រថយន្ត
អន្តរជាតិ
ឥណ្ឌាជាទីតាំងដំបូងសម្រាប់​ Mercedes Benz ក្នុងការដំឡើងរថយន្តអគ្គិសនី​នៅក្រៅអាល្លឺម៉ង់
03, Oct 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុន​យានយន្តអាល្លឺម៉ង់ Mercedes Benz កាលពីពេល​ថ្មីៗកន្លងមកនេះ បាន​សម្ពោធទីតាំង​ដំឡើង​រថយន្តអគ្គិសនី EQS 580 ប្រភេទ Sedan នៅក្នុង​ប្រទេសឥណ្ឌា។ បើតាមការផ្សាយរបស់ ETAuto អាល្លឺម៉ង់នៅ​តែជាទីតាំងចម្បង​នៃរោង​ចក្រ​រថយន្តអគ្គិសនី​របស់ Mercedes Benz ប៉ុន្តែឥណ្ឌាត្រូវចាត់ទុក​ទីតាំង​ខាងក្រៅ​ដំបូង​បំផុត​ផងដែរ​ក្នុងការ​ដំឡើង​រថយន្ត EV នៅឥណ្ឌា ក្នុងចំណោម​ក្រុមហ៊ុនយានយន្តកំពូល​ៗ​លើ​ពិភពលោក។
 
«ជាសាកល រថយន្ត EQS ផលិត​នៅ​រោងចក្រ​មេក្នុង​ក្រុង Sindelfingen ប្រទេសអាល្លឺម៉ង់ ហើយឥណ្ឌាជាមូល​ដ្ឋាន​នៃ​រោង​ចក្រ​ដំឡើង​រថយន្ត EVs ដំបូង​បំផុត​ដែលនៅក្រៅ​ប្រទេសអាល្លឺម៉ង់»។ នេះជាការ​គូស​បញ្ជាក់​របស់​លោក Venkatesh Kulkarni នាយកផ្នែក​ប្រតិបត្តិការនៃ Mercedes-Benz India។
 
​មាន​មូលដ្ឋាននៅក្រុង Chakan នៃស្រុក Pune រដ្ឋ Maharashtra រោង​ចក្រនេះ កន្លងមក បាន​ផលិត​រថយន្ត​១៤ម៉ូដែល ដោយមាន​បុគ្គលិក​១៤០នាក់ និងជំនាញ​ការ​ផ្នែក​រថយន្តអគ្គិសនី​ប្រមាណ​៣០នាក់។ រថយន្ត Mercedes-Benz EQS 580 ជាម៉ូដែលអគ្គិសនីទីពីរ​របស់ក្រុមហ៊ុន ហើយ​ក៏ជាម៉ូដែល​ដំបូងបំផុត​ដែលដំឡើងនៅឥណ្ឌា។
 
ETAuto បាន​លើកឡើង​ថា ការនាំ​ចូល​រថយន្តទាំងមូល CBU (Completely Built Unit) ត្រូវចំណាយ​លើ​ពន្ធខ្ពស់នៅឥណ្ឌា ខណៈ​រថយន្តដែល​ដំឡើង CKD (Completely Knocked Down) មាន​តម្លៃ​នាំ​ចូល​ទាបជាង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com