រថយន្ត
អន្តរជាតិ
វៀតណាមបង្អួត​ផលិត​ផល​រថយន្ត​របស់ខ្លួន​ក្នុងពិព័រណ៍យានយន្តពិភពលោកនៅប៉ារីស
24, Oct 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
វៀតណាម​កាន់​តែ​ពង្រីក​សក្តានុពលវិស័យ​យានយន្ត​​របស់ខ្លួន​ តាមរយៈការ​បង្ហាញ​វត្តមាន​ក្នុងពិព័រណ៍យានយន្ត​ពិភពលោក​ក្រុង​ប៉ារីស​ឆ្នាំ​២០២២ (Mondial de l’Auto 2022 à Paris) ពីថ្ងៃទី​១៨ ដល់ថ្ងៃទី​២៣ ខែ​តុលា កន្លងមក។
 
ស្ថាបនាឡើង​នៅ​ឆ្នាំ២០១៨នៅ​ក្រុង​ហាណូយ រថយន្ត​ម៉ាក VinFast ​របស់​ក្រុមហ៊ុន Vingroup ទទួល​បាននូវ​ការ​ចាប់អារម្មណ៍ខ្ពស់ ដោយ​ក្រុម​ហ៊ុនកំណត់​គោលដៅទីផ្សារអន្តរជាតិ​ធំៗជាពិសេស​អឺរ៉ុប និង​សហរដ្ឋអាម៉េរិក។


 
សម្រាប់ពិព័រណ៍ Mondial de l’Auto នៅក្រុង​ប៉ារីសនេះ VinFast មាន​ផលិតផល​រថយន្តអគ្គិសនី​​ VF6, VF7, VF8 និង VF9។ VF8 ជាប្រភេទរថយន្ត SUV បែបគ្រួសារ ដែល​គ្មាន​ការ​បំភាយ​ឧស្ម័ន ដោយ​មានជម្រើស​ពី​រគឺ​កម្លាំង​ ៨២,២គីឡូវ៉ាត់ក្នុង១ម៉ោង និង ៨៧,៧គីឡូវ៉ាត់​ក្នុង​១ម៉ោង ហើយ​អាចរត់​បាន​ចន្លោះពី​៤២០ទៅ​៤៤៧គីឡូម៉ែត្រ​ ក្រោយ​ការ​បញ្ចូល​ចរន្ត។
 
Mondial de l’Auto 2022 ត្រូវបាន​ចាត់ទុក​ជាព្រឹត្តិការណ៍​ពិព័រណ៌​រថយន្ត​ដ៏ធំជាងគេនៅ​លើ​ពិភពលោកដោយ​ឆ្នាំនេះជាព្រឹតិ្តការណ៍​លើកទី​៨៩ ហើយព្រឹត្តិការណ៍​លើកទី​៩០​នឹងប្រព្រឹត្ត​ទៅនៅ​ឆ្នាំ២០២៤។
 
សម្រាប់ឆ្នាំ​២០២២នេះ VinFast ជាក្រុមហ៊ុន​មួយ​ក្នុងចំណោម​៣​ដែលទៅពី​តំបន់អាស៊ី ខណៈក្រុមហ៊ុន​២ទៀតជា​របស់ចិន គឺ BYD និង Ora។ ម្ចាស់ផ្ទះ​បារាំង មាន​វត្តមាន​ក្រុមហ៊ុន Alpine, Devalliet, DS Automobiles, Hopium. NamX, Peugeot​ និង Renault។ ក្រៅពីនេះ មាន​ក្រុមហ៊ុន Dacia របស់រូម៉ានី, Jeep របស់អាម៉េរិក, Microlino របស់​ស្វីស និង Smart របស់អាល្លឺម៉ង់។  
 


ស្របជាមួ​យ​ការ​វិល​មក​​វិញនៃពិព័រណ៍​យានយន្ត​ក្រុង​ប៉ារីស ក្រោយ​ខក​ខាន​រយៈពេល​៤​ឆ្នាំដោយសារ​កូវីដ-១៩ ក្រុមហ៊ុន​កំពូល​ៗមួយចំនួន​ក៏​ត្រូវ​អវត្ត​មាន​ផងដែរ។ ក្រុមហ៊ុន​បារាំងដែលអវត្តមាន​មានដូចជា Citroen និង Liger។ 
 
ក្រុមហ៊ុន​ផ្សេងទៀត​ដែល​មិន​បាន​បង្ហាញខ្លួន​រួមមាន Abarth, Alfa Romeo, Aston Martin, Audi, Bentley, BMW, Cupra, Ferrari, Ford, Honda, Hyundai, Infiniti, Isuzu, Jaguar, Kia, Land Rover, Lamborghini, Lexus, Lotus, Maserati, Mercedes-Benz, Mini, Porsche, Rolls-Royce, Seat, Škoda, Tesla, Volkswagen និង Volvo ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com