ជាតិ
កំពង់ផែទេសចរណ៍អន្តរជាតិតម្លៃជាង ៩លានដុល្លារក្នុងខេត្តកំពត នឹងបើកដំណើរការឆាប់ៗនេះ
09, Oct 2022 , 2:59 pm        
រូបភាព
កំពង់ផែទេសចរណ៍អន្តរជាតិស្ថិតក្នុងខេត្តកំពត ដែលមានតម្លៃជាង ៩លានដុល្លារអាម៉េរិក។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែទេសចរណ៍អន្តរជាតិស្ថិតក្នុងខេត្តកំពត ដែលមានតម្លៃជាង ៩លានដុល្លារអាម៉េរិក។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ:
កំពង់ផែទេសចរណ៍អន្តរជាតិតម្លៃជាង ៩លានដុល្លារអាម៉េរិក នៅខេត្តកំពត បានបញ្ចប់ការសាងសង់ជាផ្លូវការកាលពីថ្ងៃទី៣០ ខែមិថុនា។ យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់សម្ពោធកំពង់ផែនេះជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ដើម្បីទទួលទេសចរអន្តរជាតិ ជាពិសេសទេសចរពីប្រទេសវៀតណាម និងប្រទេសថៃ។

 
កំពង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពត ជាច្រកទ្វារអន្តរជាតិផ្លូវទឹកមួយ យ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទេសចរ ទៅកាន់បណ្ដាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ពិភពលោក។ កំពង់ផែនេះជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់ទាក់ទាញទេសចរជាតិឱ្យមកកម្ពុជា។
 
យ៉ាងណាមិញ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក  ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចុះពិនិត្យកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត កាលពីថ្ងៃទី ៧តុលា ដើម្បីពិនិត្យពីការបើកទទួលទេសចរជាផ្លូវការក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះអន្តរក្រសួងក៏កំពុង ស្វែងរកដៃគូរអភិវឌ្ឍបន្ថែម មុននឹងបើកដំណើរការកំពង់ផែជាផ្លូវការ។
 
សូមជម្រាបថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ ៤ហិកតា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨សីហា ឆ្នាំ២០១៨  ដោយប្រើប្រាស់ថវិកាសាងសង់សរុប ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលកម្ពុជា៕
 

 រូបភាព៖ ក្រសួងសារធារណការ និងដឹកជញ្ជូន

 

Tag:
 កំពង់ផែទេសចរណ៍អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com