ជាតិ
សៀមរាប៖ កន្លែងមើលថ្ងៃរះ និងថ្ងៃលិចថ្មីនៅប្រាសាទនាគព័ន្ធ
16, Oct 2022 , 8:59 pm        
រូបភាព
ទេសភាពផ្ទៃទឹក​នៃបារាយ ជុំវិញប្រាសាទនាគព័ន្ធ ដែលទេសចរអាចមើលថ្ងៃលិច ឬថ្ងៃរះ ជះចូលផ្ទៃទឹក។ រូបភាព៖ ឈន សុផាត
ទេសភាពផ្ទៃទឹក​នៃបារាយ ជុំវិញប្រាសាទនាគព័ន្ធ ដែលទេសចរអាចមើលថ្ងៃលិច ឬថ្ងៃរះ ជះចូលផ្ទៃទឹក។ រូបភាព៖ ឈន សុផាត
ដោយ:
 ទេសចរជាតិ និងអន្តរជាតិមួយចំនួន ទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ តែងចូលមើលថ្ងៃរះនៅប្រាសាទអង្គរតូច និងមើលថ្ងៃលិចនៅប្រាសាទបាខែង។ ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងរៀបចំកន្លែងមើលថ្ងៃលិច និងថ្ងៃរះថ្មី នៅប្រាសាទនាគព័ន្ធ។ ទីនោះទេសចរអាចមើលពន្លឺថ្ងៃចាំងចូលផ្ទៃទឹក ឆ្លងកាត់ដើមឈើតូចធំ។


សូមអញ្ជើញលោក អ្នកនាង កញ្ញា ទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក ង៉ោ ពេជ្រ មន្រ្តីនៃអាជ្ញាធរជាតិអប្សរាដូចតទៅ៖ 
 
 
អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាចរណ៍ប្រាសាទនាគព័ន្ធ ដើម្បីឱ្យភ្ញៀវទេសចរបានទស្សនាប្រាសាទនាគព័ន្ធគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានសាងសង់ស្ពានមួយប្រវែងជាង ៤០០ម៉ែត្រ សម្រាប់ឱ្យទេសចរដើរឆ្លងទៅប្រាសាទនាព័ន្ធ។ 
 
លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ផ្ដល់បទសម្ភាសដល់សារព័ត៌មានThmeyThmey25 ថាក្រៅពីផលិតផលទេសចរណ៍ថ្មីៗទាំងនេះ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំកន្លែងសម្រាប់ឱ្យទេសចរ អាចទស្សនាថ្ងៃលិច និងថ្ងៃរះនៅប្រាសាទនាគព័ន្ធតែម្ដង។ ការរៀបចំថ្មីនេះ នឹងអាចបញ្ចៀសភ្ញៀវទេសចរកុំឱ្យកកស្ទះនៅប្រាសាទអង្គរតូច និងប្រាសាទបាខែង។


 ​​​​ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើង នាចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះកេសូរក្នុងពុទ្ធសាសនាមហាយាន។ ប្រាសាទនាគព័ន្ធ ស្ថិតលើដីកោះមួយ ដែលមានស្រះជុំវិញចំនួន៤ និងបារាយណ៍យ៉ាងធំមួយនៅខាងក្រៅ។
 
«កន្លែងមើលថ្ងៃរះ យើងរៀបចំនៅផ្នែកខាងកើតនៃប្រាសាទនាគព័ន្ធ។ ហើយថ្ងៃលិចយើងរៀបចំនៅផ្នែកខាងលិច។ យើងចង់ឱ្យទេសចរមានជម្រើសច្រើនក្នុងការដើរកម្សាន្ត។ នៅប្រាសាទនាគព័ន្ធ យើងអាចមើលថ្ងៃលិចចេញពីព្រៃ ហើយធៀបនឹងផ្ទៃទឹកធំល្វឹងល្វើយនៃបារាយណ៍ខាងជើង។ ចំណែកថ្ងៃរះ យើងអាចមើលពីព្រៃធៀបនឹងផ្ទៃទឹកដូចគ្នា»។ នេះជាការបញ្ជាក់របស់លោក ង៉ោ ពេជ្រ។
 
យ៉ាងណា ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល អាជ្ញាធរជាតិអប្សរា បានរៀបចំផលិតផលទេសចរណ៍ច្រើនសម្រាប់ទទួលភ្ញៀវទេសចរ។ ប្រាសាទនាគព័ន្ធ បានក្លាយជាទីតាំងទេសចរណ៍ធម្មជាតិ និងវប្បធម៌ ប្រវត្តិសាស្ត្រ យ៉ាងទាក់ទាញមួយដែរក្នុងរមណីយដ្ឋានអង្គរ។
សូមជម្រាបថា រយៈពេល៩ខែនៃឆ្នាំ២០២២ ទេសចរអន្តរជាតិ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ចំនួន ១៣៤ ១៥២នាក់ ។ ចំនួនភ្ញៀវទេសចរអន្តរជាតិនេះបានធ្វើឱ្យរមណីយដ្ឋានអង្គរទទួលបានចំណូលរហូតដល់ ៥ ៣៦១ ៩២៩ដុល្លារអាម៉េរិក៕
 


 លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរ_នៃអាជ្ញាធរជាតិអប្សរា

Tag:
 ThmeyThmey25
  ទេសចរណ៍
  រមណីយដ្ឋានអង្គរ
  សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com