សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ពន្ធក្នុងសង្គ្រាមពាណិជ្ជកម្ម នាំឱ្យការនាំចេញគ្រឿងអេឡិចត្រូនិកពីចិនទៅអាម៉េរិក ធ្លាក់ចុះជាង ៦០ភាគរយ
24, Oct 2022 , 9:29 pm        
រូបភាព
រូបពី AFP ។
រូបពី AFP ។
សង្គ្រាមពាណិជ្ជកម្មបាននាំឱ្យមានការធ្លាក់ចុះ​ប្រមាណ ៦២ភាគរយនៃការនាំចូលគ្រឿងអេឡិចត្រូនិក និងផលិតផលបច្ចេកវិទ្យាពីចិនទៅកាន់អាម៉េរិកចាប់តាំងពីឆ្នាំ ២០១៨។ សង្គ្រាមពាណិជ្ជកម្មនេះបានកើតឡើងនៅពេលដែលអតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥ភាគរយលើផលិតផលអេឡិចត្រូនិកមួយចំនួនដូចជា Network servers, modems, routers, កាសឥតខ្សែ និងនាឡិកាឆ្លាតវៃពីចិន ។


ចាប់ពីពេលនោះមក ការនាំចូលរបស់អាម៉េរិកលើផលិតផលបច្ចេកវិទ្យាព័ត៌មាន និងគ្រឿងអេឡិចត្រូនិកពីចិនបានធ្លាក់ចុះ ៦២ភាគរយស្របពេលដែលការនាំចូលពីពិភពលោកមានការកើនឡើង ៦០ភាគរយក្នុងរយៈពេល៤ឆ្នាំ ។ ទន្ទឹមនឹងនេះ ម៉ិកស៊ិក និងតៃវ៉ាន់បានបង្កើនចំណែកទីផ្សាររបស់ពួកគេយ៉ាងខ្លាំងក្នុងការនាំចូលទៅអាម៉េរិក។ នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានភីតធើសាន់សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (PIIE) ចេញផ្សាយនាថ្ងៃទី ២០ តុលា ។ 
 
បើតាមរបាយការណ៍ខាងលើ ចិនមានចំណែកការនាំចូលបន្ទះឈីបទៅអាម៉េរិកចំនួន ៤៧ភាគរយ កាលពីមុនខែកក្កដា ឆ្នាំ ២០១៨ ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ៣៩ភាគរយភ្លាមៗ បន្ទាប់ពីរបាំងពន្ធគយត្រូវបានដាក់។ ជាមួយគ្នានោះ ផលិតផលបន្ទះឈីបរបស់ក្រុមហ៊ុនចិន មិនមានភាពទាក់ទាញដូចបណ្តាក្រុមហ៊ុន TSMC, Samsung ដែលកំពុងផលិតតាមប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនាំចូលរបស់អាម៉េរិកនោះទេ។ 
 
ការធ្លាក់ចុះនៃការនាំចូលគ្រឿងអេឡិចត្រូនិកទាំងនេះ បានបណ្តាលឱ្យរថយន្តដែលជាប្រភេទមួយក្នុងចំណោមឧស្សាហកម្មដែលត្រូវបានកាត់បន្ថយការផលិតឡើងវិញ ដោយសារតែកង្វះខាតបន្ទះឈីបជាសកល។ ហើយការផ្គត់ផ្គង់គ្រឿងសឺមីកុងឌុចទ័រ(Semiconductor) ក៏មានការថយចុះក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ដោយសារការបិទរោងចក្រ។ 
ទោះបីជាមានការដំឡើងពន្ធក៏ដោយ ការនាំចូលទៅអាម៉េរិកនូវឧបករណ៍ហាត់ប្រាណ និងថ្មពិលលីចូម (Lithium batteries) ពីចិនបានកើនឡើងយ៉ាងខ្លាំងដល់ទៅ៥០ភាគរយសម្រាប់ទំនិញទាំងពីរ ដោយសារជនជាតិអាម៉េរិកមានតម្រូវការខ្ពស់លើម៉ាស៊ីនហាត់ប្រាណ និងរថយន្តអគ្គិសនី។ ចំណែកផលិតផលដែលត្រូវបានលើកលែងពីពន្ធគយរបស់អាម៉េរិក រួមមានកុំព្យូទ័រយួរដៃ ម៉ូនីទ័រកុំព្យូទ័រ ទូរស័ព្ទ ម៉ាស៊ីនហ្គេម និងប្រដាប់ប្រដាក្មេងលេង។​ 
 
បើតាមសារព័ត៌មាន SCMP កាលពីដើមឆ្នាំ២០២២ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និយាយថា លោកកំពុងពិចារណាដកពន្ធមួយចំនួន ជាពិសេសចំពោះមុខការកើនឡើងនៃអតិផរណា។ ប៉ុន្តែរហូតមកដល់ពេលនេះ អាម៉េរិកបានរក្សាគោលនយោបាយនេះ តាមសំណើរបស់ធុរកិច្ចក្នុងស្រុក។ កិច្ចសម្របសម្រួលពាណិជ្ជកម្មដំណាក់កាលទី១ រវាងប្រទេសទាំងពីរបានផុតកំណត់នៅចុងឆ្នាំ ២០២១៕
 

Tag:
 សង្គ្រាមពាណិជ្ជកម្ម ចិន អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com