ជាតិ
បុណ្យអុំទូក
សង្គមជាតិ
សៀមរាបគ្មានពិធីអុំទូកទេ តែមានកម្មវិធីសប្បាយជាច្រើនត្រៀមទទួលទេសចរ
15, Oct 2022 , 4:59 pm        
រូបភាព
ពិធីបុណ្យអុំទូកនៅខេត្តសៀមរាបនាពេលកន្លងមក
ពិធីបុណ្យអុំទូកនៅខេត្តសៀមរាបនាពេលកន្លងមក
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចផ្អាកកម្មវិធីបុណ្យអុំទូកនៅថ្នាក់ខេត្ត តែបន្តរៀបចំពិធីកម្សាន្តជាច្រើន ដើម្បីត្រៀមទទួលទេសចរកំឡុងពេលឈប់សម្រាកក្នុងពិធីបុណ្យជាតិមួយនេះ។
 
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់សារព័ត៌មានថ្មីៗថា ពុំមានពិធីប្រណាំងទូកងនៅថ្នាក់ខេត្តទេឆ្នាំនេះ តែរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត គ្រោងរៀបចំពិធីកម្សាន្តជាច្រើន ដើម្បីស្វាគមន៍ទេសចរមកកម្សាន្តខេត្តទេសចរមួយនេះ កំឡុងពេលឈប់សម្រាក។ តាមការបញ្ជាក់ពីលោក លី វណ្ណៈ កម្មវិធីកម្សាន្តដែលនឹងរៀបចំតាមបណ្ដោយស្ទឹងសៀមរាប និងបរិវេណសួនច្បារព្រះរាជដំណាក់ នាថ្ងៃទី៧ ដល់ទី៩ ខែវិច្ចិកា រួមមាន ផ្សារទឹក ជិះទូកកម្សាន្ត ពិព័រណ៍ តន្រ្តី និងការតុបតែងក្រុង។ល។
 
មូលហេតុនៃការផ្អាកពិធីប្រណាំងទូកនៅឆ្នាំនេះ ត្រូវបាននាយករដ្ឋបាលខេត្តពន្យល់ថា ដោយសារគ្រោះទឹកជំនន់ ពិសេសខេត្តជាប់រវល់ច្រើនក្នុងការរៀបចំពិធីចុះចែកអំណោយ និងសួរសុខទុក្ខដល់ពលរដ្ឋព្រមចាកចេញទៅរស់នៅតំបន់ថ្មី មានរុនតាឯក និងពាក់ស្នែង ហើយពេលដ៏ខ្លីខាងមុខនេះ វត្តមាន សម្ដេច ហ៊ុន សែន នឹងបន្តចុះមកខេត្តសៀមរាបទៀត។ បន្ថែមពីនេះ ខេត្តក៏ជាប់រវល់នឹងត្រៀមរៀបចំកិច្ចប្រជុំពាក់ព័ន្ធអាស៊ានមួយចំនួនទៀតផងដែរ។
 
ក្រៅពីជាប់រវល់នឹងកិច្ចរៀបចំពិធីការខាងលើហើយ ក្រុមការងារខេត្តសៀមរាប ក៏រវល់ចុះជួយស្ដារវិស័យកសិកម្មឡើងវិញផងដែរ ក្រោយប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកចំនួន៩ក្នុងខេត្តមួយនេះ។ នេះជាការបញ្ជាក់របស់លោក លី វណ្ណៈ៕
 
 
 
 

Tag:
 អុំទូក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com