ជាតិ
សង្គមជាតិ
អ្នកស័្មគ្រចិត្តសិង្ហបុរី ចាប់ផ្ដើមអនុវត្តគម្រោងបំពាក់ប្រព័ន្ធទឹកស្អាតឡើងវិញនៅកម្ពុជា
08, Oct 2022 , 6:29 pm        
រូបភាព
ដោយ៖ សុង ដាភា

សៀមរាប៖ អង្គការអន្តរជាតិអ្នកស័្មគ្រចិត្តសឹង្ហបុរី (Singapore International Volunteers-SIV) បានវិលមកខេត្តសៀមរាបសារជាថ្មីម្តងទៀតក្នុងគោលបំណងផ្តល់ទឹកស្អាត និងអនាម័យដល់ប្រជាជនកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការទូទាំងពិភពលោករបស់មូលនិធិអន្តរជាតិសិង្ហបុរី។
 
មូលនិធិអន្តរជាតិសិង្ហបុរី បានប្រកាសបើកដំណើរការនៃដំណាក់កាលទី៣នៃគម្រោង «ទឹកសម្រាប់ជីវិត» នៅខេត្តសៀមរាបនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២។ 
 
ក្រុមអ្នកស័្មគ្រចិត្តសិង្ហបុរី ក៏បានចាប់ដំឡើងម៉ាស៊ីនចម្រោះទឹកតាមរយៈបច្ចេកវិទ្យា Bio-Sand ដែលប្រើប្រាស់ដីខ្សាច់ ដើម្បីចម្រោះទឹកកខ្វក់ក្លាយទៅជាទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមពីនេះ ពួកគេក៏បានចូលរួមក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្សដែលនៅតាមសហគមន៍នៅស្រុកសូទ្រនិគម និងស្រុកជីក្រែងអំពីតម្លៃអនាម័យផងដែរ។ 
 
គម្រោងដំណាក់ទី៣ ចាប់ផ្តើមឡើងវិញបន្ទាប់ពីការបិទខ្ទប់ជំងឺកូវីដ-១៩ អស់រយៈពេលយ៉ាងយូរ ដែលមានវត្តមានអ្នកស័្មគ្រចិត្តចំនួន១៦០នាក់ចូលរួមក្នុងគម្រោងមួយនេះ។ ក្រោមកិច្ចសហការជាមួយនឹងអង្គការ ទឹកសម្រាប់កម្ពុជា និងតាមរយៈការឧបត្ថម្ភរបស់ក្រុមហ៊ុន Ngee Ann Development Pte Ltd. គម្រោងទឹកសម្រាប់ជីវិត បានដាក់គោលដៅចម្បងមួយ គឺផ្តល់ប្រព័ន្ធទឹកស្អាតសម្រាប់ប្រជាជនដែលរស់នៅក្នុងសហគមន៍ចំនួន៥៧០០នាក់។ 
 
គម្រោងនេះ បង្កើតឡើងនៅក្នុងឆ្នាំ២០១០ នៅខេត្តសៀមរាប និងកំពង់ស្ពឺដែលសម្រេចបានសមិទ្ធផលគួរជាទីមោទក ដោយប្រជាជនជាង៧៤០០០នាក់ដែលរស់នៅក្នុងសហគមន៍នានា ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់។ ចាប់តាំងពីពេលនោះមក អ្នកស័្មគ្រចិត្តចំនួន១២១០នាក់បានចូលរួមដំឡើងប្រព័ន្ធចម្រោះទឹកស្អាតដោយប្រើប្រាស់បច្ចេកវិទ្យា Bio-Sand ចំនួន៥៣០០។ 
 
តាមរយៈគម្រោងទឹកសម្រាប់ជីវិត ប្រជាជនដែលទទួលបានផល ក៏បានសម្តែងការពេញចិត្តខ្លាំង ដ្បិតថាជំងឺឆ្លងបណ្តាលមកពីទឹកកខ្វក់បានធ្លាក់ចុះដល់តែ៨៥ភាគរយ។ 
 
កន្លងមក ប្រជាជនជិត ២,៥ លាននាក់រស់នៅទីជនបទនៃកម្ពុជា កំពុងតែជួបប្រទះជាមួយនឹងបញ្ហាកង្វះទឹកស្អាត ដែលប៉ះពាល់ដល់អាយុជីវិត និងបង្កជាជំងឺធ្ងន់ធ្ងរដូចជាជំងឺរាគរូស និងមេរោគប៉ារ៉ាស៊ីតពោះវៀនជាដើម។ 
 
បច្ចេកវិទ្យាចម្រោះទឹកស្អាតបែប Bio-Sand អាចធានាកំចាត់បាក់តេរីរហូតទៅដល់ជាង៩០ភាគរយ  និងប៉ារ៉ាស៊ីតនៅក្នុងទឹកកខ្វក់រហូតទៅដល់ជិត១០០ភាគរយ។
 
លើសពីការជួយដំឡើងប្រព័ន្ធទឹកស្អាតនេះ គម្រោងដដែល ក៏ផ្តោតលើអនាម័យផ្ទាល់ខ្លួនដែលជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងជំងឺផងដែរ។ គម្រោងនេះសង្ឃឹមថា តាមរយៈការអប់រំ និងការបង្កើនការយល់ដឹង ជីវភាពរស់នៅប្រចាំថ្ងៃ និងទម្លាប់អនាម័យរបស់ប្រជាជនក្នុងសហគមន៍នឹងកាន់តែល្អប្រសើរជាងមុន។ 


 
បន្ថែមពីនេះ គម្រោងទឹកសម្រាប់ជីវិត ក៏រួមចំណែកសម្រេចគោលដៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ប្រភពទឹកស្អាត អនាម័យ និងបរិស្ថានស្អាតចំពោះប្រជាជនគ្រប់រូបដែលរស់នៅជនបទនៅក្នុងឆ្នាំ ២០២៥ ក៏ដូចជាចូលរួមក្នុងការសម្រេចគោលដៅនិរន្តភាពទី៦ របស់អង្គការសហប្រជាជាតិក្នុងការពង្រឹងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យនៅក្នុងឆ្នាំ២០៣០។ 
 
លោក Lian Wee Cheow អភិបាលនៃមូលនិធិអន្តរជាតិសិង្ហបុរីដែលជាអង្គការអាណាព្យាបាលរបស់គម្រោងបានថ្លែងថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានវិលត្រឡប់មកខេត្តសៀមរាប។ នេះជាកន្លែងដែលគម្រោងទឹកសម្រាប់ជីវិត បានចាប់ផ្តើមលើកដំបូងកាលពី១២ឆ្នាំមុន។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយនឹងមិត្តភកិ្តកម្ពុជារបស់យើង ពួកយើងបានផ្តល់ទៅកាន់ប្រជាជនដែលរស់នៅក្នុងសហគមន៍នៃលទ្ធភាពទទួលបានទឹកស្អាត និងផ្តល់កម្មវិធីអប់រំអនាម័យផ្សេងៗទៀត។ នៅថ្ងៃអនាគត ការខិតខំប្រឹងប្រែងមួយនេះនឹងនៅតែបន្តទៅមុខដើម្បីបង្កើតភាពផ្លាស់ប្តូរក្នុងសហគមន៍រស់នៅសម្រាប់សុខភាព និងអនាម័យល្អ។»
 
ចំណែកលោក Massimo Mario នាយកប្រតិបត្តិអង្គការទឹកសម្រាប់កម្ពុជានិយាយ៖ «លើកនេះគឺជាកិច្ចសហប្រតិបត្តិការទី៣ របស់អង្គការទឹកសម្រាប់កម្ពុជា ដែលមានវត្តមានចូលរួមក្នុងគម្រោងដ៏ថ្លៃថ្លាមួយនេះផងដែរ។ យើងទន្ទឹមរង់ចាំភាពជោគជ័យដែលនឹងកើតឡើងនៅក្នុងរយៈពេល២ឆ្នាំខាងមុខទៀតនៅក្នុងស្រុកជីក្រែង និងសូទ្រនិគម ដោយគម្រោងមួយនេះបានដើរព្រមគ្នាជាមួយនឹងអង្គការទឹកសម្រាប់កម្ពុជាដើម្បីសម្រេចគោលដៅទឹកស្អាត និងបង្កើនចំណេះដឹងអនាម័យនៅក្នុងប្រទេសកម្ពុជា។។»
 
ឯលោក Richard Lee ប្រធានក្រុមហ៊ុន Ngee Ann Development Pte Ltd. ក៏បានបញ្ជាក់ថា៖«ប្រព័ន្ធទឹកស្អាតនឹងលើកដម្កើងសុខភាព និងគុណភាពជីវិតប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ហើយក្រុមហ៊ុន Ngee Ann Development Pte Ltd. ក៏មានភាពសប្បាយរីករាយដែលបានចូលរួមក្នុងគម្រោង ទឹកសម្រាប់ជីវិតរយៈពេល១២ឆ្នាំកន្លងមកនេះ ដែលប្រកបទៅដោយលទ្ធផលជោគជ័យជាច្រើន។»
 
ជាចុងក្រោយ អគ្គរដ្ឋទូតសិង្ហបុរី លោកស្រី Teo Lay Cheng អះអាងថា មូលនិធិអន្តរជាតិសិង្ហបុរី និងអង្គការទឹកសម្រាប់កម្ពុជា បានសហការគ្នាយ៉ាងគួរឱ្យកត់សម្គាល់ដើម្បីផ្តល់ប្រព័ន្ធជម្រោះទឹកស្អាតប្រើប្រាប់បច្ចេកវិទ្យាដីខ្សាច់ ឬ Bio-Sand ទៅកាន់ប្រជាជននៅក្នុងស្រុកនៃខេត្តសៀមរាប និងកំពង់ស្ពឺ ដែលជាលើកដំបូងបំផុតដែលប្រជាជនមានប្រភពទឹកស្អាតប្រើប្រាស់បានក្នុងផ្ទះរបស់ពួកគេផ្ទាល់បែបនេះ៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com