ជាតិ
សង្គមជាតិ
អ្នកឃុំបាគង មិនស្ងប់ចិត្ត និងបារម្ភពីការបង្ខំឱ្យចាកចេញទៅរុនតាឯក
07, Oct 2022 , 8:59 pm        
រូបភាព
page លោក ស៊ឹម និងភរិយា បង្ហាញបណ្ណអនុញ្ញាតសាងសង់ផ្ទះនៅភូមិឪឡោក ឃុំបាគង ដែលចេញដោយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក
page លោក ស៊ឹម និងភរិយា បង្ហាញបណ្ណអនុញ្ញាតសាងសង់ផ្ទះនៅភូមិឪឡោក ឃុំបាគង ដែលចេញដោយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក
សៀមរាប៖ ប្រជាពលរដ្ឋនៅឃុំបាគង និងឃុំរលួស សរុប៨ភូមិ នៃស្រុកប្រាសាទបាគង បានផ្ទុះការតវ៉ាទ្រុងទ្រាយធំនៅចុងសប្ដាហ៍នេះ ដោយបដិសេធមិនព្រមចាកចេញទៅរស់នៅភូមិអភិវឌ្ឍន៍ថ្មី នៅរុនតាឯក ឬតំបន់ពាក់ស្នែងជាដាច់ខាត។ ពួកគេអះអាងថា មានដូនតារស់នៅភូមិបុរាណក្បែរប្រាសាទនេះរាប់ជំនាន់មកហើយ និងបារម្ភពីការកសាងជីវភាពនៅទីតាំងថ្មី។
 
ពលរដ្ឋនៅភូមិឪឡោក ដែលផ្ទុះការតវ៉ានៅថ្ងៃទី៦ ខែតុលា នៅបរិវេណសាលាឃុំបាគង លោក ស៊ឹម ស៊ា បានឱ្យដឹងថា លោកកំពុងស្ថិតនៅស្ថានភាពមួយដែលពិបាក តែមិនសូវស្មុគស្មាញពេកដែរ ដោយបញ្ជាក់ថា រង់ចាំមើលស្ថានការណ៍នៅចុងក្រោយ។ បុរសវ័យ ៦៧ឆ្នាំរូបនេះរៀបរាប់ថា៖« គេមកសួរថា មានចង់ទៅតំបន់រុនតាឯកទេ ខ្ញុំថាមិនទាន់ស្ម័គ្រទេ ព្រោះនៅចាំមើលអ្នកភូមិគេទាំងអស់ បើគេទៅខ្ញុំក៏ទៅ អត់មានប្រកែកមួយម៉ាត់ទេ ឱ្យតែស្ម័គ្រតែម្នាក់ខ្ញុំ ខ្ញុំមិនទាន់ស្ម័គ្រទេ បើសម្ដេចមានអនុសាសន៍ថា ភូមិនេះនៅមិនបានទេ ទៅទាំងអស់គ្នា ខ្ញុំទៅ អត់មានប្រកែកទេ»។ 


ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង
 
លោក ស៊ឹម ស៊ា ដែលមានផ្ទះនៅខាងត្បូងប្រាសាទព្រះគោ ប្រមាណ១០០ម៉ែត្រនោះ អះអាងថា មានដូនតានៅទីនេះច្រើនជំនាន់មកហើយ និងមិនធ្លាប់ចេញឆ្ងាយពីភូមិកំណើតទេ ក្រៅតែពីការបង្ខំឱ្យចាកចេញនៅសម័យសង្រ្គាមឆ្នាំ ១៩៧៥។ លោកមានអារម្មណ៍ស្ដាយស្រណោះជាខ្លាំង ប្រសិនបើមានការបង្ខំឱ្យចាកចេញពីភូមិឋានក្នុងតំបន់រលួស ដែលជាអតីតរាជធានីមុនសម័យអង្គរនេះពិតមែន។
 
«ស្លាកយូណេស្គូនៅមុខប្រាសាទដាក់ថា អ្នកចាស់នៅតកូនតចៅបានតែម្នាក់ (ផ្ទះមួយខ្នង) គឺនៅរហូត ហើយផ្ទះធ្វើមានច្បាប់ត្រឹមត្រូវ (ច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ បើដីខ្ញុំ៣ហិកតាជាង ឱ្យខ្ញុំតែ២០, ៣០ (២០គុណ៣០ម៉ែត្រ) សំណងមិនសមរម្យទេ»។ នេះជាការលើកឡើងបន្ថែមរបស់លោក ស៊ឹម ស៊ា ប្រាប់មកអ្នកសារព័ត៌មាន។ 
 
ចាស់ៗមួយក្រុម មានគ្នា៧នាក់ កំពុងជជែកគ្នា នៅក្រោមផ្ទះមួយខ្នងក្នុងភូមិឪឡោក បែបទំនងមិនឆ្ងាយពីរឿងការតវ៉ារបស់ពលរដ្ឋ ដែលប្រតិកម្មរឿងការប្រឈមនឹងការចាកចេញនោះឡើយ។ 
 
លោក ស៊ាង ហ៊ុំ វ័យ៦៧ឆ្នាំ ប្រាប់ថា លោកអាចនឹងពិបាកមកធ្វើការងារជាប្រចាំនៅតំបន់រលួសនេះ ប្រសិនគេឱ្យចេញទៅរស់នៅភូមិរុនតាឯកពិតមែន។ សព្វថ្ងៃ លោកមានការងារជាកម្មករជួសជុលប្រាសាទ មានប្រាសាទព្រះគោ បាគង និងប្រាសាទលលៃ ដែលមានប្រាក់កម្ចៃប្រចាំថ្ងៃ ២៥,០០០រៀល។ លោក ស៊ាង ហ៊ុំ ចាប់អាជីពនេះតាំងពីឆ្នាំ ២០០៣មក។
 
ធ្លាប់ធ្វើជាមេភូមិឪឡោកជាង១០ឆ្នាំ លោក ស៊ាង ហ៊ុំ រំឭកថា អ្នកភូមិនេះមានជីវភាពរស់នៅសមរម្យ និងមានភាពសុខសាន្តក្នុងការរស់នៅភូមិបុរាណនេះ ដែលអំណោយផលដល់ការរស់នៅ ហើយពលរដ្ឋមិនចង់រស់នៅឆ្ងាយទេ។ 
 
ការព្រួយបារម្ភរបស់អ្នកភូមិកើតឡើងក្រោយពេលក្រុមការងារអាជ្ញាធរជាតិអប្សរា និងក្រសួងរៀបចំដែនដី បានចុះសាកសួរតាមខ្នងផ្ទះ ដោយនិយាយអូសទាញ និងការផ្តល់គោលការណ៍ឧបត្ថម្ភពលរដ្ឋជាច្រើន ធ្វើយ៉ាងណាឱ្យពលរដ្ឋចាកចេញពីភូមិទៅរស់នៅតំបន់ថ្មី។ នេះជាការអះអាងរបស់ប្រជាពលរដ្ឋនៅភូមិឪឡោក។ 
 
អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង ដែលចូលរួមសម្របសម្រួលជាមួយពលរដ្ឋតវ៉ា បានឱ្យដឹងថា ការតវ៉ានេះ ដោយសារពលរដ្ឋមិនចង់ចាកចេញ និងបារម្ភពីជីវភាពនៅពេលទៅកន្លែងថ្មី។ លោក សូរ ប្លាតុង៖« អ្នកភូមិបាគងនិយាយរួមទៅ សុទ្ធតែអ្នកចាស់ៗ មិនខុសពីព្រះដាក់ទេ និយាយរួម ការមកតវ៉ាទី១ ចិត្តគាត់មិនចង់ទៅតែម្ដង ទី២ គាត់ថាការដោះស្រាយឱ្យសមស្របតាមតម្រូវការពួកគាត់ផង ចង់ឱ្យមានគោលនយោបាយច្រើនជាងហ្នឹង ដូចគេដូចឯង មួយទៀតគាត់សំណូមពរ ដូចករណីគាត់ជំពាក់លុយធនាគារអីទៅ គោលនយោបាយមួយលានជាងហ្នឹង មិនដឹងបានអីទៀត ហើយបើរើផ្ទះគាត់ទៀត មិនដឹងរកស៊ីអី នៅកន្លែងថ្មី»។
 
មានភូមិចំនួន២៨ នៃស្រុកប្រាសាទបាគង ដែលជាប់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ភូមិចំនួន៨ ជាគោលដៅ ដែលអាជ្ញាធរចុះផ្សព្វផ្សាយ និងសួរនាំពលរដ្ឋពីការសម្រេចចិត្តចេញទៅរស់នៅតំបន់ថ្មី។ តាមលោក សូរ ប្លាតុង ភូមិទាំងនោះរួមមាន ៤ភូមិនៅឃុំបាគង ២ភូមិនៅឃុំរលួស និង២ភូមិទៀតនៅឃុំអំពិល ដោយសារភូមិទាំងនោះស្ថិតនៅទីតាំងនៃគម្រោងស្ដារបារាយណ៍លលៃ និងភូមិឋាននៅជិតប្រាសាទខ្លាំង ឬតំបន់១។
 
លោក សូរ ប្លាតុង បញ្ជាក់ទៀតថា៖« ខ្ញុំយកសំណូមពរពួកគាត់ ដល់ថ្នាក់ដឹកនាំ និងជម្រាបដល់គាត់វិញពេលមានការសម្រេចចិត្តបែបណាទៀត ហើយបើមានផែនការ និងការសម្រេចយ៉ាងម៉េច ចាំជម្រាបគាត់តាមក្រោយ»។ លោកបន្ថែមថា ពុំទាន់មានការធ្វើជំរឿនគ្រួសារដែលប៉ះពាល ក្នុងផែនទីដែលស្នើ ឬផ្សព្វផ្សាយឱ្យចាកចេញនោះទេ។
 
យ៉ាងណាមិញ អភិបាលស្រុកប្រាសាទបាគងអះអាងថា ក៏មានពលរដ្ឋប្រមាណ១០គ្រួសារហើយដែរ ដែលស្ថិតក្នុងគម្រោងប៉ះពាល់ការស្ដារបារាយណ៍លលៃ បានសម្រេចស្ម័គ្រចិត្តចាកចេញ និងចាប់ដីឡូតិ៍ទំហំ២០ គុណ៣០ម៉ែត្រ ជាថ្នូរនឹងការរើសំណង់ផ្ទះ។
 
គួរបញ្ជាក់ថា ការតវ៉ារបស់អ្នកភូមិបាគងនៅពេលនេះ គឺក្រោយមួយថ្ងៃដែលពលរដ្ឋឃុំព្រះដាក់រាប់រយគ្រួសារ បានលើកគ្នាតវ៉ានៅបរិវេណសាលាឃុំ ដោយសំណូមពរទៅប្រមុខរាជរដ្ឋាភិបាល កុំឱ្យពួកគេចាកចេញពីភូមិកំណើត។ មួយថ្ងៃបន្ទាប់មកទៀត គឺថ្ងៃទី៧ តុលា ពលរដ្ឋនៅសង្កាត់គោកចក ក៏នាំគ្នាប្រមូលផ្តុំមុខសង្កាត់ ស្នើកុំឱ្យបណ្ដេញពួកគេចេញដូចគ្នា។
 
ចំពោះបញ្ហានៅឃុំព្រះដាក់ សម្ដេច ហ៊ុន សែន នាថ្ងៃទី៦ ខែតុលា ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» នាសណ្ឋាគារសុខាភ្នំពេញ បានតបវិញថា កុំឱ្យអ្នកឃុំព្រះដាក់បារម្ភ អាជ្ញាធរមិនរុះរើផ្ទះពួកគេឡើយ ហើយគម្រោងស្ដារបារាយណ៍ខាងកើត ក្រុមការងារកំពុងសិក្សាលម្អិត បើអាចបញ្ចូលទឹកមួយផ្នែកតែប៉ុណ្ណោះ។ សម្ដេចក៏បានចាត់រដ្ឋមន្រ្តី លោក ជា សុផារ៉ា និងលោកស្រី ភឿង សកុណា ចុះជួបផ្ទាល់នឹងប្រជាពលរដ្ឋដើម្បីពន្យល់ជុំវិញរឿងទាំងនេះផងដែរ៕
 
 
 
 
 
 
 
 
 
​​​​​​​​​​​​​​​​​​​​​​​​​​​
 
 
 

Tag:
 រមណីយដ្ឋានអង្គរ
  បាគង
© រក្សាសិទ្ធិដោយ thmeythmey.com