ជាតិ
មន្រ្តីកសិកម្ម៖ តំបន់ខ្លះនៃខេត្តកំពង់ធំចាប់ផ្ដើមដាំស្រូវឡើងវិញ ក្រោយប៉ះពាល់ដោយទឹកជំនន់
17, Oct 2022 , 8:59 pm        
រូបភាព
តំបន់ខ្លះនៃខេត្តកំពង់ធំចាប់ផ្ដើមដាំស្រូវឡើងវិញ ក្រោយប៉ះពាល់ដោយទឹកជំនន់។ រូបពី ក្រសួងធនធានទឹក និងឧតុនិយម
តំបន់ខ្លះនៃខេត្តកំពង់ធំចាប់ផ្ដើមដាំស្រូវឡើងវិញ ក្រោយប៉ះពាល់ដោយទឹកជំនន់។ រូបពី ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា មកដល់ពេលនេះ តំបន់ខ្លះនៃខេត្តកំពង់ធំ បានស្រកទឹកជាបន្តបន្ទាប់ ហើយកសិករក៏ចាប់ផ្ដើមដាំដុះស្រូវវស្សារបស់ខ្លួនឡើងវិញដែរ ក្រោយរងគ្រោះដោយទឹកជំនន់។


លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា ស្ថានភាពទឹកនៅភូមិសាស្រ្តខ្លះនៃខេត្តកំពង់ធំ ហាក់ប្រសើរឡើងវិញ ដោយអាចឱ្យកសិករបង្កបង្កើនផលស្រូវឡើងវិញបាន ចាប់ពីខែតុលានេះតទៅ។ កំពង់ធំ មានស្រូវខូចខាតដោយទឹកជំនន់ចំនួន ១២០០០ហិកតា និងស្ដារបានប្រមាណ ៤៥០០ហិកតា។ 


  ងួន រតនៈ អភិបាលខេត្តកំពង់ធំ ពិនិត្យផលប៉ះពាល់ដំណាំស្រូវពលរដ្ឋ កាលពីថ្ងៃទី១៥ ខែតុលា។ រូបពី រដ្ឋបាលខេត្តកំពង់ធំ 
 
រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរកសិកម្ម បាននាំយកគ្រាប់ពូជស្រូវស្រាល របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ដល់ជូនកសិករជិត៤ពាន់គ្រួសារ ស្មើនឹង២៤៧តោន មកពីស្រុកចំនួន៣ ដូចជាស្រុកស្ទោង សណ្ដាន់ និងប្រាសាទសំបូរ។ 
 
លោក ប៉ែន វណ្ណារិទ្ធ អះអាងថា ការផ្ដល់គ្រាប់ពូជស្រូវនៅពេលនេះ នឹងជួយជំរុញឱ្យកសិករមានលទ្ធភាពដាំដុះស្រូវឡើងវិញ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះស្បៀងអាហារ។ មិនតែប៉ុណ្ណោះ មន្ទីរកសិកម្ម ក៏បានត្រៀមគ្រាប់ពូជចែកទៅកាន់ស្រុក ឬតំបន់បន្តបន្ទាប់ទៀតផងដែរ។ 
 
លោក ប្រាប់ដូច្នេះថា៖«​កាលណាយើងបានចែកគ្រាប់ពូជ កសិករនឹងធ្វើឡើងវិញ ដើម្បីឱ្យពួកគាត់(កសិករ) បានផលស្រូវមកវិញ សម្រាប់ពួកគាត់ហូបចុក និងលក់ ផ្លាស់ប្ដូរជីវភាពគ្រួសារគាត់។ ឥឡូវនេះ ទឹកស្រកហើយ អ៊ីចឹង កសិករគាត់មានលទ្ធភាពស្ដារ»។ 
 
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា គ្រោះទឹកជំនន់ បានបង្កឱ្យលិចស្រូវ ផ្ទះ សាលារៀន មណ្ឌលសុខភាព និងផ្លូវជាដើម ដែលប៉ះពាល់ដល់មុខរបរ និងចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋ។ ចំពោះមុខ លោក ជំរុញឱ្យអាជ្ញាធរ ឬមន្រ្តីជំនាញពាក់ព័ន្ធ ចុះសិក្សាពីទំហំផលប៉ះពាល់ ដើម្បីត្រៀមជួសជុល ឬស្តារឡើងវិញបន្ទាប់ពីទឹកស្រក។ ពិសេស ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងស្ថានភាពទឹកជំនន់ និងកំណត់មុខសញ្ញាចែកពូជស្រូវ ឬពូជបន្លែបន្ថែមទៀត ដល់ពលរដ្ឋ៕ 
 
 
 
 
 
 
 
 

Tag:
 កសិកម្ម
  ស្រូវខូច
  គ្រោះធម្មជាតិ
  ទឹកជំនន់
  ខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com