សៀមរាប៖ អង្គការសាលារៀនទន្សាយ បានរៀបចំសិក្ខាសាលា “សេវាការងារ និងសេវាគាំពារសង្គម សម្រាប់ជនមានពិការភាព” ដើម្បីផ្ដល់ឱកាសដល់អ្នកផ្ដល់សេវា និងអ្នកទទួលសេវា បានជួបស្វែងយល់ពីគ្នាទៅវិញទៅមក ពីលទ្ធភាពដែលជនមានពិការភាពបញ្ញា អាចទទួលបានការងារធ្វើ។
សិក្ខាសាលាដែលធ្វើនៅក្នុងសាលាបឋមសិក្សា ទៀ បាញ់-គំរូ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណង បញ្ជ្រាបដល់អាណាព្យាបាល ដែលមានកូនមានពិការភាព ស្វែងយល់ពីសេវាសង្គមមួយចំនួន ដែលកើតឡើងថ្មីៗ ពិសេសទាក់ទងនឹងការចុះឈ្មោះ ជនមានពិការភាពនៅតាមការិយាល័យរដ្ឋបាលឃុំ ហើយនេះជាកម្មវិធីថ្មីរបស់រដ្ឋាភិបាល។
លោក ញ៉ឹប ធី តំណាងអង្គការសាលារៀនទន្សាយ បានប្រាប់សារព័ត៌មានថ្មីៗថា កម្មវិធីពេញមួយថ្ងៃនេះ មានការធ្វើបទបង្ហាញ ស្ដីពីការផ្ដល់ឱកាសការងារដល់ជនមានពិការភាព និងបទពិសោធនានា ពីអង្គការ និងស្ថាប័នរដ្ឋមួយចំនួនផងដែរ ក្នុងគោលដៅជំរុញដល់ការផ្ដល់សេវាកម្ម ដល់ជនមានពិការភាព ពិសេសផ្នែកសតិបញ្ញា។
លោក ញ៉ឹប ធី បញ្ជាក់៖«យើងពិភាក្សាគ្នាដើម្បីរកឱកាសការងារ សម្រាប់ជនមានពិការភាព ពិនិត្យលើចំណុចខ្លាំងនិងចំណុចខ្សោយ របស់ជនមានពិការភាព ថាតើគាត់អាចធ្វើអ្វីបាន និងមិនអាចធ្វើអ្វីបាន។ យើងក៏ជជែកគ្នាជាមួយអ្នកផ្ដល់ឱកាសការងារ តើមានការងារអ្វីខ្លះ ដែលអាចផ្ដល់ដល់ជនមានពិការភាព»។

លោក ញ៉ឹប ធី តំណាងអង្គការសាលារៀនទន្សាយ
យ៉ាងណាក៏ដោយ សិក្ខាសាលាដែលរៀបចំដោយ អង្គការសាលារៀនទន្សាយ នៅថ្ងៃនេះផ្ដោតជាសំខាន់លើយុវជនមានពិការភាពផ្នែកសតិបញ្ញា និងអូទីសឹម។ ប៉ុន្តែជនមានពិការភាពផ្នែកផ្សេងៗទៀត កម្មវិធីដែលធ្វើនៅថ្ងៃនេះ ក៏យកចិត្តទុកដាក់ផងដែរ។
«បច្ចុប្បន្នបញ្ហាខ្សោយសតិបញ្ញា និងអូទីសឹម ជាបញ្ហាមួយធ្ងន់ធ្ងរជាងគេ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ ដល់ពួកគាត់ជាងគេ។ ប្រៀបជាមួយអ្នកមានពិការភាពផ្នែកភ្នែក គ ថ្លង់ បាត់បង់អវយវៈ និងផ្នែកផ្សេងទៀត ពួកគាត់ទទួលបានឱកាសការងារច្រើនជាងអ្នកខ្សោយសតិបញ្ញា»។ នេះជាការបន្ថែមរបស់លោក ធី។
ចំណែកឯលោក កឺក ពិនណារិទ្ធ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកពួក ក៏បានប្រាប់សារព័ត៌មានថ្មីៗដែរថា ការធ្វើសិក្ខាសាលានេះ បានជួយដល់ការគាំពារសង្គម ផ្នែកជនមានពិការភាព ដោយជួយដល់ការស្វែងរកការងារ ក៏ដូចជាសេវាគាំទ្រផ្សេងៗ។ លោកបន្ថែមថា កន្លងទៅអាជ្ញាធរស្រុកពួក បានសហការជាមួយអង្គការសាលារៀនទន្សាយ ដោយបានគាំពារដល់ជនមានពិការភាព ពិសេសផ្ដល់ការអប់រំពិសេសដល់កុមារ មានពិការផ្នែកសតិបញ្ញា។
លោក ពិនណារិទ្ធ បញ្ជាក់ថា តាំងពីឆ្នាំ២០១៥មក អាជ្ញាធរស្រុកបានគាំទ្រ និងសហការយ៉ាងល្អជាមួយអង្គការសាលារៀនទន្សាយ សម្រាប់ការអនុវត្តគម្រោងអប់រំកុមារមានពិការភាពបញ្ញា ដោយមានឃុំចំនួន៥ មានឃុំខ្នាត ឃុំពួក ឃុំយាង ឃុំសរសរស្ដម្ភ និងឃុំអធិបតី។ ហើយគម្រោងនេះ នឹងពង្រីកទៅភូមិនៅជិតឃុំទាំងនោះបន្ថែមទៀត។

លោក កឺក ពិនណារិទ្ធ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកពួក(ឈរ)
បន្ថែមពីនោះ លោកថាអាជ្ញាធរមូលដ្ឋាន បានកំពុងសហការជាមួយក្រសួងផែនការ និងក្រសួងសង្គមកិច្ច ស្រង់ទិន្នន័យជនមានពិការភាព ក៏ដូចជាធ្វើបណ្ណពិការភាពផងដែរ។ យ៉ាងណាទិន្នន័យដែលអាចទទួលបានជាក់លាក់ពីចំនួនជនមានពិការភាព ទាល់តែកិច្ចការសម្ភាសត្រូវបានចប់សព្វគ្រប់។
ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកពួករូបនេះ សង្កត់ធ្ងន់ថា ថ្មីៗនេះអាជ្ញាធរស្រុក ក៏ដូចជាការិយាល័យអប់រំស្រុក បានសហការគាំទ្រ ពង្រីកគម្រោងរបស់អង្គការសាលារៀនទន្សាយ ចំនួន១០សាលាថែមទៀត ដែលនាំឱ្យចំនួនសាលាកើនឡើងពី៥ ដល់១៥សាលារៀន។ និងចំនួនកុមារកើនពី១២៥ ដល់ ៥៧៤ នាក់ តាមផែនការដែលគ្រោងទុក។
លោកបានសំណូមពរដូច្នេះ៖«សូមអាជ្ញាធរ ជាពិសេសអ្នកទទួលបន្ទុកកិច្ចការស្រ្តី និងកុមារនៅតាមសង្កាត់ ឃុំ និងនាយកសាលា សូមពង្រឹងការយកចិត្តទុកដាក់ ស្រង់ស្ថិតិប្អូនមានពិការភាព ចូលទៅក្នុងបញ្ជីស្ថិតិជនមានពិការភាព និងឈានទៅរកការផ្ដល់បណ្ណសម្គាល់ និងដាក់ថវិកាចូលក្នុងផែនការអភិវឌ្ឍន៍សង្កាត់ និងសាលារៀនជាប្រចាំ»។
លោក ញ៉ឹប ធី ក៏បានសំណូមពរដល់អាណាព្យាបាល គ្រូបង្រៀន បុគ្គលិក និងមន្ត្រីរាជការក្នុងស្ថាប័ននានា សូមឱ្យមានការព្យាយាម និងអត់ធ្មត់ ក្នុងការងារជួយដល់កុមារមានពិការភាពបញ្ញា ព្រោះការងារនោះជាបទពិសោធថ្មី ដែលត្រូវរៀនជាបន្តបន្ទាប់។

អាណាព្យាបាលដែលមានកូនមានពិការភាពបញ្ញា និងអូទីសឹម ស្ថិតក្នុងសិក្ខាសាលា
គម្រោង “ការអប់រំសម្រាប់កុមារក្រៅសាលា” ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគោលដៅទី៤ នៃការអភិឌ្ឍប្រកបដោយនិរន្ដរភាពសម្រាប់ឆ្នាំ២០១៦-២០៣០) បានកំណត់ថា “ធានាឱ្យមានការអប់រំប្រកបដោយគុណភាពជាបដិយាប័ន្ន និងសមធម៌ ព្រមទាំងលើកកម្ពស់ឱកាសរៀនសូត្រ ពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប” បានរួមចំណែកលើកកម្ពស់ គុណភាពបង្រៀន និងរៀនតាមរយៈថ្នាក់សមាហរណកម្ម និងអប់រំបញ្ចូលគ្នា សម្រាប់កុមារពិបាកក្នុងការរៀនសូត្រ កុមារមានពិការភាពបញ្ញា ក្នុងការរៀនសូត្រ និងគម្រោងផ្ដល់វិជ្ជាជីវៈដល់យុវជនមានពិការភាពសតិបញ្ញា ឱ្យកាន់តែប្រសើរឡើង និងឱ្យមានប្រសិទ្ធភាពខ្ពស់។
គម្រោងនេះទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា និងអាជ្ញាធរសស្រុកពួក និងទទួលបានមូលនិធិគាំទ្រពីម្ចាស់ជំនួយមានដូចជាគម្រោងវ៉យ របស់អង្គការអុកហ្វាម និងអង្គការ PAFID។
តាមគម្រោង អង្គការសាលារៀនទន្សាយ នឹងជួយគាំទ្រការអប់រំកុមារក្រៅសាលាចំនួន ២៨០០នាក់ នៅទីតាំងចំនួន៤ខេត្ត ត្រូវនឹង៦ស្រុក។ ដោយឡែក ស្រុកពួក ខេត្តសៀមរាប អង្គការគ្រោងនឹងជួយកុមារចំនួន ៥៧៤នាក់ នៅក្នុងសាលារៀនចំនួន១៥សាលាបឋមសិក្សា។
ជាលទ្ធផល សព្វថ្ងៃអង្គការសាលារៀនទន្សាយ បានកំពុងគាំទ្រកុមារចំនួន ៣៩៧នាក់ ស្រី១៨៨នាក់ ក្នុងនោះកុមារទទួលបានអាហាររូបករណ៍ ជាសម្ភារសិក្សាចំនួន៣៨៤នាក់ ស្រី១៨១នាក់ និងកុមារដែលទទួលបានកង់ចំនួន១៣២នាក់ ស្រី៦៤នាក់។ យុវជនមានពិការភាពបញ្ញា ចំនួន១០នាក់ និងគាំទ្រដំណើរការថ្នាក់រៀនកុមារមានពិការភាពចំនួន៥។ អង្គការសាលារៀនទន្សាយ និងព្យាយាមបន្តសកម្មភាព ជួយកុមារក្រីក្រក្រៅសាលារៀន និងមានពិការភាពនៅឆ្នាំសិក្សាក្រោយទៀត។

រូបថតអនុស្សាវរីយ៍
តាមគម្រោងនេះ អង្គការសាលារៀនទន្សាយ និងផ្ដល់ជាអាហារូបករណ៍ដល់កុមារ ដូចជា កង់ សម្ភារសិក្សា ស្បៀង ផ្ដល់សម្ភារជំនួយដល់កុមារមានពិការភាព ដូចជារទេះ ឧបករណ៍ជំនួយស្ដាប់ និងវ៉ែនតា។ ក៏មានដែរការជួសជុលកែលម្អថ្នាក់រៀន បណ្ដុះបណ្ដាលគ្រូបង្គោល ផ្សព្វផ្សាយអំពីសិទ្ធិទទួលបានការអប់រំកុមារ និងបំបាត់ភាពរើសអើងដល់កុមារ និងយុវជនមានពិការភាពជាពិសេស៕