សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ាន
សេដ្ឋកិច្ចអាស៊ានឆ្នាំក្រោយ រងផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់របស់អាម៉េរិក និងសេដ្ឋកិច្ចចិន ធ្លាក់ចុះ
13, Nov 2022 , 8:29 pm        
រូបភាព
សេដ្ឋកិច្ច​ថៃ​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ភ្ញៀវ​ទេសចរ​ចិន​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ចិន ។ រូបភាព៖ Nikkei Asia។
សេដ្ឋកិច្ច​ថៃ​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ភ្ញៀវ​ទេសចរ​ចិន​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្លាក់​ចុះ​ក្នុង​ប្រទេស​ចិន ។ រូបភាព៖ Nikkei Asia។
ការព្យាករកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣ សម្រាប់ប្រទេសសេដ្ឋកិច្ចកំពូលទាំង ៥របស់អាស៊ាន នឹងមានការកើនឡើងប្រមាណ ៤,៣ភាគរយ ។ កំណើននេះ ក៏រងផលប៉ះពាល់ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ស្របពេលកើនឡើងអត្រាការប្រាក់នៅអាម៉េរិក។


យោងតាមការស្ទង់មតិប្រចាំត្រីមាសដែលធ្វើឡើងក្នុងខែកញ្ញា ដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) និងកាសែត Nikkei Asia នោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ កើនឡើងក្នុងរង្វង់ប្រហែល ៤,៣ភាគរយក្នុងឆ្នាំ ២០២៣ ។ តួលេខនេះ មានការធ្លាក់ចុះវិញ ក្រោយការព្យាករ កាលពីខែមិថុនា ឃើញថា មានទៅដល់ ៤,៨ភាគរយ។
 
បើតាម Nikkei Asia ប្រទេសនីមួយៗ បានព្យាករអំពីកំណើនសេដ្ឋកិច្ចខ្លួន សម្រាប់ឆ្នាំក្រោយ ដូចជា ឥណ្ឌូណេស៊ី បានធ្លាក់ចុះពី៥,១ភាគរយ ទៅ ៤,៩ភាគរយ ស្របពេលដែលម៉ាឡេស៊ី​បាន​ថយ​ចុះ​ពី ៤,៦ភាគរយមក ៤ភាគរយ និងហ្វីលីពីន​ពី ៥,៦ភាគរយទៅ ៥,៤ភាគរយ។ ទន្ទឹមនឹងនេះ សិង្ហបុរី នឹងធ្លាក់ចុះពី ៣,៥ភាគរយ មក ២,២ភាគរយ ខណៈថៃនឹងថយចុះពី៤,៤ភាគរយ មកនៅត្រឹម ៣,៧ភាគរយ ។
 
ធនាគារកណ្តាលអាមេរិក (Fed) អាចបន្តដំឡើងអត្រាការប្រាក់ទៀត ដើម្បីទប់ស្កាត់អតិផរណា ក្រោយដំឡើងអត្រាការប្រាក់៥ដងហើយ ចាប់តាំងពីរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងខែមីនា។ នៅពេលដែល Fed បានដំឡើងអត្រាការប្រាក់ ធនាគារកណ្តាលនៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន ក៏បានធ្វើការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស ។ ចំណែកសិង្ហបុរី ក៏បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុផងដែរ កាលពីខែកក្កដា ។
 
លោក Amonthep Chawla នាយកស្រាវជ្រាវនៅធនាគារ CIMB Thai បានមានប្រសាសន៍ថា ៖«ការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលដែលបណ្តាលមកពីការរឹតបន្តឹងរូបិយវត្ថុរបស់អាម៉េរិកអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំចេញរបស់ថៃ »។
 
ជាមួយគ្នានេះ អស្ថិរភាពនៃសេដ្ឋកិច្ចចិន ក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់អាស៊ីអាគ្នេយ៍ផងដែរ ដោយសារការអនុវត្តគោលនយោបាយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ (Zero Covid) ព្រមទាំងវិបត្តិ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ ​ដែលកំពុងកើតឡើងក្នុង​ប្រទេស​មួយនេះ។ បច្ចុប្បន្នចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសអាស៊ីជាច្រើន និងជាប្រភពទេសចរឈានមុខ សម្រាប់ប្រទេសមួយចំនួនផងដែរ។
 
បើតាមអ្នកសេដ្ឋកិច្ចរបស់ JCER ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន បានជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់សេដ្ឋកិច្ចថៃ សិង្ហបុរី និងម៉ាឡេស៊ី។ អ្នកសេដ្ឋកិច្ច បានមើលឃើញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ជាហានិភ័យមួយ ចំពោះសេដ្ឋកិច្ចថៃ ដោយសារប្រទេសមួយនេះ បានពឹងពាក់លើវិស័យទេសចរណ៍ខ្លាំង ជាពិសេសភ្ញៀវទេសចរមកពីប្រទេសចិន។
 
ចំពោះម៉ាឡេស៊ីវិញ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត ដោយបានរួមចំណែក ៤០ភាគរយ នៃការនាំចេញរបស់ម៉ាឡេស៊ី។ លោក Mohd Sedek Jantan ប្រធានផ្នែកស្រាវជ្រាវទ្រព្យសម្បត្តិ និងប្រឹក្សានៅ UOB Kay Hian Wealth Advisors បានឱ្យដឹងថា ការបន្ថយល្បឿននៃកំណើនសេដ្ឋកិច្ច របស់មហាអំណាចទីពីរនៃពិភពលោកនេះ នឹងមានផលវិបាកធ្ងន់ធ្ងរនៅក្នុងអាជីវកម្មមួយចំនួន នៅក្នុងប្រទេសម៉ាឡេស៊ី។ 
 
ក្រៅ​ពី​បញ្ហា​សេដ្ឋកិច្ច ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ទាក់​ទង​នឹង​តៃវ៉ាន់ ​ក៏​ជា​កង្វល់​សម្រាប់​ប្រទេស​ជិត​ខាង​របស់​ចិន​ដែរ។ 
តៃវ៉ាន់គឺជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងសម្ភារៈប្រើប្រាស់ដ៏សំខាន់របស់ហ្វីលីពីន។ លោក Ruben Carlo O. Asuncion ប្រធានសេដ្ឋវិទូនៅធនាគារ Union Bank of the Philippines បានឱ្យដឹងថា ៖« វិបត្តិច្រកសមុទ្រតៃវ៉ាន់ គឺជាហានិភ័យនៃព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ ដែលពួកយើងភាគច្រើនមានការព្រួយបារម្ភ ហើយវិបត្តិដែលអាចកើតមាននៅក្នុងប្រទេសជិតខាង នឹងបង្កឲ្យមានអតិផរណានៅក្នុងសេដ្ឋកិច្ចហ្វីលីពីន»។ 
 
សម្រាប់ឆ្នាំ ២០២២ អ្នកសេដ្ឋកិច្ចរបស់ JCER បានព្យាករថា សេដ្ឋកិច្ចប្រទេសទាំងប្រាំ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នឹងកើនឡើងជាមធ្យម ៥ភាគរយ។ ក្នុងនោះឥណ្ឌូណេស៊ីកើនឡើង ៥,១ភាគរយ, ម៉ាឡេស៊ី ៦,៩ភាគរយ, ហ្វីលីពីន ៦,៥ភាគរយ, សិង្ហបុរី ៣,៨ភាគរយ និងថៃ ២,៣ភាគរយ៕
 

Tag:
 អាស៊ាន កំណើនសេដ្ឋកិច្ច អាម៉េរិក ចិន
© រក្សាសិទ្ធិដោយ thmeythmey.com