ជាតិ
សង្គមជាតិ
ពលរដ្ឋតំបន់អង្គរជិត៤ពាន់គ្រួសារហើយ ដែលព្រមចាកចេញទៅរស់នៅភូមិធម្មជាតិរុនតាឯក
01, Oct 2022 , 8:59 am        
រូបភាព
អ្នកភូមិមណ្ឌល៣ សង្កាត់ស្លក្រាម រង់ចាំយកលិខិតស្នាម និងធ្វើតេសមេរោគកូវីដ ត្រៀមចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេច ហ៊ុន សែន នៅថ្ងៃទី១ តុលា នាភូមិធម្មជាតិរុនតាឯក។
អ្នកភូមិមណ្ឌល៣ សង្កាត់ស្លក្រាម រង់ចាំយកលិខិតស្នាម និងធ្វើតេសមេរោគកូវីដ ត្រៀមចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេច ហ៊ុន សែន នៅថ្ងៃទី១ តុលា នាភូមិធម្មជាតិរុនតាឯក។
សៀមរាប៖ ជាងមួយខែមកហើយ ដែលចលនាកៀរគរពលរដ្ឋឱ្យស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ព្រមចេញទៅរស់នៅភូមិធម្មជាតិរុនតាឯក តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ពលរដ្ឋកំពុងរស់នៅតាមភូមិក្បែរតំបន់ប្រាសាទ ដែលគេហៅថាតំបន់១ និងតំបន់២ មួយភាគធំបានព្រមទទួលយកគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយយល់ថា ទីតាំងថ្មីនោះ ពួកគេមានកម្មសិទ្ធិស្របច្បាប់សម្រាប់រស់នៅនាពេលអនាគត។ ត្រឹមថ្ងៃទី៣០ កញ្ញា មានពលរដ្ឋជិត៤ពាន់គ្រួសារហើយ ដែលព្រមចេញពីភូមិចាស់ ទៅកសាងជីវិតនៅភូមិថ្មី។
 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប គឺអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ហាយ យង់ មន្រ្តីរដ្ឋបាលក្រុងសៀមរាប និងជាអ្នកសម្របសម្រួលលើការងារកៀរគរពលរដ្ឋខាងលើនេះ៖ 




 
 


ពលរដ្ឋភូមិមណ្ឌល៣ រង់ចាំយកលិខិតស្នាមចូលរួមកម្មវិធីសំណេះសំណាលរបស់សម្ដេច ហ៊ុន សែន។

ពលរដ្ឋសរុបចំនួន ៣,៨៦៨គ្រួសារហើយ ដែលស្ម័គ្រចិត្តទទួលយកគោលការណ៍រស់នៅភូមិអភិវឌ្ឍន៍ថ្មីនៅរុនតាឯក ស្រុកបន្ទាយស្រី។ តាមការរៀបរាប់របស់លោក ហាយ យង់ ក្នុងចំណោមនោះរួមមាន សង្កាត់គោកចក មាន៣ភូមិ គឺភូមិត្រពាំងសេស ភូមិទស្សិណត្បូង និងភូមិវាល។ សង្កាត់ស្លក្រាម មានភូមិមណ្ឌល៣ និងខ្លះទៀតនៅសង្កាត់នគរធំ។ 
 
ភូមិមណ្ឌល៣ ដែលនៅបាំងព្រៃចម្ងាយជាងមួយគីឡូម៉ែត្រពីប្រាសាទអង្គរវត្ត មានចំនួន ១៤០០ខ្នងផ្ទះ ឬគ្រួសារ តែអាចមានខ្ទង់២ពាន់គ្រួសារ ទាំងសមាជិកដែលមិនទាន់បែកគ្រួសារ។ បច្ចុប្បន្ន ពលរដ្ឋសម្រេចចាកចេញចំនួន ៩៥៤គ្រួសារ ឬស្មើនឹង៥០ភាគរយហើយ។ 
 
តាមការពន្យល់របស់លោក ហាយ យង់ អ្នកស្ម័គ្រចិត្តភាគច្រើនយល់ថា ពួកគេនឹងទទួលបានដីកម្មសិទ្ធិស្របច្បាប់ ខុសពីបច្ចុប្បន្នដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាដីកម្មសិទ្ធិគ្រប់គ្រងដោយរដ្ឋ និងមិនស្របច្បាប់។ ចំណែកអ្នកដែលមិនទាន់សម្រេចចិត្ត ពួកគេនៅស្ដាយស្រណោះទ្រព្យសម្បត្តិដូចជាសំណង់ផ្ទះធំ និងបារម្ភពីជីវភាពនៅតំបន់ថ្មីជាដើម៕
 

 លោក ហាយ យង់ មន្រ្តីនៃរដ្ឋបាលក្រុងសៀមរាបកំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី៣០ កញ្ញា នៅភូមិមណ្ឌល៣។
 
 
 

Tag:
 រមណីយដ្ឋានអង្គរ
  បេតិកភណ្ឌ
  ភូមិធម្មជាតិរុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com