អន្តរជាតិ
យ៉ាងហោចណាស់៥០នាក់ ស្លាប់ក្នុងការវាយឆ្មក់តាមផ្លូវអាកាសក្នុងការប្រគំតន្ត្រីមួយនៅរដ្ឋ Kachin 25, Oct 2022 , 9:59 am

យន្តហោះយោធាមីយ៉ាន់ម៉ាក្នុងសមយុទ្ធកន្លងមក។ រូបថត AFP
×![]()
មនុស្សយ៉ាងហោចណាស់៥០នាក់បានស្លាប់ក្នុងហេតុការណ៍វាយប្រហារដោយយន្តហោះនៅភាគខាងជើងប្រទេស ខណៈដែលក្រុមជនភាគតិច Kachin ជួបជុំគ្នានាការប្រគំតន្ត្រីកាលពីថ្ងៃទី២៣ ខែតុលា។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា ករណីវាយប្រហារដោយយន្តហោះចំនួន៣នៅល្ងាចថ្ងៃទី២៣ ខែតុលានៅរដ្ឋមីយ៉ាន់ម៉ាភាគខាងជើងរដ្ឋ Kachin បានសម្លាប់ប្រជាជន តារាចម្រៀងល្បីៗក្នុងតំបន់ និងព្រមទាំងមន្ត្រីមួយចំនួនរបស់កងទ័ពឯករាជ្យ Kachin (KIA) ផងដែរ។ អ្នកនាំពាក្យរបស់ KIA លោក Naw Bu និយាយថា ការវាយប្រហារបានផ្តោតលើការប្រារព្ធខួបលើកទី៦២នៃការបង្កើតអង្គការឯករាជ្យ Kachin ដែលជាបក្សនយោបាយរបស់កងទ័ពKachin ។
«ការវាយឆ្មក់តាមអាកាសគឺដោយចេតនា។ KIA/KIO ថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ។ នេះជាទង្វើដ៏អាក្រក់មួយដែលអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាមផងដែរ»។ លោក Naw បាន សង្កត់ធ្ងន់បែបនេះ។
រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលប្រឆាំងនឹងរបបយោធាបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតជនស៊ីវិល និងបានជំរុញឱ្យអង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិជួយអន្តរាគមន៍ក្នុងការបញ្ឈប់អំពើឃោរឃៅនេះជាបន្ទាន់។
ចាប់តាំងពីរដ្ឋប្រហារមក ការវាយប្រយុទ្ធនៅតែបន្តរវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធនានា ពិសេសក្រុមជនជាតិភាគតិច KIA ដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពសម្រាប់ប្រជាជន Kachin និងបានសម្តែងការគាំទ្រចំពោះការតស៊ូប្រឆាំងរបបយោធា៕
© រក្សាសិទ្ធិដោយ thmeythmey.com