ជាតិ
ព្រះភក្ដ្រអប្សរា ដែលរបេះធ្លាក់ នៅប្រាសាទតាព្រហ្ម នឹងបិតភ្ជាប់វិញ ក្រោយផុតរដូវភ្លៀង
11, Oct 2022 , 3:39 pm        
រូបភាព
ភ្នំពេញ៖ ទេសចរមានការភ្ញាក់ផ្អើល នៅពេលប្រទះឃើញអប្សរាបាត់ព្រះភក្រ្ត នៅប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប។ យ៉ាងណាមិញ ព្រះភក្រ្តរបស់អប្សរា មិនបានបាត់បង់ ឬត្រូវបានជនខិលខូចណាលួចឡើយ។


លោក ឡុង កុសល អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា ព្រះភក្រ្តនោះ បានរបេះធ្លាក់កាលពីចុងខែកញ្ញាកន្លងមក។ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានយកព្រះភក្រ្តនេះទៅរក្សាទុក និងរងចាំពេលវេលាសមស្រប ដើម្បីបិតវិញ។ 


 
លោកបានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ថា៖« ដោយសារភ្លៀងច្រើនពេក វាទទឹក វាសើមជោគគ្រប់ពេលគ្រប់វេលា។ អ៊ីចឹងយើងមិនអាចបិតវិញបានទេ តែនៅពេលមេឃក្តៅ ក្រុមការងារនឹងភ្ជាប់ទៅវិញ»។
 
លោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទតាព្រហ្ម លើកឡើងថា តាមការវាយតម្លៃ ផ្ទៃមុខអប្សរានោះ គឺរបេះមកដោយខ្លួនឯង ដោយសារមានស្នាមប្រេះយូរហើយ ។ រូបអប្សរានេះ មានទីតាំងនៅជិតដើមត្រាង នាបរិវេណប្រាសាទតាព្រហ្ម។
 
លោកស្រីបន្ថែមថា ៖«តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូល ហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើវាបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់»។ 
 
បើតាមលោកស្រី នេត ស៊ីម៉ន ផ្ទាំងមុខអប្សរានោះ បានជ្រុះទើរលើឬសឈើ ហើយគ្មានបែកបាក់នោះទេ។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរអប្សរា៕
 

Tag:
 ប្រាសាទតាព្រហ្ម
  ព្រះភក្រ្តអប្សរា
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com