ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកឃ្លាំមើលសង្គម ៖ប៉ូលិសចរាចរណ៍ខ្លះ ដែលពួនចាំផាកពិន័យពលរដ្ឋ មិនសមជាសមត្ថកិច្ចឡើយ
18, Oct 2022 , 11:09 am        
រូបភាព
ភ្នំពេញ៖ អ្នកតាមមើលព្រឹត្តិការណ៍សង្គម រិះគន់ប៉ូលិសចរាចរណ៍ខ្លះថា ពុំមានវិជ្ជាជីវៈជាសមត្ថកិច្ចឡើយ។ ពួកគេថា សមត្ថកិច្ចខ្លះ មានអាកប្បកិរិយាលាក់លៀម អំឡុងពេលអនុវត្តច្បាប់ ដោយមិនដាក់សញ្ញាសម្គាល់ឲ្យអ្នកបើកបរបានឃើញ ហើយពួនចាំស្កាត់ផាកពិន័យពលរដ្ឋទៅវិញ។
 
ការផាកពិន័យរបស់ប៉ូលិសចររាចណ៍មួយចំនួន ពិសេសការត្រួតពិនិត្យល្បឿនយានយន្ត ត្រូវបានមហាជន ក៏ដូចជាអ្នកឃ្លាំមើលសង្គម បង្ហាញភាពមិនពេញចិត្តយ៉ាងខ្លាំង ហើយឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យនិងពិចារណាកែលម្អឡើងវិញ។ 


 លោក លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ រូបពីហ្វេសប៊ុកលោក ច័ន្ទរឿន 
 
លោក យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព បានកត់សម្គាល់ឃើញថា នៅតាមផ្លូវជាតិ ពុំឃើញមានស្លាកសញ្ញាចរាចរណ៍ពេញលក្ខណៈឡើយ ខណៈកន្លែងខ្លះខូចឬបាក់ស្លាក ហើយខ្លះទៀតគ្មានស្លាកសញ្ញាតែម្ដង។ ជាពិសេសស្លាកសញ្ញាចរាចរណ៍ខ្លះ ក៏ត្រូវបានស្លាកពាណិជ្ជកម្ម ឬព្រៃឈើបាំងជិត ជាដើម។ 
 
លោក គឹមអេង ទម្លាក់កំហុសជុំវិញការល្មើសស្លាកសញ្ញាចរាចរណ៍ ជាកំហុសរបស់រដ្ឋ មិនមែនមកពលរដ្ឋឡើយ។ លោកសំអាងហេតុផលថា រដ្ឋទទួលពន្ធពីពលរដ្ឋ។ ហេតុនេះ រដ្ឋមានកាតព្វកិច្ច រៀបចំឲ្យមានស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ។ 
 
អ្នកតាមដានបញ្ហាសង្គមរូបនេះ បានរៀបរាប់ពីចំណុចកំណាត់ផ្លូវបាត់ដំបងទៅបន្ទាយមានជ័យ ដែលជាកន្លែងប៉ូលិសផាកពិន័យល្បឿន ប៉ុន្តែពុំឃើញមានស្លាកសញ្ញាពីល្បឿនបើកបរឡើយ។ លើសពីនេះ សមត្ថកិច្ចខ្លះ មិនបង្ហាញវត្តមាន និងដាក់សញ្ញាសម្គាល់ឲ្យច្បាស់លាស់ថា មានប៉ុស្តិ៍ត្រួតពិនិត្យនោះទេ។ បញ្ហានេះ លោក គឹមអេង ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ កែលម្អចំណុចទាំងនេះឡើងវិញ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម អ្នកឈឺឆ្អាលបញ្ហាសង្គមរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «បើបំពេញតួនាទីមានវិជ្ជាជីវៈ និងកែចំណុចឆ្គាំឆ្គងទាំងអស់ហ្នឹងហើយ អ្នកបើកបរនៅតែល្មើសទៀត ផាកទៅ ហើយហុចប័ណ្ណពិន័យទៅនៅកន្លែងតែម្ដងទៅ ដោយពុំបាច់ចុះទៅជួបមេណាមួយឡើយ។ ខ្ញុំសំណូមពរបែបនេះ »។ 
 
ជាទូទៅគោលការណ៍ច្បាប់នៃការផាកពិន័យ មិនមែនក្នុងគោលបំណងចង់ប្រមូលលុយពីអ្នកល្មើសច្បាប់ឡើយ គឺដើម្បីឲ្យពលរដ្ឋគោរពច្បាប់តែប៉ុណ្ណោះ។ ប៉ុន្តែទិដ្ឋភាពជាក់ស្ដែង លោក គឹមអេង សង្កេតឃើញប៉ូលិលមួយចំនួនព្យាយាមលាក់ខ្លួន ដើម្បីឆ្មក់ឃាត់អ្នកបើកបរល្មើសច្បាប់។ ដូច្នេះ លោកដាក់ការសង្ស័យថា៖ «ទង្វើររបស់សមត្ថកិច្ចដែលអនុវត្តច្បាប់ចរាចរណ៍ដោយលាក់លៀម តើចង់ឲ្យពលរដ្ឋគោរពច្បាប់ គឺចង់ឲ្យពលរដ្ឋធ្វើខុសដើម្បីបានលុយឬយ៉ាងណា»។ 
 
ជុំវិញករណីនេះ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏បានរិះគន់ដែរ ដោយប្រៀបធៀប របៀបត្រួតពិនិត្យល្បឿនយានយន្តរបស់ប៉ូលិសនៅកម្ពុជា និងអូស្រ្តាលី ដែលមានអាកប្បកិរិយាអនុវត្តច្បាប់ខុសគ្នា។ ត្រង់ចំណុចនេះ លោក ច័ន្ទរឿន បានបកស្រាយថា នៅក្នុងប្រទេសជឿនលឿន ប៉ូលិសត្រួតពិនិត្យល្បឿនលើដងផ្លូវ​ តែងប្រើប្រាស់យានយន្តរបស់អង្គភាពដោយ​មានស្លាកសញ្ញាច្បាស់លាស់ ព្រមទាំងដាក់សញ្ញាសម្គាល់ផ្ដល់ជាដំណឹង ឬព័ត៌មាន ឱ្យ​អ្នកបើកបរបានដឹងមុន ប្រមាណ៥០០ទៅ១០០០ម៉ែត្រ។ 


 លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព។ រូបពី WE Aact Cambodia
 
ប៉ុន្តែ អ្វីដែលលោក ច័ន្ទរឿន សង្កេតឃើញ នៅសង្គមកម្ពុជាវិញ គឺប៉ូលិសចរាចរណ៍ខ្មែរមួយចំនួន អនុវត្តការងារខ្វះវិជ្ជាជីវៈនិងសីលធម៌ ដែលលាក់លៀម មិនសមជាសមត្ថកិច្ចឡើយ។ លោក ច័ន្ទរឿន សរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះ៖«ហេតុនេះសូមប៉ូលិសចរាចរណ៍និងអាជ្ញាធរពាក់ព័ន្ធពិនិត្យចំណុចអវិជ្ជមាននៃការអនុវត្តច្បាប់ចរាចរណ៍ និងលើកកម្ពស់គុណតម្លៃនិងវិជ្ជាជីវៈជាអ្នកបម្រើពលរដ្ឋ»។ 
 
ជុំវិញករណីនេះ សារព័ត៌មានថ្មីៗ ពុំអាចទាក់ទង លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ដែលទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក និងលោក ថី វិសាល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ សុំការបកស្រាយតបការរិះគន់ខាងលើបានឡើយ។ 
 
ទាក់ទិននឹងអាកប្បកិរិយាមន្រ្តីចរាចរណ៍ កាលពីប៉ុន្មានថ្ងៃមុននេះ មានប៉ូលិសចរាចរណ៍ម្នាក់ បានរងវិន័យកងកម្លាំង និងបញ្ជូនទៅអប់រំណែនាំ ដោយធ្វើកិច្ចសន្យាបញ្ឈរជើង (ផ្អាកការងារ)រយៈពេល៣ខែ ដោយសារបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យ ដាក់ពលរដ្ឋដែលល្មើសច្បាប់។ 
 
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា 
មន្រ្តីដែលមានអាកប្បកិរិយាមិនគប្បី នឹងត្រូវវិន័យកងកម្លាំងតាមកំហុស ទាំងមន្រ្តីចរាចរណ៍ ឬមន្រ្តីនគរបាល។ លោកសង្កត់់ធ្ងន់ថា កន្លងមក មន្រ្តីនគរបាលទាំងអស់ ធ្លាប់ត្រូវបានណែនាំពីវិន័យកងកម្លាំង រួមទាំងការប្រើប្រាស់សម្ដីសមរម្យទៅកាន់ពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕ 
 
 

Tag:
 ចរាចរណ៍
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com