រថយន្ត
អន្តរជាតិ
កំណើននៃការដំឡើង​យានយន្ត និង​ការលក់ចេញក្នុងតំបន់អាស៊ាននា​៨ខែ​ដំបូង​ឆ្នាំនេះ
07, Nov 2022 , 7:39 pm        
រូបភាព
រោងចក្រដំឡើង​រថយន្តនៅ​ថៃ។ រូបថត Asean Briefing
រោងចក្រដំឡើង​រថយន្តនៅ​ថៃ។ រូបថត Asean Briefing
ដោយ: ធីតា
យានយន្តប្រមាណ ២,៨០៤គ្រឿង ត្រូវបាន​ដំឡើងនៅអាស៊ាន នា​ឆ្នាំ​២០២២នេះ ដោយ​គិត​ត្រឹម​ចុង​ខែសីហា។ តួលេខនេះ មាន​កំណើន ២៨,​២ភាគរយ ខណៈ​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន មាន​ចំនួន​២,១៨៨គ្រឿង។
 
ទិន្នន័យ​របស់​សហព័ន្ធយានយន្តអាស៊ាន (AAF) ដែល​ដកស្រង់ដោយ​សារព័ត៌មាន​ហ្វីលីពីន The Philippine Star ប្រមូល​បាន​ពីទីផ្សារ​ធំចំនួន​៧ គឺ​ហ្វីលីពីន, ថៃ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងមីយ៉ាន់ម៉ា។
 
ចំនួនរថយន្តដែល​ដំឡើង​នៅ​ហ្វីលពីនពី​ខែមករា ដល់​ខែសីហា មាន ៥៤ ៩១៨គ្រឿង ពោលគឺកើនឡើង​តិចតួច បើ​ប្រៀប​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន​៥៤ ៥៥១គ្រឿង។
 
បណ្តា​ប្រទេសអាស៊ាន​ដទៃទៀត ដែល​ស្ថិតក្រោម​ការ​តាមដាន​របស់ AAF មាន​កំណើន​ផលិត​កម្ម​យានយន្តខ្ទង់ពីរ​លេខ និង​បីលេខ ដោយក្នុងនោះ មីយ៉ាន់ម៉ា កើនយ៉ាងលឿន​រហ័ស​ដល់​ទៅ ១៩២,៧ភាគរយ។
 
ទិន្នន័យ​ដដែល ក៏​​បាន​បង្ហាញផង​ដែរ​ថា ម៉ាឡេស៊ី កើន ៧០,​៣ភាគរយ, វៀតណាម កើន ៤៣,៦ភាគរយ, ឥណ្ឌូណេស៊ី កើន ៣៣,២ភាគរយ និង​ថៃ កើន​ចំនួន​១៤,៤ភាគរយ។
 
ចំណែក​ឯការលក់​យានយន្តវិញ ទីផ្សារសក្តានុពលនៅអាស៊ាន កើន​ ៣១,៣ភាគរយ ដែលស្មើនឹង​ ២,២០៦លាន​គ្រឿង ចន្លោះ​ខែ​មករា ដល់​ខែសីហា។ 
 
ហ្វីលីពីន លក់​ចេញ​បាន​ ២១២ ៨៧២គ្រឿង នារយៈពេល​៨​ខែដំបូង​ ពោលគឺ​កើន ២៥,១ភាគរយ ក្នុងរយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១។ ចំណែក​ឯ ម៉ាឡេស៊ី មានកំណើន​ខ្ពស់ជាងគេ ដោយមាន​៦២,៩ភាគរយ។
 
នា​៨ខែ​ដំបូង​ឆ្នាំ​២០២២នេះ​ផងដែរ វៀតណាម មាន​កំណើន​លក់​យានយន្ត​ ៤៩,​៩ភាគរយ, ថៃ កើន ២៦,១ភាគរយ និង​ឥណ្ឌូណេស៊ី កើន២១,១ភាគរយ។​ ផ្ទុយទៅ​វិញ សិង្ហបុរី និងមីយ៉ាន់ម៉ា បែរជាមាន​ការលក់​ធ្លាក់​ចុះ រហូត​ដល់ទៅ​ជិត​៣២ភាគរយ។ 
 
ដូចគ្នាផងដែរ ផលិត​កម្ម​ម៉ូតូ និង Scooters ក៏ដូចជា​ការ​លក់ចេញ សុទ្ធតែមាន​កំណើន​នៅទីផ្សារទាំង៦ក្នុង​តំបន់។ ផលិត​ផល​សរុប​នា៨​ខែ កើន​១៤,៣ភាគរយ (២,៣លានគ្រឿង) រីឯលក់​ចេញ កើន១៦,៣ភាគរយ (២,៦៨ភាគរយ)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com