ជាតិ
ភ្នាក់ងារគណបក្ស ជាង៤០០០នាក់ ចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
19, Oct 2022 , 8:56 pm        
រូបភាព
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធបណ្តោះអាសន្ន ពីចំនួនភ្នាក់ងារគណបក្សនយោបាយ  សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី១៨ ខែតុលានេះ ភ្នាក់ងារគណបក្សសរុបមានចំនួន ៤ ៦៦៩នាក់ ក្នុងនោះស្រីមានចំនួន ១ ១២៥នាក់។


យោងតាមសេចក្តីប្រកាស របស់ គ.ជ.ប គណបក្សចំនួន៣  បានដាក់ភ្នាក់ងារសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារចំនួន ៣ ៣០៩នាក់ ក្នុងនោះស្រី ៩៤២នាក់ ទាំង២៥រាជធានី-ខេត្ត នៃ ១ ៤៥៦ឃុំ-សង្កាត់។ ចំណែក គណបក្សភ្លើងទៀន បានដាក់ភ្នាក់ងារចំនួន ១ ៣៣៦នាក់ ក្នុងនោះស្រីមានចំនួន ១៧២នាក់ ស្ថិតក្នុង២១រាជធានី-ខេត្ត នៃ ៦៣២ឃុំ-សង្កាត់។

ដោយឡែក គណបក្សរួបរួមជាតិ មានភ្នាក់ងារចំនួន ២៤នាក់ ក្នុងនោះ ស្រីមានចំនួន១១នាក់ ស្ថិតក្នុង ៤រាជធានី-ខេត្ត និង១៣ឃុំ-សង្កាត់។ គួរបញ្ជាក់ថា ការចុះឈ្មោះភ្នាក់់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ ភ្នាក់ងារគណបក្សដែលចូលរួមសង្កេតមើល នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន ដោយប្រកាន់ខ្ជាប់នយោបាយ ក្នុងដំណើរការបោះឆ្នោត៕

© រក្សាសិទ្ធិដោយ thmeythmey.com