ជាតិ
ទំនេរពីការនេសាទត្រី លោក ប៊ូ សុផាត ឆ្លៀតដឹកទេសចរកម្សាន្តនៅរមណីយដ្ឋានទំនប់ម្លិច ដើម្បីជីវភាព
02, Oct 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ លោក ប៊ូ សុផាត ជាអ្នកបើកទូកជូនទេសចរកម្សាន្តម្នាក់នៅរមណីយដ្ឋានទំនប់ម្លិច ក្នុងស្រុកជុំគិរី ខេត្តកំពត។ លោកបានប្រកបរបរនេះប្រមាណ៥ឆ្នាំមកហើយ ដើម្បីបំពេញជីវភាពឱ្យកាន់តែមានភាពល្អប្រសើរ។ លោក សុផាត ចាប់ផ្តើមការងាររៀងរាល់ព្រឹកម៉ោង៧ រហូតដល់អស់ភ្ញៀវ ដោយទេសចរម្នាក់ត្រូវចំណាយ ៥ពាន់រៀល ក្នុងការជិះទូកកម្សាន្តមួយជុំ។
 
របរនេះ ពឹងផ្អែកច្រើនលើចំនួនភ្ញៀវទេសចរ ដែលទៅកម្សាន្ត។ ជាក់ស្តែង នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យ បុរសសម្បុរស្រអែមរូបនេះ អាចរកចំណូលបានចន្លោះពី ១០ទៅ ២០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ប៉ុន្តែថ្ងៃខ្លះ អ្នកបើកទូករូបនេះរកចំណូលបានប្រហែល ២ម៉ឺនប៉ុណ្ណោះ។ 
 
ជាមេគ្រួសារ ដែលមានកូនស្រីតូចៗ២នាក់ បុរសវ័យ៣០ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមថា៖«របររត់ទូកនេះ ខ្ញុំមកធ្វើតែពេលទំនេរប៉ុណ្ណោះ ព្រោះខ្ញុំក៏ជាអ្នកនេសាទដែរ។ ខ្ញុំទំនេរពីការនេសាទ ទើបខ្ញុំមករត់ទូក។ ខ្ញុំនេសាទមួយថ្ងៃបាន ៤ទៅ៧គីឡូក្រាម ហើយបោះឱ្យគេមួយគីឡូក្រាម ៨ពាន់រៀល តែបើលក់ខ្លួនឯងបាន១ម៉ឺនរៀល»។ 
 
រមណីយដ្ឋានទំនប់ម្លិច ជាទីកម្សាន្តមួយកន្លែង ដែលទេសចរទៅកម្សាន្តខេត្តកំពត មិនងាយរំលងទីនេះឡើយ ដ្បិតជាកន្លែងដែលអាចសម្រាកអារម្មណ៍ជាមួយទេសភាពពណ៌បៃតង និងខ្យល់បរិសុទ្ធ។ លើសពីនេះ ទេសចរ ក៏អាចជិះទូកកម្សាន្ត និងគយគន់ទេសភាពព្រៃភ្នំផងដែរ៕​ 
 














Tag:
 ព័ត៌មានរូបភាព
  ទេសចរណ៍
  រមណីដ្ឋានទំនប់ ម្លិច
  កំពត
  ទូកកម្សាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com