រថយន្ត
អន្តរជាតិ
អ៊ីរ៉ង់អះអាងថា ការលក់ចេញផលិតផលយានយន្តខ្លួនកើនឡើង ទោះរងទណ្ឌកម្មពីអាម៉េរិក 24, Oct 2022 , 8:29 pm
× ក្រុមហ៊ុនយានយន្តធំៗនៅប្រទេសអ៊ីរ៉ង់ មានកំណើននៃការលក់ចេញផលិតផលនារយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជារដ្ឋាភិបាលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកក៏ដោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ដោយដកស្រង់តាមបណ្តាញព័ត៌មានក្នុងស្រុក នាថ្ងៃទី២៤ ខែតុលា។
Iran Khodro (IKCO), Saipa Automotive Group និង Pars Khodro ដែលជាក្រុមហ៊ុនយានយន្តដ៏ធំជាងគេនៅអីរ៉ង់ បានលក់ចេញផលិតផ្សេងៗនៃយានយន្តជិត៥៤ម៉ឺនផលិតផល នាឆមាសទីមួយនៃប្រតិទិនប្រចាំឆ្នាំរបស់អ៊ីរ៉ង់ ដោយគិតចាប់ពីថ្ងៃទី២០ ខែមីនា។
សារព័ត៌មានប្រចាំថ្ងៃអ៊ីរ៉ង់ Donya-e-Eqtesad បានរាយការណ៍ថា ផលិតផលយានយន្តដែលលក់ចេញពីរោងចក្ររបស់អ៊ីរ៉ង់ កើនឡើងចំនួន២៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ដើម្បីជម្នះលើទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ក្រុមហ៊ុនយានយន្តអ៊ីរ៉ង់ បានរៀបចំយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួននៅបណ្តាប្រទេសដទៃ ក្នុងនោះមាន វេណេស៊ុយអេឡា ដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិអស់រយៈពេលជាច្រើនទសវត្សរ៍។
កាលពីពេលថ្មីៗកន្លង ក្រុមហ៊ុន IKCO បានបើកការតាំងពិព័រណ៌នៅក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ដោយទាក់ទាញអតិថិជនទាំងផលិតផលយានយន្តអ៊ីរ៉ង់សរុបជាង៣ម៉ឺនផលិតផល។ កាលពីខែសីហា Saipa ក៏បានបង្ហាញផលិតរថយន្តអគ្គិសនីថ្មីរបស់ខ្លួន Saina S hatchaback ផងដែរ។
លោក Reza Fatemi Amin រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ បានបញ្ជាក់ថា ឧស្សាហកម្មយានយន្តអ៊ីរ៉ង់ មានសន្ទុះកើនឡើងនៅតាមផ្នែកផ្សេងៗ ជាពិសេសគឺគ្រឿងបង្គុំ គ្រឿងបន្លាស់យានយន្ត និងចំណេះដឹងមូលដ្ឋានផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com