ជាតិ
បុណ្យអុំទូក
បាត់ដំបង នឹងប្រារព្ធពិធីបុណ្យអុំទូកធម្មតា ក្រោយជំនន់ទឹកភ្លៀងស្រកចុះច្រើន
08, Oct 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រោយរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាច្រើនថ្ងៃ ស្ថានភាពទឹកក្នុងខេត្តបាត់ដំបងបានស្រកចុះ និងមានកម្ពស់ទឹកសមល្មមសម្រាប់រៀបចំពិធីបុណ្យអុំទូក។ ទឹកចាប់ផ្តើមស្រក ដែលបច្ចុប្បន្នមានកម្ពស់ជាង១០ម៉ែត្រ។
 
ចំពោះស្រុកទាំង៨ ដែលបានធ្លាប់រងគ្រោះដោយសារជំនន់ទឹកភ្លៀង ពេលនេះមានស្រុកមួយចំនួនបានស្រកទឹកបណ្តើរៗ ប៉ុន្តែស្រុកមួយចំនួននៅលិចលង់នៅឡើយ។ ចំពោះស្ថានភាពទឹកនៅទីរួមខេត្តបាត់ដំបងផ្ទាល់ ក៏មានភាពប្រសើរឡើងច្រើន ដែលអំណោយផលដល់ការប្រារព្ធពិធីបុណ្យអុំទូកខាងមុខ។ 
 
លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ពីការរៀបចំពិធីបុណ្យអុំទូក ក្រោយស្ថានភាពទឹកស្រកដូច្នេះថា៖«អុំទូកក្នុងខេត្តបាត់ដំបង យើងនឹងអុំថ្ងៃ ៩ និង ថ្ងៃ១០ ខែតុលាខាងមុខនេះ។ តាមការមើលឃើញ យើងអាចអុំទូកបានដោយសប្បាយរីករាយ ហើយបងប្អូនយើងក៏គាត់សាទរដែរ។ ខ្ញុំអាចសន្និដ្ឋានបានថា យើងអាចប្រព្រឹត្តិណ៍បានដោយល្អប្រសើរ។ ទឹកពេលនេះល្មមអុំទូក អត់ច្រើនពេកទេ»។ 


ការរៀបចំទូក សម្រាប់ប្រណាំងនៅថ្ងៃទី ៩និងទី១០ ខែតុលា នៅទីរួមខេត្តបាត់ដំបង។ រូបភាពពី៖ ហ្វេសប៊ុកលោក សុខ លូ 
 
ទន្ទឹមនឹងស្ថានភាពទឹកមានភាពប្រសើរឡើង និងសមល្មមសម្រាប់ប្រារព្ធពិធីបុណ្យអុំទូក រដ្ឋបាលខេត្ត និងក្រុមការងារគណៈកម្មាការជាច្រើន បានត្រៀមវិធានការការពាររួចជាស្រេចសម្រាប់បង្ការបញ្ហាដែលកើតមានជាយថហេតុ។ 
 
ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់យ៉ាងហេដ្ឋារចនាសម្ព័ន និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋច្រើនក្នុងខេត្តបាត់ដំបង ជាពិសេសបានឆក់យកជីវិតមនុស្សម្នាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា បញ្ហាគ្រោះធម្មជាតិនេះ ធ្វើឱ្យខេត្តចំនួន ២២ នៅកម្ពុជាទទួលរងគ្រោះ ដោយខេត្តចំនួន ៦ មានស្ថានភាពធ្ងន់ធរជាងគេ៕ 


ស្ថានភាពទឹកស្ទឹងសង្កែ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូបភាពពី៖ ហ្វេសប៊ុកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង


ស្ថានភាពទឹកស្ទឹងសង្កែ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូបភាពពី៖ ហ្វេសប៊ុកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង

 

Tag:
 ទឹកជំនន់
  ខេត្តបាត់ដំបង
  បុណ្យអ៊ុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com