អន្តរជាតិ
សារព័ត៌មានធំៗនៅអាម៉េរិកបាត់ចំនួន Followers ជាច្រើនលើទំព័រហ្វេសប៊ុក
12, Oct 2022 , 9:59 am        
រូបភាព
ដោយ: ធីតា
សារព័ត៌មានធំៗ នៅសហរដ្ឋអាម៉េរិក មានតួលេខធ្លាក់ចុះចំនួនអ្នកតាមដាន (Followers) នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ចាប់តាំងពីថ្ងៃទី៣ និងទី៤ ខែតុលា កន្លងមក។ នេះតាមតាមទិន្នន័យដែលវិភាគដោយ CrowdTangle។
 
ចំនួន Followers នៅលើហ្វេសប៊ុករបស់ New York Times, Washington Post, Huffington Post, The Hill, USA Today, New York Post និង Newsweek ជាដើមសុទ្ធតែមានតួលេខថយចុះយ៉ាងច្រើនសន្ធឹកសន្ធាប់។ 
 
យោងតាមការផ្សាយរបស់ Newsweek ក្រុមហ៊ុន Meta (ហ្វេសប៊ុក) បានលើកឡើងពីកិច្ចខំប្រឹងប្រែងរបស់ខ្លួនពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុងការប្រឆាំងនឹងគណនីសង្ស័យ ជាពិសេស Bot (កម្មវិធីស្វ័យប្រវតិ្ត) ប្រមាណ១,៤ពាន់លាន។ ជាមួយគ្នានេះ គណនីក្លែងក្លាយប្រមាណ ១,៦ពាន់លាន ក៏ត្រូវបានលុបចេញផងដែរក្នុងរយៈពេល៣ខែ។
 
ហ្វេសប៊ុក ក៏បានបញ្ជាក់នៅលើទំព័រ Transparency Center របស់ខ្លួនផងដែរថា៖ «គោលដៅរបស់យើងគឺដកគណនីក្លែងក្លាយឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ទាំងនេះ មានដូចជាគណនីដែលបង្កើតឡើងក្នុងចេតនាអាក្រក់ដែលបំពានគោលការណ៍របស់យើង»។
 
ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ បានលើកឡើងពីអាទិភាពរបស់ខ្លួន ក្នុងការពង្រឹងវិធានការប្រឆាំងគណនីក្លែងក្លាយដែលបង្កការឈឺចាប់ ឬគ្រោះថ្នាក់ដល់អ្នកដទៃ រួមទាំងយុទ្ធនាការឥតបានការ (Spam) នានា ដែលធ្វើឡើងក្នុងគោលបំណងរកលុយ។
 
ពីខែមេសា ដល់ខែមិថុនា ឆ្នាំនេះ ហ្វេសប៊ុកប៉ាន់ស្មានឃើញថា គណនីក្លែងក្លាយ តំណាងឲ្យប្រមាណ៥ភាគរយក្នុងចំណោមអ្នកប្រើប្រាស់សកម្មជារៀងរាល់ខែនៅទូទាំងពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com