ជាតិ
សង្គមជាតិ
សង្គមស៊ីវិលថា អាជ្ញាធរគ្មានឆន្ទៈចាត់វិធានការលើជនស៊ីវិល ដែលឆ្លៀតឱកាសបន្លំជាសមត្ថកិច្ចឡើយ
06, Oct 2022 , 8:59 pm        
រូបភាព
ជនឆ្លៀតឱកាសដឹកអ្នកល្មើសច្បាប់ចរចារណ៍ទៅបញ្ចាំទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ជនឆ្លៀតឱកាសដឹកអ្នកល្មើសច្បាប់ចរចារណ៍ទៅបញ្ចាំទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ សង្គមស៊ីវិលមើលឃើញ អាជ្ញាធរសព្វថ្ងៃពុំមានឆន្ទៈពិតប្រាកដ ក្នុងការចាត់វិធានការលើជនស៊ីវិលដែលបន្លំជាសមត្ថកិច្ច​ឡើយ ហើយដាក់ការសង្ស័យថា ជាករណីគប់គិតគ្នា។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលច្រានចោលថា ពុំមានក្រុមមទាំងនេះឡើយ។
 
អ្នកតាមដានសង្គម រួមទាំងសង្គមស៊ីវិល សង្កេតអង្កេតឃើញក្រុមជនស៊ីវិល តែងធ្វើសកម្មភាព ពាក់ព័ន្ធនឹងការត្រួតពិនិត្យគ្រឿងញៀន ត្រួតពិនិត្យចរាចរណ៍ និងតាមឃ្លាំមើលលើសកម្មភាពសកម្មជនដែលរិះគន់រដ្ឋាភិបាល។ ហេតុនេះ ពួកគេស្នើឲ្យ រដ្ឋាភិបាលបកស្រាយឲ្យច្បាស់ តើអាជ្ញាធរប្រភេទណាខ្លះ មានសិទ្ធិចេញអនុវត្តសកម្មភាពដោយស្លៀកពាក់ជាជនស៊ីវិល។ 


លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា។ រូបពី ហ្វេសប៊ុករបស់ គីមហុង
 
ទាកទិននឹងក្រុមស៊ីវិល ចេញធ្វើសកម្មភាពជាអាជ្ញាធរនេះ  លោក​ យ៉ង​ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព បានកត់សម្គាល់ឃើញថា អាជ្ញាធរជាអ្នកបណ្ដោយឲ្យកើតឡើង ដោយមិនព្រមទប់ស្កាត់ពីដំបូង។ លើសពីនេះ លោកដាក់ការសង្ស័យថា ជាការគប់គិតគ្នា ដើម្បីប្រយោជន៍រវាងអាជ្ញាធរ ប៉ូលិស និងក្រុមស៊ីវិលឆ្លៀតឱកាសទាំងនោះ។ 
 
អ្នកតាមព្រឹត្តិការណ៍សង្គមរូបនេះ បានលើកពីករណីជនស៊ីវិលចាំយកលុយពីឡានដឹកទំនិញ ខណៈក្រុមប៉ូលិសបែរជានៅជ្រុងម្ខាងទៀតទៅវិញ។ ករណីនេះ លោក គឹមអេង តែងឃើញនៅក្នុងម្ដុំស្ពានដែកចម្ការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
 
«ការយកលុយរបស់ជនស៊ីវិលទាំងនេះ សួរថាប៉ូលិសចរាចរណ៍អត់ដឹង ឬគប់គិតគ្នា!? បើជាការគប់គិតគ្នា គួរតែមានទោស! អ្នកនៅភ្នំពេញទាល់តែជិះយន្តហោះទៅធ្វើការ ទើបមិនអាចឃើញករណីទាំងនេះ។ ករណីមួយទៀត ឃាត់អ្នកល្មើសច្បាប់ចរចារណ៍ឲ្យទៅជួបមេជ្រុងស្ងាត់ម្ខាងទៀត ខ្លះឈរជជែកគ្នារាប់ម៉ោង ខ្លះយើងសង្ស័យថាមានការត្រូវគ្នាដោយដោះដូរលុយក្រោមតុ»។ លោក គឹមអេង រិះគន់បែបនេះ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម ហើយបន្ថែមថា សម្រាប់មន្ត្រីរាជការធំៗ បើមានបំណងចង់ឃើញករណីទាំងនេះ ពុំចាំបាច់រៀបក្បួនឬបញ្ចៀសចរាចរណ៍មុននោះទេ ដោយគ្រាន់តែធ្វើដំណើរឯកជនធម្មតានឹងប្រទេះឃើញហើយ។ 


លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព។ រូបពី We Act Cambodia
 
ជុំវិញបញ្ហាក្រុមស្លៀកពាក់ស៊ីវិល ពុំមែនមានតែការចុះត្រួតពិនិត្យករណីគ្រឿងញៀន និងចរាចរណ៍តាមដងផ្លូវឡើយ សូម្បីករណីវិវាទតវ៉ា ក៏ឃើញក្រុមស្លៀកពាក់ស៊ីវិលដែរ។ សង្គមស៊ីវិលរូបនេះ តែងឃើញជនស្លៀកពាក់ស៊ីវិល ដើរតួជាប្រជាការពារ ឬជាអ្នកឃ្លាំមើល ក្នុងករណីតវ៉ាណា ពិសេសការរិះគន់រដ្ឋាភិបាល។ 
 
លោក គឹមអេង សង្កត់ធ្ងន់ថា៖ «ទាំងនេះអាចជាអំពើខុសច្បាប់ ខណៈអាជ្ញាធរឲ្យជនស៊ីវិលដែលពុំបានដឹងនីតិវិធីច្បាប់អនុវត្តច្បាប់ ព្រោះគ្មានជំនាញច្បាស់លាស់»។ 
 
ទន្ទែមនឹងនេះ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជាក៏ពិនិត្យឃើញដូចលោក គឹមអេង ដែរ និងស្នើឲ្យអាជ្ញាធរជំនាញ ចាត់វិធានការកំណត់ក្រុមគោលដៅដែលបំពេញការងារ មានឯកសណ្ឋានសម្គាល់ឲ្យបានត្រឹមត្រូវ។ 
 
«អាជ្ញាធរជំនាញ គួរបង្ហាញជាសាធារណថាតើប្រភេទណា ត្រូវស្គាល់ជាអាជ្ញាធរជំនាញ ឬនរគលយុត្តិធម៌ ហើយត្រូវតម្រូវឲ្យពាក់កាតឲ្យសម្គាល់ ដើម្បីងាយស្រួលកត់ចំណាំថា ជនស៊ីវិលទាំងនោះប្រព្រឹត្តបទល្មើសខុសឆ្គងលើពលរដ្ឋ»។ លោក គីមហុង ប្រាប់សារព័ត៌មានថ្មីៗបែបនេះ តាមប្រព័ន្ធតេឡេក្រាម។ 
 
ជុំវិញបញ្ហាខាងលើនេះ លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការដ្ឋាននរគបាលជាតិ សុំមិនឆ្លើយតប ដោយសារលោកចាត់ទុកជាករណីមិនជាក់លាក់ គឺក្រុមសង្គមស៊ីវិលចេះតែលើកឡើង ពុំមានភស្តុតាងជាក់ស្ដែង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកចោទសួរសង្គមស៊ីវិលវិញបែបនេះ៖ «ឥឡូវដាក់ចំណុចទីតាំង និងពេលវេលាឲ្យច្បាស់ ពីក្រុមជនស៊ីវិលដែលសង្គមស៊ីវិលហ្នឹងលើកមក! បើមិនអ៊ីចឹង រកមិនឃើញទេ ព្រោះគ្មានភស្តុតាងជាក់លាក់»។ 
លោក គឹមខឿន ស្នើឲ្យមានភ័ស្តុតាងជាក់លាក់ ទើបក្រុមការងារនឹងចុះទៅពិនិត្យ ។ លោកចោទវិញថា ក្រុមសង្គមស៊ីវិលតែងតែបំផុសរឿងរ៉ាវឲ្យកើតមានឡើងជាបន្តបន្ទាប់។ 
 
យ៉ាងណា សង្គមស៊ីវិលទាំងពីររូបយល់ថា ករណីនេះ អាជ្ញាធរគួរតែចុះសើបអង្កេត ពុំមែនរង់់ចាំនរណាម្នាក់យកភស្តុតាងទៅជូនឡើយ ខណៈតួនាទីជាអាជ្ញាធរបម្រើប្រជារាស្រ្ត។ ជាមួយគ្នាដែរ ករណីជនស៊ីវិល ឆ្លៀតឱកាសបន្លំជាអាជ្ញាធរនេះ ជារឿងធំ ព្រោះអាចប៉ះពាល់មុខមាត់របស់អាជ្ញាធរពាក់ព័ន្ធ សណ្ដាប់ធ្នាប់សាធារ និងសន្តិសុខរបស់ពលរដ្ឋ។ 
កាលពីចុងខែកញ្ញានេះ មហាជនបានរិះគន់ ជុំវិញករណីបុរសម្នាក់បានបញ្ចាំទូរស័ព្ទ ដើម្បីយកលក់បង់ថ្លៃផាកពិន័យឲ្យប៉ូលិសចរាចរណ៍។ 
 
គ្រានោះសាធារណជន ហួសចិត្តចំពោះជនស៊ីវ៊ិល ដែលដឹកបុរសល្មើសច្បាប់ចរាចរណ៍នោះ ទៅបញ្ចាំទូរស័ព្ទ។ ប៉ុន្តែ ប៉ូលីសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយថា ជនដែលដឹកបុរសនោះ ទៅបញ្ចាំទូរស័ព្ទ គឺជនស៊ីវិល ដែលឆ្លៀតឱកាសកេងចំណេញ។ 
 
សូមជម្រាបដែរថា កាលពីអំឡុងខែសីហា ស្នងការរាជធានីភ្នំពេញ បានបង្កើតក្រុមការងារតាមខណ្ឌទាំង១៤នៅភ្នំពេញ ហើយប្រកាសលេខទំនាក់ទំនងដល់ពលរដ្ឋ ឲ្យជួយចូលរួមផ្ដល់ព័ត៌មានផងដែរ ក្នុងករណីឃើញក្រុមស៊ីវិល ឬអាជ្ញាធរណា ដែលឃាត់ពលរដ្ឋឲ្យពុំមានឯកសណ្ឋានត្រឹមត្រូវ៕ 
 
 

Tag:
 ជនស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com