ជាតិ
សង្គមជាតិ
ពលរដ្ឋព្រមចាកចេញទៅរុនតាឯកជាង៤ពាន់គ្រួសារ ផ្តើមទទួលបណ្ណសមធម៌ពីរាជរដ្ឋាភិបាល
09, Oct 2022 , 9:29 am        
រូបភាព
ពលរដ្ឋដែលមកធ្វើបណ្ណសមធម៌នៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
ពលរដ្ឋដែលមកធ្វើបណ្ណសមធម៌នៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។
សៀមរាប៖ ពលរដ្ឋជាច្រើន បានសម្រុកទៅធ្វើបណ្ណសមធម៌ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលទីនោះ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងមមាញឹករៀបចំឯកសារ និងចេញបណ្ណដល់ពលរដ្ឋដែលព្រមព្រៀងក្នុងការចាកចេញពីតំបន់ឧទ្យានអង្គរទៅរស់នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី។
 
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ លោក ថេង បញ្ញាធន បានឱ្យដឹងថា យុទ្ធនាការផ្តល់បណ្ណសមធម៌លើកទី១ដល់ពលដ្ឋ បានចំនួន ៤៥២គ្រួសារ ដែលធ្វើឡើងពីថ្ងៃទី២៩ និង៣០ ខែកញ្ញា ដោយមន្រ្តីចុះទៅធ្វើផ្ទាល់នៅភូមិរុនតាឯក។ ដោយឡែក យុទ្ធនាការលើកទី២នេះ ក្រុមការងារបានផ្លាស់មកធ្វើផ្ទាល់នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលសរុបចំនួនជាង៣ពាន់គ្រួសារបន្ថែមទៀត។ ជារួម គិតត្រឹមថ្ងៃទី៥ ខែតុលា ពលរដ្ឋជាង៤ពាន់គ្រួសារ បានចាប់ផ្តើមទទួលបានបណ្ណសមធម៌ ដែលអនុញ្ញាតឱ្យពួកគេអាចបើកប្រាក់ឧបត្ថម្ភប្រចាំខែ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលផ្តល់ជាបណ្ណក្រីក្រប្រភេទ១ដល់ពលរដ្ឋទាំងនោះ។ 


 
ការចុះធ្វើបណ្ណសមធម៌ជាទ្រុងទ្រាយធំនេះ ត្រូវបានមន្រ្តីអះអាងថា អាចនឹងរួចរាល់ប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលមន្រ្តីចំនួន៦០នាក់ សម្របសម្រួលលើការងារមួយនេះ ដោយមានទាំងបំពេញឯកសារ សម្ភាស ថតរូប និងចេញបណ្ណជូនជាដើម។ 
 
តាមការបញ្ជាក់ពីលោក ថេង បញ្ញាធន ពលរដ្ឋជាង៤ពាន់គ្រួសារនេះ គឺសម្រាប់តែអ្នកដែលបានទៅជួបជាមួយសម្ដេច ហ៊ុន សែន នៅរុនតាឯកទាំងពីរលើកតែប៉ុណ្ណោះ ដោយឡែកពលរដ្ឋដែលទើបស្ម័គ្រចិត្តក្រោយៗទៀត មិនទាន់រាប់បញ្ចូលទេ គឺអាចនៅវគ្គបន្ទាប់តាមគោលការណ៍ណែនាំ។ មន្រ្តីរូបនេះស្នើឱ្យពលរដ្ឋចូលរួមចូលរួមសហការ ដោយមិនត្រូវប្រជ្រៀតគ្នា ឬដណ្ដើមគ្នារុលចង់បានមុនឡើយ ដ្បិតថាពួកគាត់អាចទទួលបានបណ្ណនេះគ្រប់ៗគ្នា។ 
 
ជាមួយគ្នានេះ លោក ថេង បញ្ញាធន ក៏បានណែនាំដល់ពលរដ្ឋដែលមិនទាន់ធ្វើ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បង្កាត់ដៃទីតាំងដីឡូតិ៍ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៕



Tag:
 បណ្ណសមធម៌
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com