អន្តរជាតិ
តៃវ៉ាន់ខិតខំបង្កើនការស្តុកថាមពល ប្រឈមមុខការគំរាមពីចិន
24, Oct 2022 , 10:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ នៅថ្ងៃទី២៤ ខែតុលា បានលើកឡើងថា តៃវ៉ាន់កំពុងខិតខំបង្កើនការស្តុកថាមពល ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនក្នុងករណីមានអាសន្ន ស្របពេលចិនបង្កើនសម្ពាធផ្នែកយោធាកាន់តែខ្លាំង។


ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងតៃវ៉ាន់ និងចិន ធ្វើឱ្យតៃវ៉ាន់គិតគូរសព្វគ្រប់ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន។ លោក Tseng Wen-Sheng អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់តៃវ៉ាន់លើកឡើងថា រដ្ឋាភិបាលកំពុងបង្កើនស្តុកឧស្ម័នធម្មជាតិ និងធ្យូងថ្ម ជាប្រភពថាមពល ដើម្បីពង្រឹងការការពារខ្លួនក្នុងគ្រាអាសន្ន។ 
 
«នៅពេលវាកើតឡើង យើងត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយចំពោះការដាក់សម្ពាធក្នុងកម្រិតជាក់លាក់មួយ»។ លោក Tseng ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះក្នុងបទសម្ភាសមួយ ជាចម្លើយនៃសំណួរស្តីពីការរំពឹងទុកនាពេលអនាគត បើមានការវាយប្រហារពីរចិនបិទផ្លូវនាំចូលថាមពលរបស់តៃវ៉ាន់។ តៃវ៉ាន់ពឹងផ្អែកខ្លាំងលើការនាំចូលថាមពលរហូតដល់៩៨ភាគរយឯណោះ។ 
 
បើតាមលោក Tseng តៃវ៉ាន់នឹងសាងសង់កន្លែងស្តុកឧស្ម័នធម្មជាតិថ្មីទូទាំងកោះ ហើយក្រសួងសេដ្ឋកិច្ចកំពុងរៀបចំផែនការបង្កើនស្តុកឧស្ម័នធម្មជាតិបម្រុងទុកប្រើឱ្យបានលើសពី២០ថ្ងៃនៅឆ្នាំ២០៣០ ខណៈ បច្ចុប្បន្នស្តុកបម្រុងទុកអាចឱ្យប្រជាជនលើកោះប្រើត្រឹមរយៈ១១ថ្ងៃប៉ុណ្ណោះ។ លោក Tseng បន្ថែមថា ស្តុកធ្យូងថ្មនឹងបង្កើនឡើងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ លោក​ Tseng មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទៀតឡើយព្រោះ​ការ​ផ្សព្វផ្សាយព័ត៌មាននេះ​ជា​សាធារណៈ​មិន​ល្អ​ចំពោះ​តៃវ៉ាន់​ទេ។
 
ចិនតែងអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយប្រឆាំងនឹងកោះនេះ។ យ៉ាងណាមិញ ទីក្រុងតៃប៉ិបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ហើយតៃប៉ិប្តេជ្ញាការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនផងដែរ។
 
មកទល់ពេលនេះ ចិននៅតែរក្សាសកម្មភាពយោធារបស់ខ្លួនជុំវិញកោះតៃវ៉ាន់ តែការធ្វើសមយុទ្ធមានសភាពថមថយបន្តិច ខណៈប្រទេសនេះទើបតែបិទបញ្ចប់សមាជបក្សកុម្មុនីស្តលើកទី២០របស់ខ្លួន នៅថ្ងៃទី២២ ខែតុលា៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com