ thmeythmey.com