ជាតិ
សង្គមជាតិ
រដ្ឋប្រកាសមិនយកថ្លៃតបណ្ដាញអគ្គិសនីសម្រាប់ពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក
21, Oct 2022 , 10:29 am        
រូបភាព
ការដំឡើងបង្គោលអគ្គិសនីនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ រូបភាពពីហ្វេសប៊ុក លោក ជា សុផារ៉ា
ការដំឡើងបង្គោលអគ្គិសនីនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ រូបភាពពីហ្វេសប៊ុក លោក ជា សុផារ៉ា
សៀមរាប៖ ពីពិធីសំណេះសំណាលជាមួយពលរដ្ឋជិត២ពាន់គ្រួសារ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្ដេច ហ៊ុន សែន បានប្រកាសមិនយកសេវាតបណ្ដាញអគ្គិសនីពីប្រជាពលរដ្ឋ ក្នុងតំបន់នេះឡើយ។
 
ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្ដេច ហ៊ុន សែន ប្រកាសផ្ដល់គោលនយោបាយអភិវឌ្ឍន៍ជាច្រើននៅតំបន់នោះ ក្នុងនោះមិនយកថ្លៃសេវាតបណ្ដាញអគ្គិសនីចូលទៅខ្នងផ្ទះមួយៗផងដែរ។ ការតបណ្ដាញនេះ គឺចាប់ពី៥អំពែរ ដល់១០០អំពែរ។ 
 
សម្ដេច ហ៊ុន សែន ក៏បានអរគុណដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក ក៏ដូចជាតំបន់ពាក់ស្នែង ដែលជាការរួមចំណែកដើម្បីការពារតម្លៃតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ ឱ្យគង់វង្សសម្រាប់មនុស្សជាតិ។ បើតាមសម្ដេច ហ៊ុន សែន មិនមែនតែតំបន់រមណីយដ្ឋានអង្គរទេ ដែលត្រូវរៀបចំឱ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ពោលគឺគ្រប់តំបន់ដែលចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ។
 
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរមកតំបន់អភិវឌ្ឍន៍រុនតាឯក មានចំនួនសរុប ៥,៨៦៥គ្រួសារ។ ចំនួននេះមិនគិតបញ្ចូលពីពលរដ្ឋ ៥៩៤គ្រួសារ ដែលមករស់នៅជំហានដំបូងកាលពី២ឆ្នាំមុន ពីតំបន់មាត់ស្ទឹងសៀមរាប និងដីចំណីផ្លូវសាធារណ ដែលប៉ះពាល់លើគម្រោងស្ថាបនាផ្លូវ៣៨ខ្សែឡើយ៕
 
 
 
 
 
 
 
 

Tag:
 អគ្គិសនី
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com