ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អនុវិទ្យាល័យអន្លង់ត្នោត នឹងមានជម្រាលជនពិការនៅ​ឆ្នាំក្រោយ
16, Oct 2022 , 11:29 am        
រូបភាព
ដោយ៖ព្រំ វិសាល និង ផាន់ សុកហួយ (យុវជនឃុំអន្លង់ត្នោត)​

ស្រុកក្រគរ ខេត្តពោធិ៍សាត់៖ នាយកអនុវិទ្យាល័យអន្លង់ត្នោត បញ្ជាក់ថា លោកនឹងលើកសំណើសុំថវិកាពីក្រសួងអប់រំ ដើម្បីសាងសង់ជម្រាលសម្រាប់ជនមានពិការភាព នៅក្នុងអនុវិទ្យាល័យ នៅឆ្នាំក្រោយ បើទោះពុំទាន់សិស្សានុសិស្សដែលមានពិការភាពដៃ ជើងក៏ដោយ។ បើតាម លោក ជាម ដារ៉ាវិទ្ធ ដែលជានាយកអនុវិទ្យាល័យអន្លង់ត្នោត ជម្រាលជនមានពិការភាពដែលគ្រោងសង់នេះ ​នឹង​ផ្តល់ភាពងាយស្រួលដល់សិស្ស នៅពេលសាលាខ្លួនមានសិស្សដែលមានពិការភាពមកសិក្សា។
 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖

 
ជម្រាលសម្រាប់ជនមានពិការភាព នៅក្នុងអនុវិទ្យាល័យ អន្លង់ត្នោត ដែលស្ថិតក្នុងភូមិថ្កោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់  នឹងត្រូវសាងសង់នៅក្នុងឆ្នាំសិក្សាក្រោយ។ នេះជាការបញ្ជាក់របស់លោក លោក ជាម ដារ៉ាវិទ្ធ ជានាយកអនុវិទ្យាល័យអន្លង់ត្នោត​។ លោក ជាម ដារ៉ាវិទ្ធ ពន្យល់ថា៖​«​គម្រោងនេះ យើងបានគិត ២-៣ឆ្នាំមកហើយ ប៉ុន្តែដែលសំខាន់ គឺយើងអត់មានថវិកា។ ហើយបើយើងចង់ធ្វើគម្រោងហ្នឹង ទាល់តែយើងលើកសំណើ​ សំណើគម្រោងចាយលុយសាលាហ្នឹង គឺឆ្នាំក្រោយ។ ឆ្នាំក្រោយយើងអាចធ្វើគម្រោង(ជម្រាល)បាន។ ប៉ុន្តែកន្លែងបង្គន់អនាម័យ​ គឺយើងមានជម្រាល​ស្រេចហើយ។ វានៅលើសាបសាលាយើង អត់ទាន់មានទេ។ ហើយបើយើងធ្វើ យើងនឹងធ្វើនៅឆ្នាំក្រោយ ដោយយកថវិការដ្ឋយកមកប្រើ។ »។
 
បើតាមលោកនាយកសាលា បច្ចុប្បន្ននៅសាលាខ្លួនពុំទាន់សិស្សានុសិស្សដែលមានពិការភាពដៃ ជើងនោះទេ គឺមានតែសិស្សម្នាក់គត់ ដែលខ្សោយគំហើញ។  ទោះជាយ៉ាងនេះ ក្តីជម្រាលជនមានពិការភាពដែលគ្រោងសង់នៅឆ្នាំក្រោយនោះ នឹងរួមចំណែកផ្តល់ភាពងាយស្រួលដល់សិស្ស ប្រសិនបើអនាគត មានសិស្សដែលមានពិការភាពមកសិក្សានៅអនុវិទ្យាល័យអន្លង់ត្នោតនេះ។  លោក ជាម ដារ៉ាវិទ្ធ ជានាយកអនុវិទ្យាល័យអន្លង់ត្នោត ពន្យល់បន្ថែមដូច្នេះ៖«ប្រសិនបើមានសិស្សពិការ អត្ថប្រយោជន៍គឺមានច្រើនបំផុត គឺសិស្សងាយរុញរទេះចូល។ ប៉ុន្តែវា(សាលា)អត់ទាន់មាន អ៊ីចឹងអត់ដែលជួបផលវិបាកយ៉ាងម៉េច អត់ដឹងទេ។ »៕
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 អប់រំ
  ជម្រាលជនពិការ
  ជាម ដារ៉ាវិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com